អភិបាលខណ្ឌចំការមនបន្តចុះផ្សព្វផ្សាយពីវិធានការបង្ការទប់ស្កាត់មេរោគកូវីដ-១៩ និងការពារសន្តិសុខនៅសួនច្បារណាហ្កាវើលដ៏ ពេលប្រជាជនមកកម្សាន្តពេលរាត្រី


នៅនារាត្រីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០នេះ ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន បានអញ្ជេីញចុះមកត្រួត ពិនិត្យស្ថានភាព បងប្អូន​ប្រជាពលរដ្ឋដែល​ពួកគាត់​បាន​មកលេងកម្សាន្តនាពេលរាត្រី នៅសួនច្បារសម្តេចតេជោ សែន ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ដោយមានបងប្អូនប្រជាជនជា​ច្រើនរយនាក់​មកដើរលេងកម្សាន្តប្រកបដោយ​បរិយាកាសសប្បាយរីករាយ ហើយពួកគាត់នីមួយៗបានពាក់ម៉ាស់ការពារខ្លួនផងដែរ តាមការណែនាំរបស់អាជ្ញាធរ ដែលបានឈរជើង​ប្រចាំការនៅទីនោះ ក្នុងការបង្ការទប់ស្កាត់មេរោគកូវីដ១៩និងរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់ ជូនដល់បងប្អូនមកដើរលេងកម្សាន្តពេលរាត្រីផងដែរ។

 ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌចំការមន បានអោយដឹងថា សម្រាប់រាត្រីនេះ គឺរូប ឯកឧត្តមផ្ទាល់បានដឹកនាំមន្ត្រី ក្រោមឱវាទ កម្លាំងសណ្ដាប់ធ្នាប់ខណ្ឌ និងរដ្ឋបាលសង្កាត់​ទន្លេបាសាក់ ដោយចុះត្រួតពិនិត្យស្ថានភាព បងប្អូនប្រជាពលរដ្ឋដែលពួកបានមកលេងនៅលើសួនច្បារមុខណាហ្គាវើល ដែលក្រុមហ៊ុន ណាហ្គាវេីល បានតុងតែង​ភ្លេីងពណ៌​លម្អនៅសួនច្បារសម្រាប់អោយបងប្អូនមកដើរលេងសប្បាយជាលក្ខណៈគ្រួសារឬជាមិត្តភ័ក្រ្តផងដែរ។ ហើយអាជ្ញាធរយើងបាន​ឈរជើងប្រចាំការ​នៅទីនេះ​ក្នុងការរក្សា​ការពារសន្តិសុខ សណ្ដាប់ធ្នាប់ជូនដល់ពួកគាត់ មកលេងកម្សាន្តនៅតាម​សួនច្បារនាមុខណាហ្កាវើលដ៏នាចុងឆ្នាំ២០២០នេះរហូតដល់ថ្ងៃបុណ្យឆ្លងឆ្នាំសកល។
ខណៈនោះផងដែរ ឯកឧត្តម ថេង សុថុល អភិបាលខណ្ឌ ចំការមនក្នុងនាមរដ្ឋបាលខណ្ឌ ក៏បានធ្វើការផ្សព្វផ្សាយតាមឧគ្ឃោសនៈស័ព្ទ និង ខិតប័ណ្ណបិត​តាមជញ្ជាំង​រថយន្តក្នុងការបង្ការ និងទប់ស្កាត់នៃការរីករាលដាលមេរោគកូវីដ-១៩ នៅក្នុងសហគម តាមការណែនាំរបស់ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ជូនដល់បងប្អូនប្រជាពលរដ្ឋដែលបានអញ្ជេីញមកលេងនៅសួនច្បារ ណាហ្គាវេីលដ៏ អោយពួកគាត់មានការប្រុងប្រយ័ត្នខ្ពស់ពោលគឺការពារប្រសើរជាងព្យាបាល។

 ឯកឧត្តម​អភិបាលខណ្ឌចំការមន ថេង សុថុល បានអោយដឹងទៀតថាសន្ទុះបងប្អូនប្រជាជនពេលពួកគាត់​មកដើរលេងកម្សាន្តនា​ពេលរាត្រីនៅសួនច្បារខាងមុខ​អគារ​ណាហ្កាវើលដ៏ រៀងរាល់រាត្រីនេះតាមការពិនិត្យគឺ មានចំនួនកើនឡើងជាលំដាប់ ហើយពួកគាត់និមួយៗ​មានការពាក់ម៉ាស់ការពារខ្លួន និងខាងអាជ្ញាធរ​យើងបន្តចុះចែក​ម៉ាស់ជូនដល់ពួកផងដែរ៕