ថ្នាក់ដឹកនាំ តំណាងរាស្រ្ត មន្រ្តីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសារ បន្តអវិជ្ជមានមេរោគកូវីដ១៩ ក្នុងការធ្វើតេស្តលើកទី២


សម្តេច ហេង សំរិន ប្រធានរដ្ឋសភា ថ្នាក់ដឹកនាំរដ្ឋសភា តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភាទាំងអស់ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ផង បានបន្តអវិជ្ជមានមេរោគកូវីដ១៩ ក្នុងការធ្វើតេស្តលើកទី២ កាលពីម្សិលមិញនេះ។

ឯកឧត្តម ឡេង ប៉េងឡុង អគ្គលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋសភា បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន ឱ្យដឹងថា ថ្នាក់ដឹកនាំដែលបានចូលរួមធ្វើតេស្តរកមេរោគកូវីដ១៩នេះ រួមមាន សម្តេច ហេង សំរិន, ឯកឧត្តម ងួន ញិល អនុប្រធានទី១រដ្ឋសភា លោកជំទាវ ឃួន សុដារី អនុប្រធានទី២រដ្ឋសភា, ប្រធានគណៈកម្មការទាំង១០ នៃរដ្ឋសភា, ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ , ឯកឧត្តមឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុន្នីរ័ត រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ សម្តេចចៅហ្វាវាំង គង់ សំអុល ផងដែរ។

ការធ្វើតេស្តរកមេរោគកូវីដ១៩ ទៅលើថ្នាក់ដឹកនាំ តំណាងរាស្រ្ត និងមន្រ្តីរដ្ឋសភា ព្រមទាំងក្រុមគ្រួសារនាពេលនេះ បានធ្វើឡើងបន្ទាប់ពីមានតំណាងរាស្រ្តម្នាក់ គឺ ឯកឧត្តម ឡូយ សុផាត បានប្រាស្រ័យទាក់ទងទៅនឹង ឯកឧត្តម ឆែម សាវុធ ដែលត្រូវបានរកឃើញមានផ្ទុកមេរោគកូវីដ១៩។ ទោះជាយ៉ាងនេះក្តី ក្នុងការធ្វើតេស្តទៅលើ ឯកឧត្តម ឡូយ សុផាត ក៏ទទួលបានលទ្ធផលអវិជ្ជមានកូវីដ១៩ ផងដែរ។

កម្ពុជាជាបានរកឃើញករណីឆ្លងជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ជាលើកដំបូង នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ បន្ទាប់ពីធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ លើក្រុមគ្រួសារអគ្គនាយកពន្ធនាគារកម្ពុជា រួមនឹងអ្នករស់នៅជាមួយ។ ករណីសហគមន៍នេះ បានចម្លងទៅកាន់មនុស្ស៣៦នាក់ រហូតមកដល់ពេលនេះ។

ត្រឹមម៉ោង៧ព្រឹកថ្ងៃទី០៩ ខែធ្នូនេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩សរុបចំនួន ៣៥៤នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ៣០៧នាក់ និងអ្នកកំពុងសម្រាកនៅមន្ទីរពេទ្យចំនួន ៤៧នាក់៕