ក្រសួងការបរទេស ប្រកាសអំពីលទ្ធផលនៃកិច្ចប្រជុំកំពូល ACMECS លើកទី៩, កិច្ចប្រជុំកំពូល CLMV លើកទី១០ និងកិច្ចប្រជុំកំពូល CLV DTA លើកទី១១


ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផល នៃកិច្ចប្រជុំកំពូលនៃយុទ្ធសាស្ត្រកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាយ៉េយ៉ាវ៉ាឌី-ចៅប្រាយ៉ា-មេគង្គ (អេកម៉ិក) លើកទី៩ កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA) លើកទី១១។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៩ ខែធ្នូនេះ បានដឹកនាំកិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩ និងបានចូលរួមកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម (CLMV) លើកទី១០ និងកិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាម ស្តីពីការអភិវឌ្ឍតំបន់ត្រីកោណ (CLV DTA) លើកទី១១ ផងដែរ។ កិច្ចប្រជុំកំពូល CLMV និង CLV ត្រូវបានដឹកនាំដោយ លោក ថងលុន ស៉ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។

ក្រសួងការបរទេស បញ្ជាក់ថា លទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលទាំង៣ មានដូចខាងក្រោម៖

* កិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩

ក្រោមមូលបទ «ភាពជាដៃគូដើម្បីការតភ្ជាប់ និងភាពរឹងមាំ» ថ្នាក់ដឹកនាំអេកម៉ិក បានអះអាង សាជាថ្មីពីការប្តេជ្ញាចិត្តដ៏មុតមាំ ដើម្បីទាញយកឱ្យបានពេញលេញនូវសក្ដានុពលសេដ្ឋកិច្ចដ៏ធំសម្បើមរបស់អនុតំបន់ ព្រមទាំងរៀបចំផែនការសកម្មភាព ដើម្បីសម្រេចបាននូវសហគមន៍អេកម៉ិក ដែលកាន់តែតភ្ជាប់ វៃឆ្លាត មានចីរភាព និងរឹងមាំ ដោយឈរលើស្មារតីភាពជាអ្នកជិតខាងល្អ និងមិត្តភាពប្រពៃណី ក្នុងការសម្រេចឱ្យបាននូវសន្តិភាព ស្ថិរភាព និងវិបុលភាព។

ថ្នាក់ដឹកនាំអេកម៉ិកបានកោតសសើរកម្ពុជាដែលជាប្រធានសម្រាប់រយៈពេលពីរឆ្នាំ ក្នុងការជំរុញនូវគោលដៅរួមរបស់ប្រទេសសមាជិកដើម្បីសម្រចបាននូវវិបុលភាព និងសុខុមាលភាពរបស់ប្រជាជន ស្ថិតក្នុងកាលៈទេសៈដ៏ប្រឈមដែលបង្កឡើងដោយជំងឺរាតត្បាតកូវីដ-១៩ និងបញ្ហាសន្តិសុខមិនមែនប្រពៃណីនានា មកលើជីវភាពរស់នៅ និងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៅក្នុងអនុតំបន់។

ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំបានឯកភាពគ្នាបន្តពង្រឹងកិច្ចខិតខំប្រឹងប្រែងថ្នាក់ជាតិ និងលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌយន្តការដែលដឹកនាំដោយអាស៊ាន ជាមួយដៃគូក្រៅតំបន់ និងអង្គការអន្តរជាតិ ជាពិសេសអង្គការសុខភាពពិភពលោក ដើម្បីធានាឱ្យបាននូវ វ៉ាក់សាំងជាទំនិញសាធារណៈ និងការទទួលបានសេវាកម្មវេជ្ជសាស្ត្រក្នុងតម្លៃសមរម្យសម្រាប់ប្រជាជន។

ពាក់ព័ន្ធនឹងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ ថ្នាក់ដឹកនាំបានពិភាក្សាពីមធ្យោបាយនិងគោលការណ៍សហការ ដែលប្រទេសសមាជិកអាចជំរុញការតភ្ជាប់ពហុវិស័យប្រកបដោយសុវត្ថិភាព និងសន្តិសុខ និងដោះស្រាយបញ្ហានានាដែលបណ្តាលមកពីជំងឺកូវីដ-១៩ មកលើការបំលាស់ទី និងខ្សែចង្វាក់តម្លៃ សកល ព្រមទាំងធានាឱ្យបានគ្រប់គ្រាន់នូវការការពារសង្គម និងប្រជាជនដែលរងផលប៉ះពាល់។

