អភិបាលខេត្តបាត់ដំបង ចុះត្រួតពិនិត្យស្ថានភាពផ្លូវក្នុងក្រុងបាត់ដំបង


បាត់ដំបង ៖ នៅរសៀលថ្ងៃ២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី០២ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបានដំបងបានអញ្ជើញដឹកនាំក្រុមការងារ ចុះត្រួតពិនិត្យស្ថានភាពផ្លូវក្នុងភូមិជាច្រើនខ្សែ ដើម្បីដាក់បញ្ចូលក្នុងការស្នើសុំថវិកាជាតិ ក្នុងការជួសជុល និងស្ដារឡើងវិញនូវផ្លូវក្នុងភូមិដែលខូចខាត និងដើម្បីចាក់កៅស៊ូប្រភេទDBST ។ជាពិសេសដើម្បីលើកសោភណភាពផ្លូវក្នុងក្រុងបាត់ដំបងឱ្យកាន់តែប្រសើរឡើង សម្រួលដល់ការប្រើប្រាស់របស់ប្រជាពលរដ្ឋ ការដឹកជញ្ជូនទំនិញ និងដើម្បីទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាខេត្តបាត់ដំបងកាន់តែច្រើន ។

គួរបញ្ជាក់ផងដែរថា ការចុះត្រួតពិនិត្យស្ថានភាពផ្លូវ ដែលគ្រោងនឹងធ្វើការស្នើថវិកាជាតិ សម្រាប់ស្ដារ ជួសជុលផ្លូវ និងចាក់កៅស៊ូប្រភេទDBST មានទីតាំងដូចជា ផ្លូវខាងលិចផ្សារបឹងរាំង ឆ្លងកាត់ភូមិបឹងរាំង ភូមិដាក់សសរ ស្ថិតក្នុងសង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង ដែលមានប្រវែង ២.៩២០ម៉ែត្រ ទទឹង៤ម៉ែត្រ និងដាក់លូកាត់ផ្លូវចំនួន៦កន្លែង ដែលមានមុខកាត់០,៨ម៉ែត្រ​​​​​​ ។ ចំពោះទីតាំង២ គឺស្ថិតក្នុងភូមិខ្សាច់ពោយ និងភូមិបល្ល័ង្ក សង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលមានប្រវែង ៧,៦៦០ម៉ែត្រ និងទទឹង៤ម៉ែត្រ ។

បន្ទាប់ពីធ្វើការត្រួតពិនិត្យស្ថានភាពផ្លូវ២ទីតាំងខាងលើរួចមកឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តបាត់ដំបង ក៏បានបន្តចុះពិនិត្យផ្លូវក្រាលកៅស៊ូប្រភេទ DBST ផ្លូវលេខ ១.៥១២ ចាប់ពីផ្លូវជាតិលេខ៥៧ ដល់ផ្លូវ Highway ស្ថិតក្នុងសង្កាត់វត្តគរ ក្រុងបាត់ដំបង ដែលទើបតែធ្វើការសាងសង់ មានប្រវែង ២.៨៤៥ម៉ែត្រ និងទទឹង៦ម៉ែត្រ ៕