រដ្ឋបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំពិភាក្សា កំណត់និមិត្តសញ្ញាឃុំ សង្កាត់ ស្រុក ក្រុង


ព្រះសីហនុ ថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០-លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ បានដឹកនាំកិច្ចប្រជុំ កែសម្រួលនិមិត្តសញ្ញារបស់រដ្ឋបាល ឃុំ សង្កាត់ ស្រុក ក្រុង នៃខេត្តព្រះ សីហនុ ដោយមានការចូលរួមពីនាយករដ្ឋបាលសាលាខេត្ត អភិបាល អភិបាលរងក្រុង ស្រុក នាយករដ្ឋបាលក្រុង ស្រុក និងមន្ទីរជំនាញពាក់ព័ន្ធ ។

នេះជាការប្រជុំពិភាក្សាលើកកែសម្រួលនិមិត្តសញ្ញាលើកទីពីរ ដើម្បីកំណត់និមិត្តសញ្ញាសម្រាប់រដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះសីហនុ ដើម្បីដាក់ជូនឯកឧត្តមអភិបាលខេត្តព្រះសីហនុសម្រេច មុននឹងផ្ញើទៅក្រសួងមហាផ្ទៃ ។

លោក គង់ វិតាណ: អភិបាលរងខេត្តព្រះសីហនុ មានប្រសាសន៍ណែនាំដល់ក្រុង ស្រុក ត្រូវ ផ្តោតសំខាន់លើនិមិត្តសញ្ញាតំណាងឱ្យរដ្ឋបាលក្រុង ស្រុក ឃុំ សង្កាត់របស់ខ្លួន ដោយជ្រើសរើសយកសក្តានុពល ឬប្រវត្តិទាក់ទងទៅនឹងឃុំ សង្កាត់ ស្រុក ក្រុង របស់ខ្លួន ។

លោក គង់ វិតាណ: បានបន្តថា ការបង្ហាញពីនិមិត្តសញ្ញានាពេលនេះនូវមានចំណុចខ្វះខាតមួយចំនួនត្រូវចូលរួមធ្វើការកែលម្អ ដូច្នេះក្រុង ស្រុកនីមួយៗ ត្រូវឈ្វេងយល់អំពីសក្តានុពល សមិទ្ធផលដែលកំពុងកើតមានឡើងនៅក្នុងមូលដ្ឋាន ឬប្រវត្តិទាក់ទងក្នុងមូលដ្ឋានរបស់ខ្លួន ទើបយើងកំណត់យកនិមិត្តសញ្ញាសម្រាប់សម្គាល់ឃុំ សង្កាត់ ក្រុង ស្រុក របស់ខ្លួន ឱ្យសមស្រប និងឈានយកនិមិត្តសញ្ញារបស់ឃុំ សង្កាត់ ស្រុក ក្រុងដើម្បីប្រើប្រាស់ជាផ្លូវការនៅពេលខាងមុខ ៕