អភិបាលខេត្តស្វាយរៀង ជួបប្រជុំជាមួយប្រតិភូក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីកិច្ចសហការរបស់រដ្ឋបាលខេត្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨


នាព្រឹកថ្ងៃអង្គារទី០៨ ខែធ្នូ ឆ្នាំ២០២០នេះ នៅសាលប្រជុំព្រៃបាសាក់ អគារ ខ សាលាខេត្ត ឯកឧត្ដម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង បានអញ្ជើញជួបប្រជុំជាមួយឯកឧត្ដម ប្រាក់ ងួនហុង អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីពិភាក្សាអំពីកិច្ចសហការរបស់រដ្ឋបាលខេត្តក្នុងការត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ ដែលគ្រោងនឹងរៀបចំធ្វើនៅខេត្តស្វាយរៀង នាពេលខាងមុខ។
អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ មានឯកឧត្ដមអភិបាលរងខេត្ត លោកនាយករដ្ឋបាលសាលាខេត្ត លោកអនុប្រធាននាយកដ្ឋានពិធីការ នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោកនាយក នាយករងទីចាត់ការចំណុះសាលាខេត្ត និងមន្ត្រីពាក់ព័ន្ធមួយចំនួន។
បន្ទាប់ពីបញ្ចប់កិច្ចប្រជុំពិភាក្សានេះ ឯកឧត្ដមអភិបាលខេត្ត និងឯកឧត្ដមអគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រួមនិងក្រុមការងារ ក៏បានអញ្ជើញចុះពិនិត្យទីតាំងសាលប្រជុំធំ អគារ ឃ សាលាខេត្ត ដែលត្រូវជ្រើសរើសសម្រាប់ត្រៀមរៀបចំកិច្ចប្រជុំគណៈកម្មការចម្រុះកម្ពុជា-វៀតណាម លើកទី១៨ នៅខេត្តស្វាយរៀងផងដែរ៕