ចំពោះទិសដៅអនាគត ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃប្រសិទ្ធភាព និងនិរន្តរភាព របស់កិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសសមាជិកនិងដៃគូអភិវឌ្ឍន៍អេកម៉ិក ដែលក្នុងនោះជប៉ុនបានស្នើធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំពិសេសអេកម៉ិក នៅក្នុងឆ្នាំ២០២១ ស្របពេលជាមួយនឹងកិច្ចប្រជុំកំពូលមេគង្គ-ជប៉ុនលើកទី១៣ និងទន្ទឹងរង់ចាំនូវដំណើរការយន្តការនៃមូលនិធិអភិវឌ្ឍន៍ អេកម៉ិក ក៏ដូចជាប្រតិបត្តិការដែលមានប្រសិទ្ធភាពរបស់គណៈកម្មាធិការសម្របសម្រួលសសរស្តម្ភ អេកម៉ិក ដើម្បីពន្លឿនការអនុវត្តគម្រោងអាទិភាពគន្លឹះ ដែលអាចនាំមកនូវផលប្រយោជន៍ជាក់ស្តែង ព្រមទាំងបំពេញនូវតម្រូវការពិតប្រាកដរបស់ប្រជាជននៅក្នុងអនុតំបន់។

នាឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានចែករំលែកទស្សនៈថា ប្រទេសអេកម៉ិកត្រូវបន្តធ្វើការដោយបុរេសកម្មជាមួយដៃគូអភិវឌ្ឍន៍ ដើម្បីលើកកម្ពស់ទស្សនៈ វ៉ាក់សំាងពហុភាគីនិយម (Vaccine Multilateralism) ដើម្បីធានាការទទួលបាននូវវ៉ាក់សំាងជំងឺ កូវីដ-១៩ ប្រកបដោយសមធម៌ និងសុវត្ថិភាព។ លើសពីនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានជំរុញឱ្យប្រទេសសមាជិកចូលរួមជាមួយកម្ពុជានិងថៃ ដើម្បីផ្តល់វិភាគទានដោយស្ម័គ្រចិត្តទៅក្នុងមូលនិធិអភិវឌ្ឍន៍អេកម៉ិក ដែលកម្ពុជាក៏បានសន្យាផ្តល់វិភាគទានចំនួន ៧លានដុល្លារអាមេរិក សំដៅធានានូវភាពរលូននៃការអនុវត្តគម្រោងអាទិភាពនានា។

ក្នុងន័យនេះ សម្តេចតេជោបានអំពាវនាវ ដល់ប្រទេសសមាជិកគាំទ្រការបង្កើតលេខាធិការដ្ឋានអេកម៉ិក ព្រមទាំងបានសង្កត់ធ្ងន់លើសារៈសំខាន់នៃសេដ្ឋកិច្ចឌីជីថល ដែលជាកម្លាំងចលករដ៏សំខាន់ ក្នុងការបង្កើនសក្តានុពលទីផ្សារ ដែលគ្មានដែនកំណត់ សម្រាប់សហគ្រាសធុនមីក្រូ តូច និង មធ្យម (MSMEs) ក្នុងការពង្រីកអាជីវកម្មរបស់ខ្លួន តាមរយៈពាណិជ្ជកម្មតាមប្រព័ន្ធអ៊ីនធឺណិត និងសកម្មភាពផ្សេងទៀតតាមប្រព័ន្ធអ៊ីនធឺណិត ដោយពុំចាំបាច់ធ្វើដំណើរ ឬបន្លាស់ទីនោះទេ។ បណ្តាប្រទេសអេកម៉ិក គួរស្វែងរកយុទ្ធសាស្ត្រពិពិធកម្ម ដើម្បីលើកកម្ពស់ការបំពេញបន្ថែមលើពាណិជ្ជកម្ម និងការវិនិយោគ ជាពិសេសទាក់ទងនឹងឱកាស ទីផ្សារថ្មីក្រោមកិច្ចព្រមព្រៀងអាសិប (RCEP) ដែលទើបត្រូវបានចុះហត្ថលេខាថ្មីៗនេះ។ សម្តេចតេជោ នាយករដ្ឋមន្រ្តី ក៏បានគូសរំលេចនូវភាពចាំបាច់ដើម្បីពង្រឹងការតភ្ជាប់រវាងប្រជាជននិងប្រជាជនតាម រយៈការសហការជិតស្និទក្នុងការធានានូវការធ្វើដំណើរតាមបែបពពុះ (Travel Bubbles) ក្នុងចំណោមប្រទេសជាសមាជិកអេកម៉ិក ។

