ក្រសួងព័ត៌មាន ឱ្យអាជ្ញាធរចាត់ការអ្នកព័ត៌មានប្រព្រឹត្តខុសច្បាប់ ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួង


ក្រសួងព័ត៌មាន បានប្រកាសផ្តល់សិទ្ធិឱ្យអាជ្ញាធរ និងម្ចាស់អាជីវកម្មទាំងឡាយចាត់វិធានការច្បាប់ទៅក្រុមអ្នកព័ត៌មាន ទាំងឡាយណា ធ្វើផ្ទុយនឹងច្បាប់វិជ្ជាជីវៈសារព័ត៌មាន ដោយមិនបាច់ជូនដំណឹងទៅក្រសួងព័ត៌មាននោះឡើយ។

ក្នុងសេចក្តីជូនដំណឹងនាថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០នេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន បានលើកឡើងថា មានអ្នកសារព័ត៌មានមួយចំនួនតូច នាកំលុងពេលនៃការរាលដាលកូវីដ១៩ បាននាំគ្នាប្រព្រឹត្តខុសវិជ្ជាជីវៈ ដោយឆ្លៀតឱកាសប្រើវិជ្ជាជីវៈ ប្រាសចាកក្រមសីលធម៌ ផ្សព្វផ្សាយព័ត៌មានមិនពិត ក្លែងបន្លំ នាំឱ្យសាធារណជនយល់ខុស និងមានការសង្ស័យលើការអនុវត្តការងារ របស់អាជ្ញាធរមានសមត្ថកិច្ច បង្កឱ្យមានភាពភ័យខ្លាច ច្របូកច្របល់ រំខានដល់ការអនុវត្តតួនាទីរបស់អាជ្ញាធរមានសមត្ថកិច្ច ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ និងការប្រកបអាជីវកម្មរបស់ប្រជាពលរដ្ឋ។

ក្នុងសេចក្តីជូនដំណឹងនេះ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានគូសបញ្ជាក់ថា «ការទទួលយកសំណូក ឬជំរិតទារប្រាក់ជាថ្នូរនឹងការមិនផ្សព្វផ្សាយ ឬលុបព័ត៌មាន ដែលជាប្រការមួយរំលោភយ៉ាងធ្ងន់ធ្ងរខាងផ្នែកវិជ្ជាជីវៈរបស់អ្នកសារព័ត៌មាន ដែលមិនអាចទទួលយកបាន»

អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ក៏បានប្រកាសដែរថា បុគ្គលណាដែលរងផលប៉ះពាល់ ដោយសារអ្នកព័ត៌មានធ្វើខុសច្បាប់ទាំងអស់នេះ គឺប្រើប្រាស់សិទ្ធិរបស់ខ្លួន និងស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចចាត់វិធានការច្បាប់ ដោយមិនចាំបាច់ជូនដំណឹងទៅក្រសួងព័ត៌មានជាមុនឡើយ។

បើទោះបីជាយ៉ាងណា អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ បានវាយតម្លៃខ្ពស់ និងកោតសរសើរស្ថាប័នសារព័ត៌មាន និងអ្នកសារព័ត៌មានភាគច្រើនលើសលប់ ដែលបានខិតខំបំពេញការងាររបស់ខ្លួនប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈក្នុងការយកព័ត៌មាន និងផ្សព្វផ្សាយព័ត៌មានពិតជូនសាធារណជន និងរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្នុងការចាត់វិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺរាតត្បាត ដើម្បីសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋ និងការអភិវឌ្ឍរបស់ប្រទេសជាតិ៕