ក្រុមប្រឹក្សាខេត្តកណ្តាល បើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០


ខេត្តកណ្តាល៖ រដ្ឋបាលខេត្តកណ្តាលបានបើកកិច្ចប្រជុំសាមញ្ញលើកទី១៩ អាណត្តិទី៣ ឆ្នាំ២០២០ របស់ក្រុមប្រឹក្សាខេត្ត ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណអភិបាលខេត្ត។
ឯកឧត្តមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាបានមានប្រសាសន៍ថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំធ្វើការទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងធ្វើការអំពាវនាវដល់ព្រះសង្ឃ និងជនរួមជាតិចូលរួមទប់ស្កាត់ដោយអនុវត្តវិធានការសុខាភិបាល។ ទន្ទឹមនោះរដ្ឋបាលខេត្ត ក៏បានដាក់ចេញនូវវិធានការមួយចំនួនដល់ក្រុង ស្រុក បន្តចុះអប់រំផ្សព្វផ្សាយដល់អាជីវករលក់ដូរ និងពាណិជ្ជករ ត្រូវធ្វើម្ចាស់ការដោយពិនិត្យទីតាំងរៀងៗខ្លួនអនុវត្តតាមវិធានសុខាភិបាល។ ព្រមទាំងអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋត្រូវម្ចាស់ការ ប្រកាន់ឥរិយាបថ និងវិធានការរួមគ្នាប្រយុទ្ធប្រឆាំង នឹងជំងឺឆ្លងកូវីដ-១៩ក្នុងសហគមន៍។
ឯកឧត្តមប្រធានក្រុមប្រឹក្សាខេត្តកណ្តាល បានធ្វើការវាយតម្លៃចំពោះការ ខិតខំប្រឹងប្រែងបំពេញការងារ តាមតួនាទីភារកិច្ចល្អប្រសើរ ពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ នៅក្នុងខេត្តរបស់យើង។ ដូច្នេះត្រូវបន្តអប់រំផ្សព្វផ្សាយទៅដល់គោលដៅ អាជីវកម្មតាមភូមិ ឃុំ-សង្កាត់ ក្រុង ស្រុក ពិសេសទីប្រជុំជនឱ្យពួកគាត់មានការយល់ដឹង រួមគ្នាគោរពនូវវិធានការសុខាភិបាល ដើម្បីឱ្យសហគមន៍យើង គ្មានការចម្លងជំងឺកូវីដ-១៩ ដល់ប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ អន្តរជាតិ និងអ្នកវិនិយោគជាដើម។
ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល មានប្រសាសន៍ថា ដោយសារជំងឺកូវីដ-១៩ រាតត្បាត ទូទាំងសកលលោក ហើយប្រទេសកម្ពុជាក៏រងផលប៉ះពាល់ផងដែរ តម្រូវឱ្យយើងរួមគ្នាទប់ស្កាត់អោយបានគ្រប់ៗគ្នា។
ជាមួយគ្នានោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានក្រើនរំលឹកដល់អាជ្ញាធរមូលដ្ឋានក្រុង ស្រុក និង កម្លាំងសមត្ថកិច្ចទាំងបី មន្ទីរពាក់ព័ន្ធ សូមបន្តខិតខំបង្ក្រាប និងទប់ស្កាត់រាល់បទល្មើសដែលកំពុងតែកើតមានឡើងនៅ​ក្នុងមូលដ្ឋានរបស់ខ្លួនឪ្យបានល្អប្រសើរឡើងបន្ថែមទៀត ដើម្បីការពារសន្តិសុខ សណ្តាប់ធ្នាប់ សុខសុវត្ថិភាពភូមិ-ឃុំ និងពង្រឹងការបម្រើ និងផ្តល់សេវាសាធារណ:ជូនប្រជាពលរដ្ឋ ប្រកបដោយប្រសិទ្ធភាព និងទាន់ពេលវេលា ត្រូវបន្តផ្សព្វផ្សាយការណែនាំឪ្យចូលរួមគោរពច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងផ្សព្វផ្សាយដល់ពលរដ្ឋអំពីច្បាប់នៃការសាងសង់ ដោយកាត់ចំណីផ្លូវ ដើម្បីទប់ស្កាត់ទំនាស់ លើកិច្ចការអភិវឌ្ឍន៍ផ្នែកហេដ្ឋារចនាសម្ព័ន្ធផងដែរ៕