ថ្នាក់ដឹកនាំ បានបញ្ចប់កិច្ចប្រជុំ ដោយបានអនុម័តលើសេចក្តីថ្លែងការណ៍ទីក្រុងភ្នំពេញ នៃកិច្ចប្រជុំកំពូលអេកម៉ិកលើកទី៩ ដែលក្នុងនោះមានឯកសារចំនួន០៣ ជាឧបសម្ព័ន្ធ៖ (១) ឯកសារលក្ខខណ្ឌយោងស្តីពីមូលនិធិអភិវឌ្ឍន៍អេកម៉ិក (២) ឯកសារទស្សនាទានស្តីពីយន្តការការងារនៃគណៈកម្មាធិការសម្របសម្រួលអេកម៉ិក នៃផែនការមេអេកម៉ិកឆ្នាំ២០១៩-២០២៣ និង (៣) បញ្ជីគម្រោងអាទិភាពរបស់ប្រទេសអេកម៉ិក។

* កិច្ចប្រជុំកំពូល CLMV លើកទី១០

ក្រោមមូលបទ «លើកកម្ពស់ការតភ្ជាប់ប្រកបដោយប្រសិទ្ធភាព សម្រាប់សមាហរណកម្មតំបន់» ថ្នាក់ដឹកនាំ CLMV បានសម្តែងការពេញចិត្តចំពោះការអនុវត្តលទ្ធផលនៃកិច្ចប្រជុំកំពូល CLMV លើកទី៩ និងបានបញ្ជាក់ជាថ្មីនូវទំនាក់ទំនងមិត្តភាពជាប្រពៃណីដ៏យូរអង្វែង ភាពជាអ្នកជិតខាងល្អ និងផលប្រយោជន៍ទៅវិញទៅមក ក្នុងចំណោមប្រទេសសមាជិកទាំង៤ ក៏ដូចជាបានផ្លាស់ប្តូរទស្សនៈ លើទិសដៅនាពេលអនាគតនៃកិច្ចសហប្រតិបត្តិការ CLMV ដែលជាផ្នែកសំខាន់មួយនៃដំណើរការកសាងសហគមន៍អាស៊ាន។

ថ្នាក់ដឹកនាំបានរំលឹកឡើងវិញពីសារៈសំខាន់នៃកិច្ចសហប្រតិបត្តិការ CLMV ក្នុងការបង្រួម គម្លាតអភិវឌ្ឍន៍ក្នុងតំបន់អាស៊ាន ការធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់ ក៏ដូចជាបង្កើតជាធាតុសំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែងពហុភាគី ដើម្បីប្រយុទ្ធប្រឆាំង និងការស្តារឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩ ។

ថ្នាក់ដឹកនាំបានកត់សម្គាល់ពីវឌ្ឍនភាពដែលសម្រេចបាន និងបញ្ហាប្រឈមដែលបានជួបប្រទះក្នុងពេលអនុវត្តផែនការសកម្មភាព CLMV (២០១៩-២០២០) ដែលបានដើរតួនាទីដ៏សំខាន់សម្រាប់ប្រទេសជាសមាជិក ដើម្បីធ្វើសុខដុមនីយកម្មកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍ជាតិ និងលើកកម្ពស់សមាហរណកម្មតំបន់។
ថ្នាក់ដឹកនាំក៏បានទទួលស្គាល់ផងដែរ នូវការដើរថយក្រោយបណ្តាល មកពីជំងឺរាតត្បាតក្នុងទិដ្ឋភាពជាច្រើន និងបានសង្កត់ធ្ងន់បន្ថែមទៀតពីតម្រូវការក្នុងការសម្របខ្លួន ស្តារឡើងវិញ និងជំរុញកិច្ចសហប្រតិបត្តិការ CLMV ឆ្ពោះទៅមុខឱ្យបានគ្រប់ជ្រុងជ្រោយ។

