ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បើកយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅតាមក្រុង-ស្រុកនានា


ក្រុមការងារាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ រួមជាមួយរដ្ឋបាលខេត្តកំពង់ធំ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបើកយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានក្រុង-ស្រុកនានាទូទាំងខេត្ត ពិសេសគឺបានចែកជូននូវម៉ាស់ ទឹកអាកុល ជែល និងសម្ភារបរិក្ខារយ៉ាងច្រើនផងដែរ។

ឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាលក្រសួងទេសចរណ៍ ជាលេខាធិការក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានខេត្តកំពង់ធំ ក្នុងនាមតំណាងឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ បានប្រគល់ម៉ាស់ចំនួន ២,០០០ ទឹកអាកុល និងទឹកជែលចំនួន ៥២០ដប ដល់រដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក នៅក្នុងពិធីបើកយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ នៅតាមមូលដ្ឋានស្រុកទាំងពីរនេះ។

នាឱកាសនោះ ឯកឧត្តម គង់ សូលីដា បានបញ្ជាក់ថា ការប្រគល់សម្ភារៈសម្រាប់បើកយុទ្ធនាការនេះ គឺអនុវត្តតាមអនុសាសន៍ណែនាំរបស់សម្តេចតេជោនាយករដ្ឋមន្រ្តី កាលពីថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ ដែលបានណែនាំដល់រដ្ឋបាលរាជធានី-ខេត្តចុះត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់ស្តីការអនុវត្តវិធានសុវត្ថិភាពនៅតាមមូលដ្ឋានរាជធានី-ខេត្ត ក្រុង-ស្រុក-ខណ្ឌ ឃុំ-សង្កាត់ សំដៅចូលរួមការពារ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។

ឯកឧត្តម គង់ សូលីដា បានណែនាំបន្ថែមដល់ក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលស្រុកទាំងពីរ ត្រូវរួមសហការគ្នាបើកយុទ្ធនាការនេះឱ្យមានប្រសិទ្ធភាព ដើម្បីអប់រំផ្សព្វផ្សាយការយល់ដឹងជាសាធារណៈស្តីពីការអនុវត្តវិធានការ និងគោលការណ៍ណែនាំទាំងឡាយរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលក្នុងការប្រយុទ្ធប្រឆាំងការរីករាលដាលនៃជំងឺកូវីដ-១៩ ទៅដល់ប្រជាពលរដ្ឋទូទៅ ពិសេសនៅតាមគោលដៅសំខាន់ៗ ដូចជា តាមទីផ្សារ កន្លែងលក់ដូរ សាលារៀន វត្តអារាម ការជួបជុំ និងការរៀបចំពិធីបុណ្យសាសនា អាពាហ៍ពិពាហ៍ ដោយតម្រូវឱ្យពាក់ម៉ាស់ លាងសម្អាតដៃនឹងទឹកអាល់កុល ឬជែល ការរក្សាគម្លាតសុវត្ថិភាព និងគម្លាតសង្គម។
ជាងនេះទៀត រដ្ឋបាលឃុំ មេភូមិ ត្រូវចុះពិនិត្យជាប្រចាំដល់មូលដ្ឋាន ដើម្បីស្រាវជ្រាវរកប្រជាពលរដ្ឋណាដែលមានរោគសញ្ញាមិនប្រក្រតី ដើម្បីនាំគាត់មកពិនិត្យសុខភាពនៅតាមមណ្ឌលសុខភាព។

ឯកឧត្តម គង់ សូលីដា ក៏បានរំលឹកពីការណែនាំរបស់ឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលដែលបានណែនាំដល់ក្រុមការងារ រដ្ឋបាលខេត្ត ក្រុង-ស្រុក អនុវត្តយុទ្ធនាការនេះជាប់ជាប្រចាំ និងដូចភ្លៀងរលឹម។ ករណីមូលដ្ឋានអាជីវកម្មណាមិនអនុវត្តតាមវិធានសុវត្ថិភាព និងគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល គឺរដ្ឋបាលស្រុកមានសិទ្ធិរាយការណ៍សុំយោបល់ពីអភិបាលខេត្ត ដើម្បីបិទអាជីវកម្មនោះជាបណ្តោះអាសន្ន។

