សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌបឹងកេងកង បន្តចែកម៉ាសដល់ពលរដ្ឋ និងធ្វើការអប់រំណែនាំពីវិធានការការពារខ្លួន ដើម្បីបង្ការ និងបញ្ជៀសពីការឆ្លងជំងឺកូវីដ-១៩


សាខាកាកបាទក្រហម រាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌបឹងកេងកង នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ បានបន្តចុះចែកម៉ាស ដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ក៏ដូចជាអ្នកធ្វើដំំណើរ ព្រមទាំងអប់រំ ណែនាំ ផ្សព្វផ្សាយពីវិធានការការពារ ទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ក្នុងសហគមន៍ ក្រោយព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា»។

លោកស្រី សុិន រតនា អភិបាលរងខណ្ឌបឹងកេងកង បានឱ្យដឹងថា ដោយអនុវត្តតាមវិធានការរបស់ក្រសួងសុខាភិបាល និងសេចក្ដីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ក៏ដូចជាការណែនាំ និងយកចិត្តទុក្ខដាក់ដោយផ្ទាល់ពីសំណាក់លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង ក្នុងការបង្ការ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍។

ជាមួយគ្នានេះដែរ លោក ស៊ិន រតនា បានបន្តថា សាខាកាកបាទក្រហមកម្ពុជារាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌបឹងកេងកង រួមមាន៖ គណៈអភិបាលខណ្ឌ, អភិបាលរងខណ្ឌ, នាយក-នាយករងរដ្ឋបាលខណ្ឌ ប្រធាន-អនុប្រធានការិយាល័យចំណុះរដ្ឋបាលខណ្ឌ និងមន្ត្រីរាជការទាំងអស់ បាននឹងកំពុងចាត់ចែងវិធានការបង្ការ ទប់ស្កាត់ ដោយតម្រូវឱ្យមន្ត្រីក្នុងខណ្ឌទាំងអស់ ធ្វើការវាស់កម្ដៅ បាញ់អាល់កុលលាងដៃ និងពាក់ម៉ាស ការពារដើម្បីរង់ចាំទទួល ការផ្ដល់សេវាជូនដល់ប្រជាពលរដ្ឋដែលមកទទួលសេវាផ្សេងៗ ឬអញ្ជើញមកជួបពិភាក្សាពាក់ព័ន្ធនឹងបញ្ហាផ្សេងៗ នៅរដ្ឋបាលខណ្ឌបឹងកេងកង និងបន្តចុះចែកខិតប័ណ្ណ និងធ្វើការផ្សព្វផ្សាយយ៉ាងទូលំទូលាយដោយស្ដីពីវិធានការបង្ការការពារជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់ក្រសួងសុខាភិបាលនៅតាមគោលដៅដែលបានកំណត់ពោលគឺនៅជុំវិញ និងបរិវេណផ្សារអូឡាំពេក, សង្កាត់អូឡាំពេក, មហាវិថីព្រះសីហនុ, ជុំវិញផ្សារបឹងកេងកង, សង្កាត់បឹងកេងកងទី១ និងតាមដងមហាវិថីម៉ៅសេទុង ផងដែរ។

នាឱកាសនោះដែរ រដ្ឋបាលខណ្ឌបឹងកេងកង បានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់ និងអ្នកដំណើរតាមមធ្យោបាយនានាព្រមទាំងអ្នកបម្រើការងារនៅសាលាខណ្ឌ សាលាសង្កាត់ទាំង០៧ និងនៅតាមផ្សារលក់ដូរអីវ៉ាន់មេត្តាចូលរួមថែរក្សាអនាម័យ ខ្លួនប្រាណឱ្យបានស្អាតត្រឹមត្រូវដោយប្រើអាល់ទឹកអាល់កុល ឬជែល និងពាក់ម៉ាសការពារឱ្យបានត្រឹមត្រូវ និងជាប្រចាំហើយត្រូវរក្សាគម្លាតយ៉ាងតិច ១.៥ម៉ែត្រពីគ្នា ដោយអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល៕