មន្ដ្រី និងអ្នកតាមដានព្រឹត្តិការណ៍អាស៊ាន៖ កម្ពុជា រីកមុខមាត់លើឆាកអន្ដរជាតិ តាមរយៈការផ្ដល់អំណោយមនុស្សធម៌ ប្រឆាំងជំងឺកូវីដ-១៩


រហូតមកដល់ពេលនេះ ប្រទេសចំនួន៣ហើយ ដែលរាជរដ្ឋាភិបាលកម្ពុជា បានផ្ដល់អំណោយមនុស្សធម៌ជាសម្ភារ និងបរិក្ខាពេទ្យ ដើម្បីប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។ ការផ្ដល់អំណោយជាសម្ភារ និងបរិក្ខារពេទ្យទាំងអស់នេះ ធ្វើឡើងឡើងក្នុងនាមជាអ្នកជិតខាងល្អជួយគ្នាទៅវិញទៅមក ក្នុងគ្រាលំបាក។

ប្រទេសទាំង៣ ដែលកម្ពុជាផ្ដល់ជូននោះរួមមាន៖ សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមាតិឡាវ, សាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងប្រទេសទីម័រខាងកើត។ ក្នុងនោះប្រទេសឡាវ និងមីយ៉ាន់ម៉ា មានចំនួនប្រហែលគ្នា គឺម៉ាស់ ២លានម៉ាស ព្រមទាំងសម្ភារបរិក្ខាសម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ សរុប១២មុខ ខណៈប្រទេសទីម័រខាងកើត មានម៉ាសជាង ១លានម៉ាស និងសម្ភារបរិក្ខាចំនួន ១២មុខ។ ជំនួយជាម៉ាស និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលផ្តល់ទៅប្រទេសទាំង៣នេះ សរុបជាទឹកប្រាក់ក្នុងរង្វង់ ៥លានដុល្លារ។

ការផ្តល់ជំនួយមនុស្សធម៌សម្រាប់ប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មានការរិះគន់មួយចំនួនផងដែរ ពីសំណាក់អ្នកមាននិន្នាការប្រឆាំង។ ពួកគេបានលើកឡើងថា កម្ពុជាកំពុងជួបការលំបាក និងត្រូវការចាំបាច់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនគួរផ្តល់ជំនួយទៅឱ្យប្រទេសដទៃនោះទេ។

តែសម្រាប់សម្តេចតេជោ ហ៊ុន សែន ដែលជាអ្នកសម្រេចលើការផ្តល់ជំនួយនេះ មិនបានចាប់អារម្មណ៍នឹងការលើកឡើងនេះទេ។ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អ្វីដែលសម្តេចធ្វើ គឺជាកាយវិការមនុស្ស និងធ្វើដើម្បីជួយដល់ប្រទេសជាមិត្ត ជួយដល់មនុស្សទៅតាមលទ្ធភាពរបស់កម្ពុជា។

ការផ្តល់ជំនួយម៉ាស និងបរិក្ខារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ មិនមែនជាកាយវិការមនុស្សធម៌ថ្មីសម្រាប់សម្តេចតេជោ ហ៊ុន សែន នោះឡើយ កាលពីអំឡុងខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ គ្រាជំងឺកូវីដ-១៩ផ្ទុះឡើងដំបូង សម្តេចតេជោ ក៏បានអនុញ្ញាតឲ្យនាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក ឈ្មោះ «Westerdam» ផ្ទុកភ្ញៀវទេសចរជាង ២ពាន់នាក់ ចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុ បន្ទាប់ពីប្រទេសជាច្រើនមិនអនុញ្ញាតឲ្យចូលចត។

អ្នកតាមដានព្រឹត្តិការណ៍ពាក់ព័ន្ធអាស៊ាន និងកិច្ចការអន្ដរជាតិ សុទ្ធតែមើលឃើញថា ទំហំទឹកចិត្តរបស់មេដឹកនាំកម្ពុជា កំពុងតែលើកមុខមាត់កម្ពុជា ឲ្យកាន់តែល្បាញល្បីនៅលើឆាកអន្ដរជាតិថែមមួយកម្រិតទៀត តាមរយៈការផ្ដល់អំណោយមនុស្សធម៌ទៅកាន់ប្រទេសជាមិត្តក្នុងសមាជិកអាស៊ាន ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩។

ឯកឧត្តម គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា បានបង្ហាញនូវការយល់ឃើញថា នេះជាកាយវិការមនុស្សធម៌ដ៏គួរឲ្យគោរពមួយ ដែលកម្ពុជាក្នុងឋានៈជាប្រទេស ដែលរងគ្រោះដូចសមាជិកអាស៊ានដែរ ប៉ុន្ដែដោយទឹកចិត្តមេដឹកនាំរបស់កម្ពុជា គឺមានការទទួលខុសត្រូវខ្ពស់ សម្រាប់ប្រជាពលរដ្ឋខ្លួនឯងផង ក៏ដូចជាសម្រាប់ប្រទេសជាមិត្តផងដែរ។

