ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា បើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ


(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានបើកកិច្ចប្រជុំត្រួតពិនិត្យ ការអនុវត្តបទបញ្ជារបស់រាជរដ្ឋាភិបាល ដើម្បីទប់ស្កាត់និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។

ដំណើរការកិច្ចប្រជុំនេះ ប្រើប្រាស់តាមមធ្យោបាយប្រព័ន្ធសន្និសីទវីដេអូ និងតាមប្រព័ន្ធ ZOOM ពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ទៅកាន់បណ្តាបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចំនួន២៤ខេត្ត។

អនុវត្តតាមសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលលេខ ១២៧ ស.ស.រ. ចុះថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៦ ស្តីពីការបង្កើតគណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ។ គណៈកម្មការជាតិ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តធ្វើការអប់រំផ្សព្វផ្សាយច្បាប់ បទដ្ឋានគតិយុត្ត បទបញ្ជាពាក់ព័ន្ធនឹងធនធានធម្មជាតិ ជាមួយគ្នានោះបានពង្រឹងយន្តការថ្នាក់រាជធានី ខេត្ត ប្រើប្រាស់កម្លាំងសរុបរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានី ខេត្ត ស្រុក ក្រុង ខណ្ឌ ធ្វើការទប់ស្កាត់ និងបង្ក្រាបការកាប់ព្រៃឈើ ការដឹកឈើ ការនាំចេញឈើខុសច្បាប់ ការចាប់សត្វព្រៃ ការនាំចេញសត្វព្រៃខុសច្បាប់ ការកាប់រានទន្ទ្រានយកដីរដ្ឋ និងការរុករករ៉ែដោយខុសច្បាប់។

គណៈកម្មការជាតិ បានបន្តអនុវត្តនូវភារកិច្ច ដោយបានដាក់ចេញនូវវិធានការម៉ឺងមាត់ ធ្វើការទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ៕