ដើម្បីដោះស្រាយបញ្ហាប្រឈមនាពេលអនាគត ថ្នាក់ដឹកនាំបានគូសបញ្ជាក់ពីសារៈសំខាន់នៃផែនការសកម្មភាព CLMV (២០២១-២០២២) ដែលបានអនុម័តដោយរដ្ឋមន្រ្តីសេដ្ឋកិច្ច CLMV កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២០ ដោយបានបញ្ជាក់នូវទិសដៅច្បាស់លាស់ក្នុងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងវិនិយោគ ការអភិវឌ្ឍធនធានមនុស្ស ការអនុវត្តការប្តេជ្ញាចិត្តក្នុងតំបន់ ការស្តារឡើងវិញក្រោយកូវីដ១៩ និងក្របខ័ណ្ឌសម្រាប់ប្រែក្លាយតំបន់នេះ ទៅជាមជ្ឈមណ្ឌលធុរកិច្ច ជឿនលឿនសកល។

តាមរយៈគោលបំណងចម្បងនៃយន្តការក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅ និងពន្លឿនកិច្ចខិតខំប្រឹងប្រែងធ្វើសមាហរណកម្មអាស៊ាន ថ្នាក់ដឹកនាំបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការអនុវត្តប្រកបដោយប្រសិទ្ធភាព នៃផែនការមេស្តីពីការតភ្ជាប់អាស៊ាន ២០២៥ ដែលផ្តោតលើហេដ្ឋារចនាសម្ព័ន្ធ ស្ថាប័ន សេដ្ឋកិច្ច និងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ក៏ដូចជាផែនការសកម្មភាពទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន (២០២១-២០២៥)។

ក្នុងឱកាសនៃកិច្ចប្រជុំកំពូលនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់ដើម្បីពង្រឹងគោលនយោបាយសម្របសម្រួលក្នុងចំណោមបណ្តាប្រទេស CLMV សំដៅលុបបំបាត់នូវរាល់ឧបសគ្គនៃការធ្វើពាណិជ្ជកម្មឆ្លងដែន តាមរយៈការសម្រួលឱ្យសាមញ្ញនូវកិច្ចដំណើរការ និងនីតិវិធីគយនៅតាមព្រំដែន ដែលអាចធានានូវប្រតិបត្តិការនៃបណ្តាញខ្សែចង្វាក់ផ្គត់ផ្គង់ តាមរយៈការលើកកម្ពស់ការតភ្ជាប់ផ្នែកដឹកជញ្ជូន និងភ័ស្តុភារកម្ម។ សម្តេចតេជោនាយករដ្ឋមន្រ្តី បានសង្កត់ធ្ងន់ពីសារៈសំខាន់នៃការកំណត់សកម្មភាពសហប្រតិបតិ្តការ CLMV ក្នុងបរិបទនៃផែនការសកម្មភាពទី៤ នៃគំនិតផ្តួចផ្តើមសម្រាប់សមាហរណកម្មអាស៊ាន និងយន្តការពាក់ព័ន្ធដទៃទៀត ដើម្បីប្រើប្រាស់ធនធាន និងការគាំទ្រឱ្យមានប្រសិទ្ធភាពទៅក្នុងវិស័យអាទិភាព ដូចជា ថាមពល បច្ចេកវិទ្យាព័ត៌មានវិទ្យា ធនធានមនុស្ស និងហេដ្ឋារចនាសម្ព័ន្ធ។

កិច្ចប្រជុំកំពូល CLMV លើកទី១០ បានអនុម័តឯកសារចំនួន៣ ដែលរួមមាន (១) សេចក្តីប្រកាសរួមស្តីពីកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការ កម្ពុជា-ឡាវ-មីយ៉ាន់ម៉ា-វៀតណាម លើកទី១០ (២) ក្របខ័ណ្ឌការងារសម្រាប់ការអភិវឌ្ឍ CLMV និង (៣) បញ្ជីគម្រោងអាទិភាព CLMV ។

