កម្ពុជាតស៊ូទាំងអស់គ្នា! យុទ្ធនាការប្រឆាំងជំងឺកូវីដ១៩ នៅតែបន្តធ្វើយ៉ាងសកម្មនៅស្រុកបារាយណ៍ និងស្រុកតាំងគោក


ខណៈដែលនៅទូទាំងប្រទេសកម្ពុជាកំពុងរួមគ្នាប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ យ៉ាងខ្លាំងក្លានោះ រដ្ឋបាលស្រុកបារាយណ៍ និងស្រុកតាំងគោក ខេត្តកំពង់ធំ ក៏កំពុងមមាញឹកក្នុងការចុះធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩នេះ ដោយអនុវត្ត តាមការណែនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាល ក៏ដូចជាតាមការណែនាំបន្ថែមពី ឯកឧត្តម ថោង ខុន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ធំ និងលោក សុខ លូ អភិបាលខេត្តកំពង់ធំ។

ជាក់ស្ដែង នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងឯកឧត្តម គង់ សូលីដា អគ្គនាយករដ្ឋបាលនៃក្រសួងទេសចរណ៍ ដែលជាតំណាងក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកទាំងពីរ ព្រមទាំង ឯកឧត្តម ចាន់ តារា អភិបាលរងខេត្តកំពង់ធំ បានសហការជាមួយរដ្ឋបាលស្រុកទាំងពីរបន្តចុះយុទ្ធនាការផ្សព្វផ្សាយ អប់រំណែនាំពីវិធានការបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋនៅតាមផ្សារ និងមូលដ្ឋានអាជីវកម្មជាច្រើនទីតាំង។

នៅស្រុកតាំងគោក ក្រោមការជួយសម្របសម្រួលពីឯកឧត្តមអភិបាល ហាក់ ម៉ុងហួត, ឯកឧត្តមរដ្ឋលេខាធិការ វ៉ាត់ ចំរើន និងឯកឧត្តមអគ្គនាយក គង់ សូលីដា បានដឹកនាំមន្ត្រីរាជការ កងកម្លាំងសមត្ថកិច្ច ព្រមទាំងយុវជនស្ម័គ្រមួយចំនួនទៀត បានចុះផ្សព្វផ្សាយអប់រំពីវិធានការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ និងបានចែកម៉ាស់ ទឹកអាល់កុល និងជែងលាងដៃជូនអាជីវករ និងប្រជាពលរដ្ឋនៅក្នុងផ្សារតាំងគោក ផ្សាររំលង ធនាគារអេស៉ីលីដា សាខាស្រុកតាំងគោក អាហារដ្ឋានតាំងគោក និងហាងសោភាមីហឺរខ្មែរ ស្ថានីយប្រេងឥន្ធនៈមួយចំនួន ព្រមទាំងប្រជាពលរដ្ឋអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បីជាដើម។

បន្ទាប់មក ឯកឧត្តមអគ្គនាយក គង់ សូលីដា បានបន្តដឹកនាំក្រុមការងារផ្សព្វផ្សាយ អប់រំណែនាំពីវិធានការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ និងបានចែកម៉ាស់ ទឹកអាល់កុល ជែងលាងដៃជូនប្រជាពលរដ្ឋនៅតាមផ្សារបារាយណ៍ អាហារដ្ឋានម្លប់ស្បូវត្រជាក់ចិត្ត ផ្ទះសំណាក់រំចង់ ផ្ទះសំណាក់តារាសី ផ្សារកំពង់ថ្ម ព្រមទាំងប្រជាពលរដ្ឋអ្នករត់ម៉ូតូឌុប រ៉ឺម៉កកង់បី និងអាជីវករក្រៅផ្សារមួយចំនួនទៀត។

គេនៅចាំបានថា សកម្មភាពយកចិត្តទុកដាក់នឹងប្រជាពលរដ្ឋមូលដ្ឋានបែបនេះ គឺបានធ្វើជារឿយៗមកហើយដែរ ដោយលើកនេះគេក៏សង្កេតឃើញថា ប្រជាពលរដ្ឋនៅតាមមូលដ្ឋានខាងលើនេះ មានស្មារតីចូលរួមខ្ពស់ក្នុង ការអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន។