ក្រសួងចំនួន៣ នឹងរៀបចំព្រិត្ដិការណ៍ «សប្ដាហ៍សៀវភៅ» ចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ តាមប្រព័ន្ធអ៊ីនធឺណិត


ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន និងក្រសួងអប់រំ យុវជន និងកីឡា នឹងរៀបចំព្រិត្ដិការណ៍ «សប្ដាហ៍សៀវភៅ» តាមប្រព័ន្ធអ៊ីនធឺណិត ចាប់ពីថ្ងៃទី១២-១៩ ខែធ្នូ ឆ្នាំ២០២០ ក្រោមប្រធានបទ «សម័យកូវីដ កាន់តែសិ្នទ្ធនឹងសៀវភៅ»។

«សប្តាហ៍សៀវភៅ» បានរួមបញ្ចូលសកម្មភាពមួយចំនួន ដែលរៀបចំតាមប្រព័ន្ធអនឡាញ មានដូចជា៖ ការផ្សព្វផ្សាយសៀវភៅ និងវីឌីអូរបស់កវី អ្នកបោះពុម្ពផ្សាយ បណ្ណាគារិក អ្នកលក់សៀវភៅ ដៃគូអភិវឌ្ឍន៍វិស័យសៀវភៅ និងអំណានគ្រឹះស្ថានអប់រំ នៅលើគេហទំព័ររបស់ពិព័រណ៍សៀវភៅកម្ពុជា។

លើសពីនេះទៅទៀត ក៏មានការជួបនិយាយសំណះសំណាល ជាមួយនឹងវាគ្មិនពិសេសៗ ដែលនឹងអញ្ជើញចូលរួមតាមរយៈកម្មវិធី Zoom។

បណ្តុំកកម្មវិធីដ៏មានតម្លៃខាងលើនេះ គឺរៀបចំឡើង ក្នុងគោលបំណងទាក់ទាញអ្នកចូលចិត្ត និងស្រឡាញ់ការអានសៀវភៅនៅកម្ពុជា ក៏ដូចជាលើកស្ទួយវិស័យ បោះពុម្ពនៅកម្ពុជា ឲ្យកាន់តែរីកចម្រើនទៅមុខមួយកម្រិតទៀត។

គូសបញ្ជាក់ថា ពិព័រណ៍សៀវភៅកម្ពុជា គឺជាកម្មវិធីមួយរៀបចំជារៀងរាល់ឆ្នាំ ដែលតែងតែប្រារព្ធធ្វើឡើង នៅបណ្ណាល័យជាតិ ក្នុងគោលបំណង ដើម្បីលើកកម្ពស់ ការយល់ដឹង របស់ប្រជាជនទៅលើសៀវភៅជាភាសាខ្មែរ និងបរទេសលើកកម្ពស់ឧស្សាហកម្ម បោះពុម្ពផ្សាយនៅកម្ពុជា។

បន្ថែមពីនោះទៀត ព្រមទាំងគាំទ្រដល់អ្នកនិពន្ធ និងអ្នកគូរគំនូរជនជាតិខ្មែរ រួមជាមួយនឹងការបណ្តុះក្ដីស្រឡាញ់ ទម្លាប់នៃការអានក្នុងចំណោមប្រជាជនកម្ពុជាគ្រប់វ័យ និងដើម្បីជំរុញចំណង់ចំណូលចិត្ត ក្នុងការសរសេរដល់យុវជនជំនាន់ក្រោយ។

ដោយឡែក ដើម្បីបន្តលើកស្ទួយការបោះពុម្ពផ្សាយ និងឧស្សាហកម្មសៀវភៅកម្ពុជា គណៈកម្មការសម្រេចយកសប្តាហ៍ទី២ នៃខែធ្នូ ឆ្នាំ២០២០ ជា «សប្តាហ៍សៀវភៅ» ជាមួយព្រឹត្តិការណ៍ និងសកម្មភាពមួយចំនួន ដែលនឹងត្រូវរៀបចំឡើង ជាលក្ខណៈអនឡញ៕