* កិច្ចប្រជុំកំពូល CLV លើកទី១១

ថ្នាក់ដឹកនាំប្រទេសកម្ពុជា-ឡាវ-វៀតណាមបានបង្ហាញការប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការលើកកម្ពស់ការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម (CLV DTA) ជាមួយនឹងទស្សនៈក្នុងការពន្លឿនកំណើនសេដ្ឋកិច្ច ការកាត់បន្ថយភាពក្រីក្រ និងវឌ្ឍនភាពសង្គម-វប្បធម៌ ដោយទាញយកនូវសក្តានុពល កម្លាំង និងធនធានរបស់ប្រទេសសមាជិកនីមួយៗ។

ថ្នាក់ដឹកនាំបានទទួលស្គាល់ថា ជំងឺកូវីដ-១៩បាននាំមកនូវការរំខានយ៉ាងធំធេងដល់សុខភាពសាធារណៈ និងសេដ្ឋកិច្ច-សង្គម ដូច្នេះការពង្រឹងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងប្រទេសសមាជិកទាំងបី គឺមានសារៈសំខាន់ និងចាំបាច់ ដោយផ្តោតលើទំនាក់ទំនងប្រពៃណី សាមគ្គីភាព ការយោគយល់ ការជឿជាក់ អត្ថប្រយោជន៍រួម និងការអភិវឌ្ឍប្រកបដោយចីរភាព។

ថ្នាក់ដឹកនាំទាំងអស់បានកត់សម្គាល់ជាវិជ្ជមានលើការងារគណៈកម្មាធិការសម្របសម្រួលចំរុះកម្ពុជា-ឡាវ-វៀតណាម ក្នុងការអនុវត្តផែនការមេដែលបានកែសម្រួលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គមនៃការអភិវឌ្ឍតំបន់ត្រីកោណកម្ពុជា-ឡាវ-វៀតណាម សម្រាប់ឆ្នាំ២០១០-២០២០។
ថ្នាក់ដឹកនាំបន្តលើកទឹកចិត្តក្នុងការសហការដោយជិតស្និទរវាងប្រទេសសមាជិក CLV ក្នុងការជំរុញកិច្ចសហប្រតិបតិ្តការលើវិស័យពាណិជ្ជកម្មនិងវិនិយោគ ទេសចរណ៍ សាសនា កសិកម្ម ព័ត៌មានវិទ្យា អប់រំ ការស្រាវជ្រាវ ការអភិវឌ្ឍជំនាញ ការការពារ ព្រមទាំងទំនាក់ទំនងសហប្រតិបត្តិការ រវាងថ្នាក់នីតិប្បញ្ញត្តិជាតិ និងអាជ្ញាធរថ្នាក់ក្រោមជាតិ។

ក្នុងអំឡុងពេលកិច្ចប្រជុំ សម្តេចតេជោនាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ពីភាពចាំបាច់នៃការបន្តកិច្ចសហប្រតិបត្តិការរវាងប្រទេស CLV ក្នុងការប្រយុទ្ធប្រឆាំងនឹងការជួញដូរមនុស្ស និងគ្រឿងញៀន បទល្មើសឆ្លងដែន បទល្មើសព្រៃឈើ និងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀត ក៏ដូចជាការបោសសំអាតមីន ព្រមទាំងការជួយសម្រួលដល់ការឆ្លងកាត់ព្រំដែនរបស់អ្នកដំណើរ។

កិច្ចប្រជុំកំពូលកម្ពុជា-ឡាវ-វៀតណាមលើកទី១១ បានអនុម័តលើឯកសារ៖ (១) សេចក្តី ថ្លែងការណ៍រួមនៃកិច្ចប្រជុំកំពូល CLV លើកទី១១ (២) ផែនការអភិវឌ្ឍន៍សម្រាប់វិស័យទេសចរណ៍នៅក្នុង CLV DTA និង (៣) ផែនការអភិវឌ្ឍន៍លើវិស័យឧស្សាហកម្មកៅស៊ូប្រកបដោយចីរភាពក្នុង CLV DTA៕

ខាងក្រោមនេះជាសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស៖