អភិបាលខេត្តកណ្ដាល ទទួលថវិកាពីកងរាជអាវុធហត្ថខេត្តកណ្តាល បរិច្ចាកទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩


កណ្ដាល ៖ នៅថ្ងៃ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១៥ ខែធ្នូ ឆ្នាំ២០២០ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានទទួលថវិកាចំនួន ២៦.៦៥០.០០០រៀល ពីលោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល និង កងកម្លាំងកងរាជអាវុធហត្ថខេត្ត នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ដែលបានចូលរួមឧបត្ថម្ភតាមរយៈរដ្ឋបាលខេត្តកណ្តាល  ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាក់ជូនប្រជាពលរដ្ឋកម្ពុជាដោយឥតគិតថ្លៃ។

នៅក្នុងពិធីទទួលថវិកានាឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្ដាល បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកឧត្តមសេនីយ៍ត្រី សំ តុលា និងកងកម្លាំងរាជអាវុធហត្ថទាំងអស់ក្នុងខេត្តកណ្តាល ដែលបានរួមគ្នាបរិច្ចាគនូវធនធានផ្ទាល់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល និងរដ្ឋបាលខេត្តកណ្ដាល ក្នុងការទិញវ៉ាក់សាំងការពារជំងឺកូវីដ-១៩ ។

ឯកឧត្តម អភិបាលខេត្ត បន្តទៀតថា តាំងនាមរដ្ឋបាលខេត្ត និង មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់ ពិតជាមានសេចក្ដីរំភើបរីករាយឥតឧបមា និងសូមថ្លែងអំណរគុណចំពោះកងរាជអាវុធហាត់ទូទាំងខេត្ត ដែលបានរួមចំណែកបរិច្ចាគថវិកាផ្ទាល់ខ្លួនរួមចំណែកទិញវ៉ាក់សាំងការពារជំងឺកូវិដ-១៩ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋកម្ពុជា ៕