អភិបាលខេត្តកណ្តាល ជំរុញអ្នកធ្វើចត្តាឡីស័កទាំងអស់ នៅស្រុកកណ្តាលស្ទឹង គោរពតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល


ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងក្រុមការងារពាក់ព័ន្ធ នារសៀលទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចុះជួបសួរសុខទុក្ខ និងពិនិត្យការអនុវត្តការធ្វើចត្តាឡីស័កដោយខ្លួនឯងរបស់ព្រះសង្ឃ និងយាយជី តាជី ដែលគង់ និងស្នាក់នៅវត្តវិហារត្រាញ់ ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។

ក្រោយបញ្ចប់ការសួសុខទុក្ខ ឯកឧត្តមអភិបាលខេត្ត ក៏បានសួរសុខទុក្ខប្រជាពលរដ្ឋនៅមណ្ឌលចត្តាឡីស័ក ស្ថិតក្នុងសាលាបឋមបឋមសិក្សាអន្លង់រមៀត ស្រុកកណ្តាលស្ទឹងផងដែរ ខណៈដែលពួកគាត់ គឺជាអ្នកប៉ះពាល់ដោយប្រយោល នឹងក្រុមគ្រួសារ លោកស្រី អៀម ធីតា ដែលមានផ្ទុកវីរុសកូវីដ-១៩ ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨ វិច្ឆិកា។

ឯកឧត្តមអភិបាលខេត្ត បានណែនាំឲ្យពលរដ្ឋបន្តរក្សាអនាម័យ និងគោរពតាមវិធានការរបស់ក្រសួងសុខាភិបាល ព្រមទាំងលើកទឹកចិត្តឲ្យពួកគាត់ ត្រូវតាំងចិត្តឱ្យបានរឹងមាំ និងហាត់ប្រាណឲ្យបានទៀងទាត់ ពិសាអាហារដែលមានវីតាមីនច្រើន ដើម្បីធ្វើឱ្យរាងកាយរឹងមាំឈ្នះអស់ជំងឺទាំងឡាយ។

សូមជម្រាបបញ្ជាក់ជូនផងដែរថា លោកស្រី អៀម ធីតា អាយុ៣៥ឆ្នាំ មានអាស័យដ្ឋាននៅ សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានទៅហាង Pedro ផ្លូវព្រះសីហនុ កាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ លទ្ធផលធ្វើតេស្តកាលពីថ្ងៃទី០៧ ខែធ្នូ គឺលទ្ធផលវិជ្ជមានវីរុសកូវីដ-១៩។ គាត់បម្រើការនៅក្រុមហ៊ុនធានារ៉ាប់រងមួយ នៅរាជធានីភ្នំពេញ ពុំមែនជាមន្រ្តីរាជការបម្រើការងារ នៅទីស្តីការក្រសួងមហាផ្ទៃឡើយ។

ឯកឧត្តមអភិបាលខេត្តកណ្ដាល បានបញ្ជាឲ្យបិទផ្សារដើមអំពិល និងវត្តវិហារត្រាញ់ ជាបណ្ដោះអាសន្នសិន ក្រោយរកឃើញមនុស្សម្នាក់មានផ្ទុកវីរុសកូវីដ-១៩ ហើយពាក់ព័ន្ធនៅតំបន់នោះ ព្រមទាំងមនុស្ស ៧នាក់ពាក់ព័ន្ធដោយផ្ទាល់ និង៣០នាក់ផ្សេងទៀតពាក់ព័ន្ធដោយប្រយោល ត្រូវបានណែនាំឲ្យធ្វើចត្តាឡីស័ក៕