សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណអ្នកឧកញ៉ា គិត ម៉េង ដែលបានបរិច្ចាគថវិកា ៣លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០នេះ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ អ្នកឧកញ៉ា គិត ម៉េង អគ្គនាយកក្រុមហ៊ុន Royal Group និងលោកជំទាវ ម៉ៅ ចំណាន ដែលបានបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ទុកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ នេះបើយោងតាមលិខិតថ្លែងអំណរគុណរបស់សម្តេចតេជោ ហ៊ុន សែន ផ្ញើជូនលោកអ្នកឧកញ៉ា គិត ម៉េង។

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា «ខ្ញុំសូមកោតសរសើរដោយស្មោះចំពោះអ្នកឧកញ៉ា និងលោកជំទាវ ដែលតែងតែរវៀសរវៃបរិច្ចាគនូវជំនួយដ៏ថ្លៃថ្លា និងឆាប់រហ័សដល់រាជរដ្ឋាភិបាល ដើម្បីជួយសម្រាលការលំបាកនៅក្នុងគ្រប់គ្រាមានអាសន្ន។

វិភាគទានជាទឹកប្រាក់ចំនួន ៣ ០០០ ០០០ (បីលាន) ដុល្លារអាមេរិក ដែលអ្នកឧកញ៉ា និងលោកជំទាវ ផ្តល់មកនាពេលនេះ ពិតជាមានតម្លៃហើយនឹងត្រូវបានប្រើប្រាស់សម្រាប់ការទិញវ៉ាក់សាំងទប់ស្កាត់ជំងឺកូវីដ១៩ ដើម្បីការពារអាយុជីវិតប្រជាជនកម្ពុជា។

សូមអ្នកឧកញ៉ា និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ បានជួបប្រទះតែនឹងពុទ្ធពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើង»។

សូមបញ្ជាក់ថា នៅល្ងាចថ្ងៃនេះអ្នកឧកញ៉ា គិត ម៉េង បានប្រកាសបរិច្ចាគថវិកា៣លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញវ៉ាក់សាំងកូវីដ១៩។ ការប្រកាសនេះ កើតឡើងភ្លាមៗ ក្រោយសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការត្រៀមបម្រុងថវិកាសម្រាប់ទិញវ៉ាក់សាំងយកមកចាក់ជូន ប្រជាជនដោយឥតគិតថ្លៃជាជំហានដំបូងចំនួន ១លានដូស ដើម្បីចាក់ប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

សម្តេចតេជោ បន្ថែមថា «ពេលនេះប្រទេសមួយចំនួនផលិតបាននិងដាក់អោយប្រើប្រាស់ហើយនឹងកំពុងបញ្ចេញលក់អោយប្រទេសនានាផងដែរ។ ល្ងាចនេះខ្ញុំបានណែនាំអោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ ពិសេសអង្គការសុខភាពពិភពលោក ដើម្បីកំណត់ថា តើយើងគួរទិញវ៉ាក់សាំងពីប្រទេសណា?»

សម្តេចតេជោ ក៏បានបញ្ជាក់ថា «ខ្ញុំបានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ការទិញ១លានដូស (មួយលានដូស) ក្នុងដំណាក់កាលដំបូងដើម្បីចាក់ជូនចំពោះអ្នកដែលធ្វើការនៅកន្លែងដែលមានហានិភ័យខ្ពស់ និងអ្នកដែលមានហានិភ័យ។ មួយលានដូសចាក់បានត្រឹមតែមនុស្ស ៥០ម៉ឺននាក់ប៉ុណ្ណោះ (ព្រោះម្នាក់ត្រូវការចាក់២ដង) ក្នុងពេលយើងមានប្រជាជន១៦លាននាក់ ទាំងចាស់ទាំងក្មេង ដែលក្នុងនោះអាចមានមនុស្សប្រមាណ១០លាននាក់ត្រូវការចាក់វ៉ាក់សាំង»

សម្តេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ក្នុងស្ថានភាពដែលកម្ពុជានៅក្រខ្វះថវិកាសម្រាប់ទិញបន្ថែម សម្តេចបានណែនាំរដ្ឋមន្ត្រីរដ្ឋមន្ត្រក្រសួងសុខាភិបាល និងរដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុឱ្យពិភាក្សាជាមួយដៃគូអភិវឌ្ឍន៍ទាំងទ្វេភាគី ទាំងពហុភាគី ដើម្បីស្វែងរកជំនួយបន្ថែមមកជួយដល់ប្រជាជន។

សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថាដៃគូអភិវឌ្ឍន៍នឹងផ្តល់ជំនួយដល់ប្រជាជន ឬយ៉ាងហោចលក់ក្នុងតម្លៃថោកសមរម្យ។ សម្តេចតេជោ ក៏បានណែនាំរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុត្រៀមថវិកាសម្រាប់ទិញ ២ ទៅ៣លានដូសថែមទៀត សម្រាប់ដំណាក់កាលបន្ទាប់៕