ឯកឧត្តមអះអាងទៀតថា ក្នុងដំណាក់កាលនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកមុខមាត់ និងតួនាទី ក៏ដូចជាកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ ហើយកម្ពុជាបានដើរតួនាទីយ៉ាងសំខាន់ទាំងកិច្ចការតំបន់ ក៏ដូចជាកិច្ចការអន្ដរជាតិផ្សេងៗ ដែលកម្ពុជាបានរួមចំណែកឆ្លើយតប ចំពោះអ្វីដែលជាកង្វល់អន្ដរជាតិទាំងអស់នោះ។

ក្នុងបទសម្ភាសន៍ជាមួយ បណ្ដាញព័ត៌មាន ឯកឧត្តម គិន ភា បានថ្លែងយ៉ាងដូច្នេះថា «ក្នុងដំណាក់កាលនេះ យើងឃើញមុខមាត់ និងតួនាទី ក៏ដូចជាកិត្យានុភាពរបស់កម្ពុជា នៅលើឆាកអន្ដរជាតិ ហាក់ដូចមានការអភិវឌ្ឍលិចត្រដែតឡើង ហើយយើងបានដើរតួនាទីយ៉ាងសំខាន់ ទាំងកិច្ចការតំបន់ ក៏ដូចជាកិច្ចការអន្ដរជាតិផ្សេងៗ ដែលកម្ពុជាបានរួមចំណែកឆ្លើយតប ហើយយើងចាត់ទុកបញ្ហា ដែលជាកង្វល់អន្ដរជាតិទាំងអស់នោះ គឺចាំបាច់ត្រូវមានការឆ្លើយតប មិនមែនត្រឹមកម្រិតប្រទេសណានោះទេ»

ឯកឧត្តមបានបន្ដទៀតថា «ក្នុងក្របខ័ណ្ឌអាស៊ាន យើងបានដើរតួនាទីសំខាន់ ក្នុងភាពជាសមាជិករបស់អាស៊ាន យើងបានបំពេញនូវតួនាទីរបស់ខ្លួនបានយ៉ាងត្រឹមត្រូវ ហើយជាពិសេសអ្វីដែលគួរឲ្យកត់សម្គាល់ទៀតនោះ គឺកម្ពុជាបានធ្វើកិច្ចការជាច្រើន ក្នុងការសម្របសម្រួល ឲ្យមាននិយ័តភាព ឬប្រក្រតីភាពនៅក្នុងទំនាក់ទំនងរវាង អាស៊ាន-ចិន»

ជាមួយគ្នានេះ ឯកឧត្តម កៅ គឹមហួន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី ក៏បានមើលឃើញថា កាយវិការចែករំលែករបស់សម្តេចតេជោ ហ៊ុន សែន ពិតជាបានឆ្លុះបញ្ចាំងពី គោលនយោបាយប្រទេសជិតខាងល្អរបស់កម្ពុជា ហើយក៏ឆ្លុះបញ្ចាំងអំពីស្មារតីសាមគ្គីភាព ទាំងក្នុងក្របខណ្ឌទ្វេភាគី និងអាស៊ាន ដែលចូលរួមចំណែក ក្នុងដំណើរការកសាងសហគមន៍អាស៊ាន និងសមាហរណកម្មអាស៊ាន ដែលតម្រូវឲ្យមានការជួយគាំទ្រគ្នាទៅវិញទៅមក។

អ្នកជំនាញរបស់កម្ពុជាលើកិច្ចការអន្ដរជាតិរូបនេះ បានគូសបញ្ជាក់ទៀតថា យុទ្ធសាស្ត្រចែករំលែកដ៏គួរឲ្យកោតសរសើររបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី បង្ហាញឲ្យសាធារណជនទូទៅ ក៏ដូចជាប្រទេសជាមិត្ត និងពិភពលោកទាំងមូល បានយល់ច្បាស់អំពីវប្បធម៌ដ៏ប្រពៃមួយរបស់កម្ពុជា គឺវប្បធម៌នៃការចែករំលែក ដែលនឹងធ្វើឲ្យសកលលោកទាំងមូលដក់ដិត ជាប់ក្នុងការចងចាំរបស់ពួកគេ។

តាមរយៈ Facebook បេក្ខភាពអគ្គលេខាធិការអាស៊ានឆ្នាំ២០២៣ ឯកឧត្តម កៅ គឹមហួន បានអះអាងទៀតថា កាយវិការដ៏ប្រពៃ និងគួរឲ្យស្ញប់ស្ញែងបំផុតរបស់ សម្តេចតេជោ ហ៊ុន សែន គឺពិតជាចក្ខុវិស័យវែងឆ្ងាយ និងមុតស្រួច ហើយបង្ហាញឲ្យឃើញផងដែរនូវភាពជាអ្នកដឹកនាំដ៏ចាស់ទុំរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ក្នុងនាមជាប្រមុខដឹកនាំឆ្នើមជាន់ខ្ពស់ នៅក្នុងតំបន់អាស៊ាន និងពិភពលោក៕