រដ្ឋបាលខណ្ឌចំកាមន បើកយុទ្ធនាការផ្សព្វផ្សាយ ទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍


(ភ្នំពេញ)៖ បន្ទាប់ពីទទួលបាននូវបទបញ្ជាណែនាំរបស់ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានដាក់បញ្ជាឱ្យរដ្ឋបាលខណ្ឌទាំង១៤ គោរពទៅតាមការណែនាំទាំង ១០ចំណុច ដែលបានដាក់ចេញកាលពីពេលកន្លងមក ជាពិសេសអនុសាសន៍ណែនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចបានផ្ញើសារផ្តល់ការណែនាំដល់ប្រជាពលរដ្ឋឱ្យមានការប្រុងប្រយ័ត្នខ្ពស់ និងរួមគ្នាប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌចំការមន បានបើកយុទ្ធនាការផ្សព្វផ្សាយ ដើម្បីបង្កាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។

តាមរយៈយុទ្ធនាការនេះ បានបង្ហាញឱ្យឃើញពីកម្លាំងចលករដ៏សស្រាក់សស្រាំរបស់ថ្នាក់ដឹកនាំ អាជ្ញាធរមូលដ្ឋានគ្រប់ជាន់ថ្នាក់ ដើម្បីដាស់រំលឹកដល់ប្រជាពលរដ្ឋ កុំភ្លេចស្មារតីឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច និងចូលរួមទាំងអស់គ្នា ក្នុងការប្រយុទ្ធប្រឆាំង ទប់ស្កាត់ និងការពារខ្លួន ការពារគ្រួសារ សហគមន៍ និងប្រទេសជាតិ ក្នុងគ្រាកំពុងជួបនូវជំងឺរាត្បាតដ៏កាចសាហាវមួយនេះនៅក្នុងសហគមន៍។

អនុវត្តតាមបទបញ្ជា និងអនុសាសន៍ខាងលើនេះ រដ្ឋបាលខណ្ឌចំការមន បានប្រុងប្រៀបរៀបចំចាត់ចែងកម្លាំងតាំងពីព្រឹកព្រលឹម ហើយបានបើកយុទ្ធនាការបន្តផ្សព្វផ្សាយអំពីវិធាននានារបស់ក្រសួងសុខាភិបាល និងបទបញ្ជាទាំង ១០ចំណុច របស់រដ្ឋបាលរាជធានីភ្នំពេញ ជាពិសេសអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការទប់ស្កាត់ការឆ្លងមេរោគកូវីដ-១៩ នៅក្នុងសហគមន៍រាជធានីភ្នំពេញ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ខណៈជំងឺនេះបាននឹងកំពុងរីករាលដាលចូលសហគមន៍មួយចំនួននៅភ្នំពេញ។

មុនពេលចេញក្បួនយុទ្ធនាការផ្សព្វផ្សាយនេះ លោក ថេង សុថុល អភិបាលខណ្ឌចំការមន ក៏បានក្រើនរំឮកដល់មន្រ្តីរបស់ខ្លួន ឱ្យមានការប្រុងប្រយ័ត្នជាប់ជានិច្ច រក្សាគម្លាតសង្គមយ៉ាងតិច ១.៥ម៉ែត្រ ហើយធ្វើនាំគ្នាធ្វើប្រតិបត្តិការណ៍ឱ្យបានគ្រប់ច្រកល្ហកនៅក្នុងមូលដ្ឋានសង្កាត់ទាំង៥ នៃខណ្ឌចំការមន។

បន្ថែមពីនេះ លោកក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋស្វែងយល់នូវព័ត៌មានទាក់ទិនវិធានការណ៍ការពារទប់ស្កាត់ជំងឺផ្លូវដង្ហើមមួយនេះឱ្យបានល្អិតល្អន់តាមការណែនាំរបស់ក្រសួងសុខាភិបាល នឹងរួមគ្នាឆ្លងឱ្យផុតពីគ្រាដ៏អាសន្នមួយនេះ។

យ៉ាងណាលោកអភិបាលខណ្ឌ បានបញ្ជាក់ថាយុទ្ធនាការផ្សព្វផ្សាយនេះ នឹងបន្តធ្វើជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន រហូតទទួលបានការណែនាំជាថ្មី ពីអភិបាលរាជធានីភ្នំពេញ ក្រោយពេលស្ថានភាព នៃការរីករាលដាលនៃជំងឺកូវីដ-១៩ មានភាពធូស្រាលឡើងវិញ៕