ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន មានការផ្សាយផ្ទាល់ពិសេស ពាក់ព័ន្ធជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំង


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា នៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ នឹងមានការផ្សាយផ្ទាល់ពិសេស ដើម្បីថ្លែងសារផ្ញើជនរួមជាតិពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងការទិញវ៉ាក់សាំងជំងឺកូវីដ១៩ជាដើម។

ឯកឧត្តម ស្វាយ ស៊ីថា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពព័ត៌មានប្រតិកម្មរហ័សនៃ ទីស្តីការគណៈរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ការផ្សាយផ្ទាល់នេះធ្វើឡើងចេញពីគេហដ្ឋានរបស់សម្តេចនៅក្រុងតាខ្មៅ ខេត្តកណ្តាល ដោយផ្សាយផ្ទាល់តាមរយៈទូរទស្សន៍ជាតិកម្ពុជា និងផ្សាយបន្តផ្ទាល់ទៅកាន់បណ្តាញផ្សព្វផ្សាយ ទាំងអស់នៅកម្ពុជា។

សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងលើកឡើងពីស្ថានភាពជំងឺកូវីដ១៩ ជាពិសេស «ព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា»។ សម្តេចតេជោក៏នឹងមានប្រសាសន៍ពាក់ព័ន្ធនឹង ការងារទិញវ៉ាក់សាំង ដើម្បីយកមកចាក់ជូនប្រជាពលរដ្ឋដោយ ឥតគិតថ្លៃផងដែរ។

សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី០៧ ខែធ្នូ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសពីផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩ យកមកចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ សម្តេចតេជោ គ្រោងទិញជំហ៊ានដំបូងប្រមាណ ១លានដូស ដើម្បីចាក់ជូនប្រជាពលរដ្ឋប្រមាណ ៥០ម៉ឺននាក់។

បន្ទាប់ពីការបង្ហាញផែនការទិញវ៉ាក់សាំងការពារជំងឺកូវីដ១៩នេះដែរ មានចលនាមហាជនគាំទ្រសម្តេចតេជោ ហ៊ុន សែន យ៉ាងផុលផុស។ មហាជនមិនត្រឹមតែគាំទ្រផ្នែកទស្សនៈ និងគំនិតប៉ុណ្ណោះទេ តែក៏បានចូលរួមបរិច្ចាគថវិកាជាមួយសម្តេចតេជោផងដែរ។

ព្រះសង្ឃ ព្រះមហាក្សត្រ ព្រះមហាក្សត្រី ថ្នាក់ដឹកនាំស្ថាប័នកំពូលៗរបស់ជាតិ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អ្នកឧកញ៉ា ឧកញ៉ា ពាណិជ្ជករ អាជីវករ កម្មករ សិស្សនិស្សិត និងប្រជាពលរដ្ឋខ្មែរគ្រប់ស្រទាប់វណ្ណៈ បានបរិច្ចាគថវិកាជូនទៅសម្តេចតេជោ។

សម្តេចតេជោ ហ៊ុន សែន ធ្លាប់បានផ្តល់យោបល់ជូនគណៈកម្មការអន្តរក្រសួងថា ជនអាទិភាពទទួលបានការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ដំបូងគេរួមមាន៖ គ្រូពេទ្យ គ្រូបង្រៀន កម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ មន្ត្រីពន្ធនាគារ មន្ត្រីយុត្តិធម៌ខាងជលផល ព្រៃឈើ និងបរិស្ថានជាដើម។ ចៅក្រម ព្រះរាជអាជ្ញា និងមេធាវី ក៏ជាជនអាទិភាពដែលគួរទទួលបានវ៉ាក់សាំងក្នុងដំណាក់កាលដំបូងនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន បានចង្អុលបង្ហាញជនជាមុខព្រួញដែលគួរទទួលបានវ៉ាក់សាំងការពារជំងឺកូវីដ១៩នៅក្នុង ដំណាក់កាលទីពីរផងដែរ។ ជនដែលគួរទទួលបានវ៉ាក់សាំងនៅដំណាក់កាលទីពីរ មានដូចជានិស្សិតរៀនតាម មហាវិទ្យាល័យទាំងរដ្ឋ និងឯកជន អ្នករៀនតាមសាលាបណ្តុះបណ្តាលវិជ្ជាជីវៈ និងកម្មករសំណង់ជាដើម៕