រដ្ឋមន្ដ្រីកសិកម្មបើកកិច្ចប្រជុំបន្ទាន់ជាមួយសមាគមវារីវប្បករកម្ពុជា ពិភាក្សាអំពីតួនាទីក្នុងការបង្កើនផលិតភាពផលិតកម្ម ឆ្លើយតបតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល


(ភ្នំពេញ)៖ ដោយមានការចាំបាច់ នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម វេង សាខុន រដ្ឋមន្ដ្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំកិច្ចប្រជុំបន្ទាន់មួយ ដើម្បីពិភាក្សាអំពីតួនាទី របស់សមាគមវារីវប្បករកម្ពុជា ក្នុងការចូលរួមបង្កើនផលិតភាពផលិតកម្មវារីវប្បកម្មកម្ពុជា ឲ្យមានការរីកចម្រើនទាំងបរិមាណ និងគុណភាព។

លើសពីនោះទៀត ដើម្បីឆ្លើយតបតាមតម្រូវការទីផ្សារ កាត់បន្ថយការនាំចូល ក្នុងខណៈជំងឺឆ្លងកូវីដ-១៩ កំពុងរីករាលដាលជាសកល ជាពិសេសអនុវត្ត ប្រសាសន៍ណែនាំ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីដែលថា «វិស័យកសិកម្មជាជីពចររបស់ពលរដ្ឋកម្ពុជា»។

ក្នុងកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ស្រី វុឌ្ឍី អគ្គលេខាធិការក្រសួង  ឯកឧត្តម អេង ជាសាន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានរដ្ឋបាល ជលផល, លោក សុខ រ៉ាដែន ប្រធានសមាគមវារីវប្បករកម្ពុជា សមាជិក និងសមាជិកាជាច្រើនរូបទៀត។ កិច្ចប្រជុំនេះ ធ្វើឡើងនាទីស្ដីការក្រសួងកសិកម្ម។

បន្ទាប់ពីបានពិភាក្សាគ្នាយ៉ាងល្អិតល្អន់ និងក្តាប់បានអំពីស្ថានភាពជាក់ស្តែង របស់សមាគមវារីវប្បករកម្ពុជារួចមក ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការណែនាំ ដល់រដ្ឋបាលជលផល នូវចំណុចគន្លឹះសំខាន់ៗមួយចំនួន ដូចខាងក្រោម៖

* ទី១៖ ត្រូវសហការជាមួយសមាគម ដើម្បីវាយតម្លៃឲ្យបានច្បាស់លាស់អំពីសមត្ថភាពផលិត ផ្គត់ផ្គង់ក្នុងស្រុក និងតម្រូវការបន្ថែម ដោយប្រើយន្តការចុះស្រង់ ស្ថិតិកសិដ្ឋានចិញ្ចឹម កន្លែងចិញ្ចឹម និងបណ្តុំអាជីវកម្មផ្សេងៗទៀត រួចកំណត់ចេញអំពីបរិមាណផ្គត់ផ្គង់ និងតម្រូវការច្បាស់លាស់មួយ។

* ទី២៖ ត្រូវពង្រឹង និងពង្រីកបន្ថែមទៀត លើការងារផ្សព្វផ្សាយបច្ចេកទេស បែបបទរដ្ឋបាល និងឯកសារគតិយុត្តដែលមានស្រាប់ដល់សមាជិកសមាគម។

* ទី៣៖ ត្រូវពង្រឹងការងារទប់ស្កាត់បទល្មើសនាំចូលផលវារីវប្បកម្ម ដោយត្រូវសហការជាមួលភាគីពាក់ព័ន្ធ និងសមាគម។

* ទី៤៖ ជួយរៀបចំចងក្រងបណ្តុំអាជីវកម្ម ឬបណ្តាញចិញ្ចឹម ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រងបរិមាណផលិត និងតម្រូវការ។

* ទី៥៖ ខិតខំសិក្សាស្រាវជ្រាវបន្ថែមទៀត អំពីបច្ចេកទេសចិញ្ចឹម កែច្នៃ ធ្វើយ៉ាងណាបង្កើនផលិតភាពចិញ្ចឹម ក្នុងផ្ទៃដីស្រះទឹកដដែល ដើម្បីធានាបាននូវសុខុមាភាព វិបុលភាព និងនិរន្តរភាពនៃវិស័យវារីវប្បកម្មកម្ពុជា ក្នុងពេលអនាគតដ៏ខ្លី។

ដោយឡែកចំពោះសមាគមវារីវប្បករកម្ពុជា ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការណែនាំដូចខាងក្រោម៖

* ទី១៖ ត្រូវរួមសហការគ្នាក្នុងរង្វង់សមាគម បង្កើនផលិតភាពផលិតកម្មចិញ្ចឹមត្រីគ្រប់ប្រភេទ បង្កង កន្ធាយ និងកង្កែបទាំងបរិមាណ និងគុណភាពឈាន ទៅបង្កើនបរិមាណផ្គត់ផ្គង់ឲ្យទីផ្សារក្នុងស្រុក និងធ្វើការកាត់បន្ថយការនាំចូល។

* ទី២៖ រៀបចំបណ្តុំ ឬបណ្តាញអាជីវកម្មចិញ្ចឹមត្រីឲ្យបានទូលំទូលាយ អនុវត្តបច្ចេកទេសឲ្យបានត្រឹមត្រូវទាំងកម្មវិធីផលិតកូន កម្មវិធីចិញ្ចឹម និងកម្មវិធីទីផ្សារ។

* ទី៣៖ ខិតខំរួមសាមគ្គីគ្នាអនុវត្តបែបបទបច្ចេកទេស រដ្ឋបាល និងការអនុវត្តច្បាប់ឲ្យកាន់តែមានប្រសិទ្ធភាព ឆ្លើយតបតាមស្តង់ដារផលិត ដែលជាឱកាសដ៏ល្អ សម្រាប់ការប្រកួតប្រជែង។

* ទី៤៖ កាត់បន្ថយភាពអសកម្ម បង្កើនសកម្មភាពជំរុញ លើកទឹកចិត្ត គាំទ្រ និងផ្សព្វផ្សាយអំពីតម្រូវ ការទីផ្សារ បរិមាណ និងតម្លៃក្នុងរង្វង់សមាគមឲ្យបានទូលំទូលាយ។

* ទី៥៖ ត្រូវរួមសហការគ្នាឲ្យបានល្អប្រសើរជាមួយរដ្ឋបាលជលផល ដើម្បីលើកស្ទួយវិស័យវារីវប្បកម្មកម្ពុជា និងចូលរួមទប់ស្កាត់បទល្មើសនាំចូល ផលវារីវប្បកម្មខុសច្បាប់តាមគ្រប់រូបភាព។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានលើកទឹកចិត្តដល់សមាជិកសមាគមវារីវប្បករទាំងអស់ ឲ្យយកចិត្តទុកដាក់បន្ថែមទៀត លើការអនុវត្តបច្ចេកទេសចិញ្ចឹម និងពង្រីកអាជីវកម្មចិញ្ចឹមដើម្បីច្បាមយក រួចប្រើប្រាស់កាលានុវត្តភាពនៃវិបត្តជំងឺឆ្លងនេះ ឲ្យកាន់តែមានប្រសិទ្ធភាពទាំងផ្នែកសេដ្ឋកិច្ច និងសង្គម៕