សម្តេចតេជោ ហ៊ុន សែន បង្ហាញអ្នកអាទិភាពគួរចាក់វ៉ាក់សាំងកូវីដ១៩ មុនគេ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ចេញសារសំឡេងពិសេសមួយ បង្ហាញពីជនអាទិភាពមួយចំនួន ដែលត្រូវចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩មុនគេ។

យោងតាមសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន បានផ្តល់យោបល់លើជនជាមុខសញ្ញាក្នុងស្ថាប័នសំខាន់ៗមួយចំនួន ដែលគួរចាក់វ៉ាក់សាំងដំបូងគេនោះរួមមាន៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានបន្ថែមថា ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ក៏ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក៏បានចង្អុលបង្ហាញជនជាមុខព្រួញដែលគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុង ដំណាក់កាលទីពីរផងដែរ។ បើតាមសម្តេចតេជោ ហ៊ុន សែន ជនដែលគួរទទួលបានវ៉ាក់សាំងនៅដំណាក់កាលទីពីរ គួរជានិស្សិតរៀនតាមមហាវិទ្យាល័យទាំងរដ្ឋ និងឯកជន អ្នករៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មករសំណង់ជាដើម។

ក្នុងសារសំឡេងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ដែរថា សម្តេចបានចង្អុលឱ្យឧបនាយករដ្ឋមន្ត្រី អូនព័ន្ធ មុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាល គិតគូរសាងសង់កន្លែងសម្រាប់ស្តុកវ៉ាក់សាំងទាំងនេះផងដែរ។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នៅល្ងាចថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ ទិញវ៉ាក់សាំងយកមកចាក់ ជូនប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញ លក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»។

សម្តេចតេជោ ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់។

បើទោះពីជាយ៉ាងណាក្រោយពេលបង្ហាញព័ត៌មានពីគម្រោងទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះ មានសប្បុរសជនជាឧកញ៉ា អ្នកឧកញ៉ាល្បីៗនៅកម្ពុជា បានស្ម័គ្រចិត្តបរិច្ចាគថវិកាជូនសម្តេចតេជោ បានប្រមាណជា ១៣លានដុល្លារអាមេរិកហើយ៕