សូមរំលឹកថា កន្លងមក អនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្រសួងទេសចរណ៍បានដាក់ចេញវិធានសុវត្ថិភាពទេសចរណ៍សម្រាប់សេវាកម្មចំនួន ៧ ដូចជា ភោជនីយដ្ឋាន និងអាហារដ្ឋានទេសចរណ៍ សេវាកម្មស្នាក់នៅទេសចរណ៍ ដឹកជញ្ជូនទេសចរណ៍ផ្លូវទឹក-ផ្លូវគោក ការីទេសចរណ៍ក្នុងស្រុក រមណីយដ្ឋានទេសចរណ៍ និងសហគមន៍ទេសចរណ៍។ ក្រសួងក៏បានបែងចែកថ្នាក់ដឹកនាំ សហការជាមួយរដ្ឋបាលរាជធានី-ខេត្ត ដែលមានមន្ទីរទេសចរណ៍ជាសេនាធិការ ចុះត្រួតពិនិត្យជាប្រចាំពីការអនុវត្តវិធានសុវត្ថិភាពទេសចរណ៍នៅតាមមូលដ្ឋានអាជីវកម្មទេសចរណ៍ និងគោលដៅទេសចរណ៍សំខាន់ៗ (រមណីយដ្ឋាន សហគមន៍ទេសចរណ៍)។

ដោយឡែក ក្នុងយុទ្ធនាការនេះក្រុមការងាររាជរដ្ឋាភិបាល និងរដ្ឋបាលខេត្ត ក្រុង-ស្រុក នឹងចុះពិនិត្យបន្ថែមទៅលើមូលដ្ឋានអាជីវកម្មមួយចំនួនទៀត ដូចជា តាមទីផ្សារ កន្លែងលក់ដូរ សាលារៀន វត្តអារាម ការជួបជុំ និងការរៀបចំពិធីបុណ្យសាសនា អាពាហ៍ពិពាហ៍។

លោក ហាក់ ម៉ុងហួត អភិបាលស្រុកតាំងគោក បានបញ្ជាក់បន្ថែមដែរថា នៅក្នុងសកម្មភាពចុះយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ខាងលើនេះ លោកបានចូលរួមដឹកនាំក្រុមការងារ និងយុវជនដែលប្រដាប់ដោយសម្ភារៈការពារគ្រប់គ្រាន់ ចុះអប់រំផ្សព្វផ្សាយជារឿយៗដល់ប្រជាពលរដ្ឋមូលដ្ឋាន ដូចជានៅកន្លែងលក់ដូរ អាជីវកម្ម ផ្សារ វត្តអារាម កន្លែងប្ដូរប្រាក់ និងមានម៉ូតូកង់បីចាក់មេក្រូជិះផ្សព្វផ្សាយតាមភូមិផងដែរ។

លោកថា ក្រុមការងារម្នាក់ៗតែងប្រកាន់នូវស្មារតីការពារខ្លួន ដូចជាការពាក់ម៉ាស់ ដាក់ទឹកអាល់កុល ឬជែលតាមខ្លួន ពាក់ស្រោមដៃ រក្សាគម្លាតពីគ្នាជាដើម។

សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន ក៏ធ្លាប់បានណែនាំយ៉ាងម៉ឺងម៉ាត់អំពីការចូលរួមអនុវត្តប្រកបដោយការ ទទួលខុសត្រូវខ្ពស់ក្នុងយុទ្ធនាការពិសេសមួយនេះ ដែលជាការសំខាន់ និងចាំបាច់ណាស់។ យុទ្ធនាការនេះត្រូវតែចាប់ផ្តើមពីឥលូវនេះទៅ ដោយតម្រូវឱ្យមានការអប់រំពន្យល់នូវខ្លឹមសារថ្មីៗ បន្ថែមរបស់ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ធំ សហការជាមួយក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ នឹងបន្តយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងការឆ្លងជំងឺកូវីដ-១៩ នេះជាប់ជាប្រចាំ៕