ម៉ាសជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន បន្ដចែកជូនអាជីវករនៅផ្សារដើមគរ និងប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ


(ភ្នំពេញ)៖ ម៉ាសដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា តាមរយៈសាលារាជធានីភ្នំពេញ ត្រូវបានផ្ដល់ជូនគណៈកម្មការផ្សារដើមគរ ដើម្បីចែកបន្ដជូនប្រជាពលរដ្ឋ និងអាជីវករលក់ដូរនៅក្នុងផ្សារដើមគរ ដើម្បីចូលរួមការពារ និងទប់ស្កាត់ជំងឺកូវីដ-១៩ ដែលបានរីករាលដាលចូលសហគមន៍។

នៅព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០នេះ គណៈកម្មការផ្សារដើមគរ បានដឹកនាំក្រុមការងារចុះចែកជូនអាជីវករលក់ដូរនៅក្នុងផ្សារ និងប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនបានពាក់ម៉ាស។ គណៈកម្មការផ្សារដើមគរ ក៏បានក្រើនរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវតែបង្កើននូវការប្រុងប្រយ័ត្នខ្ពស់បន្ថែមទៀត ដើម្បីជៀសផុតពីជំងឺកូវីដ-១៩។

សូមជម្រាបថា សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានបញ្ចេញម៉ាសជាលើកទី២ ចំនួន២លានម៉ាស សម្រាប់ចែកជូនប្រជាពលរដ្ឋរស់នៅ រាជធានីភ្នំពេញ ១លានម៉ាស និងខេត្តសៀមរាប ១លានម៉ាស ខណៈលើកមុនសម្ដេចតេជោ បានបញ្ចេញចំនួន២លានម៉ាស ម្តងរួចមកហើយ សម្រាប់រាជធានីភ្នំពេញ។

គិតត្រឹមម៉ោង០៧៖០០ព្រឹកថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២០ នៅកម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ សរុប៣៣៥នាក់ (ស្ត្រី ៧៦នាក់ និងបុរស ២៥៩នាក់) ក្នុងនោះចំនួនអ្នកព្យាបាលជាសះស្បើយសរុបទូទាំងប្រទេស មានចំនួន ៣០៤នាក់ និងអ្នកសម្រាកព្យាបាលនៅមន្ទីរពេទ្យចំនួន ៣១នាក់៕