អាជ្ញាធរជាតិអប្សរា គ្រោងនឹងបញ្ចប់គម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ នៅបំណាច់ឆ្នាំ២០២០


(សៀមរាប)៖ សំណង់ប្រាសាទកណ្តាលស្រះស្រង់ ដែលដំណើរការជួសជុលអស់រយៈពេល៩ ខែកន្លងមក ដោយអ្នកជំនាញអាជ្ញាធរជាតិអប្សរា នឹងបញ្ចប់ការជួសជុលជាស្ថាពរ នៅបំណាច់ឆ្នាំ២០២០នេះ។

កញ្ញា ម៉េង សុវណ្ណលីលីន បុគ្គលិកបច្ចេកទេសនៃគម្រោងជួសជុលប្រាសាទកណ្តាលស្រះស្រង់ មកពីនាយកដ្ឋានអភិរក្សប្រាសាទ ក្នុងឧទ្យានអង្គរ បញ្ជាក់ថា បច្ចុប្បន្នក្រុមការងារកំពុងរៀបថ្មភក់រួតទី៧ និងទី៨ នៃប្រាសាទបង្ហើយ និងការរៀបចំកូនទំនប់ ដើម្បីទប់ជើងទេរដែលធ្វើពីដីឥដ្ឋ ជុំវិញគ្រឹះប្រាសាទការពារពេលបញ្ចូលទឹកវិញ មិនធ្វើឱ្យដីឥដ្ឋរលុះ។

អ្នកជំនាញរូបនេះក៏បន្ថែមដែរថា រូបរាងប្រាសាទកណ្តាលស្រះស្រង់ មានរាងដូចជាចេតិយមួយ សង់នៅលើខឿនថ្មបាយក្រៀមនិងលាយថ្មភក់ចំនួន ៨ រួត។ នេះជាសំណង់មួយដែលមានលក្ខណៈប្លែកគេនៅក្នុងតំបន់អង្គរ។

ក្នុងនោះដែរ កញ្ញា លីលីន ក៏បានឱ្យដឹងថា ក្រោយការជួសជុលតួប្រាសាទ និងបិទទំនប់ជើងទេររួចរាល់ អាជ្ញាធរជាតិអប្សរានឹងបើកទឹកបញ្ចូលវិញ។ ដើម្បីធានាសុវត្ថិភាពប្រាសាទពេលក្រោយពេលបញ្ចូលទឹក គឺក្រុមការងារបានរៀបចំគ្រឹះយ៉ាងពិសេសដោយប្រើថ្មបាយក្រៀមទាំងអស់នៅខាងក្នុង ប្រើដែកទាមថ្ពក់ភ្ជាប់រចនាសម្ពន្ធថ្មបាយក្រៀមមួយៗឱ្យជាប់មាំបានល្អ៕