ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ ក្រុមការងារបច្ចេកទេសចម្រុះ ត្រូវរាយការណ៍ពីរសប្តាហ៍ម្តង ដើម្បីធានាបានគុណភាព និងប្រសិទ្ធភាព នៃការសាងសង់ផ្លូវក្នុងក្រុងសៀមរាប


(សៀមរាប)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា ក្រុមការងារបច្ចេកចម្រុះចំនួន៩ក្រុម ត្រូវរាយការណ៍ទៅគណៈកម្មការអន្តរក្រសួងរាល់ពីរសប្តាហ៍ម្តង ដើម្បីធានាបាននូវប្រសិទ្ធភាព និងគុណភាពនៃការសាងសង់ផ្លូវទាំង៣៨ខ្សែនៅក្នុងក្រុងសៀមរាប។

គណៈកម្មការអន្តរក្រសួង បានសម្រេចបង្កើតក្រុមការងារបច្ចេកទេសចម្រុះទទួលបន្ទុការត្រួតពិនិត្យការសាងសង់ផ្លូវក្នុងក្រុងសៀមរាបចំនួន៩ ក្រុម រួមមាន៖

១៖ ក្រុមការងារ ត្រួតពិនិត្យតាមដានគម្រោង សាងសង់ផ្លូវចំនួន១៣ខ្សែ អនុវត្តដោយកងវិស្វកម្មលេខ១៧៨ស្ពាន-ថ្នល់ ២៖ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៨ខ្សែ អនុវត្តដោយ កងវិស្វកម្មតេជោ ហ៊ុន សែន ខេត្តសៀមរាប

៣៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៦ខ្សែ អនុវត្តដោយកងវិស្វកម្មសម្ដេចតេជោ ខេត្តសៀមរាប

៤៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានជួសជុលនិងថែទាំផ្លូវថ្នល់

៥៖ ក្រុមការងារត្រួតពិនិត្យតាមដាន គម្រោងសាងសង់ផ្លូវចំនួន៥ខ្សែ អនុវត្តដោយនាយកដ្ឋានគ្រឿងចក្រ និងស្ថាបនាផ្លូវ ៦៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោង សាងសង់ផ្លូវចំនួន២ខ្សែ អនុវត្តដោយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប

៧៖ ក្រុមការងារត្រួតពិនិត្យតាមដានគម្រោងស្ថាបនាបណ្ដាញលូទឹកភ្លៀង និងលូទឹក កខ្វក់មិនស្ថិតនៅក្រោមខ្សែផ្លូវទាំង៣៨ខ្សែ អនុវត្តដោយអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់

៨៖ ក្រុមការងារត្រួតពិនិត្យ តាមដានគម្រោងស្ថាបនា បំពាក់សម្ភារ កាមេរ៉ាសុវត្ថិភាព អំពូលភ្លើងបំភ្លឺផ្លូវ បរិក្ខារភ្លើងសញ្ញាចរាចរណ៍ និងការដាំដើមឈើ អនុវត្តដោយអគ្គនាយកដ្ឋានសាធារណការ និង

៩៖ ក្រុមការងារសិក្សានគរូបនីយកម្មផ្លូវ គូរប្លង់ ស្ថាបត្យកម្មផ្លូវ លម្ហសាធារណៈ និងរចនាកម្មវត្ថុស្ថាបត្យកម្មនានាដែលទាក់ទងនឹងគម្រោង។

ការបង្កើតក្រុមការងារបច្ចេកទេសទាំងនេះ ដើម្បីធានាដល់ប្រសិទ្ធភាព និងគុណភាពខ្ពស់ក្នុងការសាងសង់ហេដ្ឋា រចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប។

ក្នុងឱកាសដឹកនាំគណៈប្រតិភូក្រសួង និងក្រុមការងារបច្ចេកទេសអន្តរក្រសួង ចុះពិនិត្យវឌ្ឍនភាពការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្រុងសៀមរាប នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងថា ក្រុមការងារបច្ចេកទេសចម្រុះទាំង០៩ក្រុម ត្រូវចុះវាយតម្លៃការងាររបស់អ្នកអនុវត្តការសាងសង់ ដោយពិនិត្យផ្ទាល់ជាប្រចាំនៅតាមអង្គភាពអនុវត្តការសាងសង់នីមួយៗ ដើម្បីឱ្យអង្គភាពសាងសង់អនុវត្តតាមលក្ខខណ្ឌតម្រូវតាមគោលការណ៍ និងស្តង់ដាលក្ខណៈបច្ចេកទេស ដែលបានកំណត់ដោយត្រូវធ្វើការរាយការណ៍ជាប្រចាំរៀងរាល់ ២សប្តាហ៍ម្តង ជូនក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃ និងគណៈកម្មការអន្តរក្រសួង។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ជាអ្នកដែលបានសិក្សា និងស្នើដោយផ្ទាល់លើគម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែក្នុងក្រុងសៀមរាប ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏ត្រូវបានសម្តេចតេជោ ចាត់តាំងឱ្យដឹកនាំអនុវត្តន៍ការងារសាងសង់នេះដោយផ្ទាល់ផងដែរ។

ក្នុងនាមជាសេនាធិការរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី លើការងារសាងសង់ផ្លូវជាប្រវត្តិសាស្ត្រលើទឹកដីនៃអាណាចក្រអង្គរនេះ ការនាំមកនូវផ្លូវមានគុណភាព សោភ័ណភាព ដូចគម្រោងដែលបានសិក្សា គឺជាករណីកិច្ចចាំបាច់បំផុតសម្រាប់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល។

ក្នុងឱកាសចុះពិនិត្យការសាងសង់ផ្លូវព្រឹកមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានណែនាំឱ្យក្រុមការងារស្ថាបនា សាងសង់ផ្លូវ ត្រូវដាក់ប៉ាណូបញ្ជាក់ពីម្ចាស់គម្រោង និងអ្នកសាងសង់តាមស្តង់ដា ដើម្បីឱ្យប្រជាពលរដ្ឋ និងភាគីពាក់ព័ន្ធបានដឹង និងត្រូវរក្សាសណ្តាប់ធ្នាប់ឱ្យមានរបៀបរៀបរយ បញ្ចៀសនិងសម្រួលចរាចរណ៍កុំឱ្យមានការកកស្ទះពាក់ឯកសណ្ឋាន ឱ្យបានសមរម្យ និងប្រើប្រាស់សម្ភារបច្ចេកទេសសុវត្ថិភាពឱ្យបានខ្ជាប់ខ្ជួនក្នុងពេលសាងសង់។

សូមបញ្ជាក់ជូនថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប ខេត្តសៀមរាបចំនួន ៣៨ខ្សែនេះ មានប្រវែង១០៨,៧៤គីឡូម៉ែត្រ គ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណជាង ១៤០លានដុល្លារអាមេរិក និងថវិកាប្រមាណជាង ៩លានដុល្លារអាមេរិកទៀត សម្រាប់ការងារចាំបាច់ក្នុងការរៀបចំស្ថាបនាប្រព័ន្ធបង្ហូរទឹកភ្លៀង និងទឹកកខ្វក់ដែលនៅក្រៅគម្រោងសាងសង់ខ្សែផ្លូវទាំង៣៨នេះ ដោយប្រើប្រាស់រយៈពេលសាងសង់ចំនួន ១៣ខែ គ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។

គម្រោងសាងសង់ផ្លូវទាំង៣៨ខ្សែ ត្រូវបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

រចនាសម្ព័ន្ធផ្លូវទាំង៣៨ខ្សែនេះ ត្រូវបានបែងចែកជាបួន ប្រភេទរួមមាន៖

ប្រភេទទី១៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវល្អ ត្រូវជួសជុលដោយអ៊ុតក្រាលបេតុងកៅស៊ូ AC កម្រាស់៥សង់ទីម៉ែត្រឡើងវិញ
ប្រភេទទី២៖ ជាផ្លូវស្ថិតក្នុងតំបន់ភ្ញៀវទេសចរធ្វើដំណើរច្រើន និងមានកម្រាលផ្លូវមិនល្អ ត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ រួចក្រាលបេតុងកៅស៊ូ AC កម្រាស់៧សង់ទីម៉ែត្រពីលើ
ប្រភេទទី៣៖ ជាផ្លូវមិនស្ថិតនៅតំបន់មានភ្ញៀវទេសចរធ្វើដំណើរច្រើន នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២០សង់ទីម៉ែត្រ
ប្រភេទទី៤៖ ជាផ្លូវវាងក្រុង ដោយកំណាត់ផ្លូវដែលមានតួផ្លូវនៅល្អ នឹងត្រូវជួសជុលអ៊ុតក្រាលបេតុងកៅស៊ូ AC ឡើងវិញ ចំណែកកំណាត់ផ្លូវដែលមានតួផ្លូវមិនល្អ នឹងត្រូវសាងសង់ថ្មី ដោយចាក់ក្រាលបេតុងសរសៃដែកកម្រាស់២៥សង់ទីម៉ែត្រ៕