ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អញ្ជើញជួប សាវនាការ ជាមួយ លោកជំទាវបណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជា


នៅរសៀលថ្ងៃចន្ទ ០៧កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ នៅទីស្តីការក្រសួងបរិស្ថាន ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានអនុញ្ញាតអោយ លោកជំទាវ បណ្ឌិត Devyani Uttam khobrakade ឯកអគ្គរដ្ឋទូតនៃសាធារណៈរដ្ឋឥណ្ឌា ប្រចាំកម្ពុជាចូលជួបសម្តែងការគួរសម ។ក្នុងឱកាសទើបតែត្រូវបានបំពេញបេសកកម្មជាឯកអគ្គរដ្ឋទូតថ្មីនៃសាធារណៈរដ្ឋឥណ្ឌាប្រចាំកម្ពុជា លោកជំទាវបានមានប្រសាសន៍ថា ក្រៅពីការសម្តែងនូវគាវរកិច្ច លោកជំទាវក៏ចង់សិក្សាស្វែងយល់នូវលទ្ធភាពក្នុងការពង្រឹងកិច្ចសហការរវាងប្រទេសទាំងអោយកាន់តែប្រសើរ ជាពិសេសលោកជំទាវប្តេជ្ញាចិត្តថា នឹងខិតខំសហការអោយកាន់តែល្អជាមួយថ្នាក់ដឹកនាំក្រសួងបរិស្ថាន លើវិស័យបរិស្ថាន។
ជាការឆ្លើយតប ឯកឧត្តមរដ្ឋមន្រ្តីបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងអបអរសាទរចំពោះវត្តមានរបស់លោកជំទាវឯកអគ្គរដ្ឋទូតដែលត្រូវរដ្ឋាភិបាលប្រទេសឥណ្ឌាផ្តល់នូវសេចក្តីទុកចិត្តតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញា ប្រចាំនៅប្រទេសកម្ពុជា ។ ឯកឧត្តមរដ្ឋមន្រ្តី ក៏បានជម្រាបជូនពី សក្តានុពលរបស់កម្ពុជាដែលប្រទេសទាំង២អាចសហការជាមួយគ្នាបាន មានដូចជា វិស័យអេកូទេសចរណ៍ វិស័យអភិវឌ្ឍន៍ធនធានមនុស្សតាមរយៈការផ្លាស់ប្តូរ និងចែករំលែកបទពិសោធន៍គ្នាទៅវិញទៅមក។ ជាពិសេស ការពង្រឹងកិច្ចសហប្រតិបត្តិការលើការប្រែប្រួលអាកាសធាតុ ការលប់បំបាត់ការប្រើប្រាស់ថង់ប្លាស្ទិក ដែលកន្លងមកឥណ្ឌាធ្លាប់មានបទពិសោធន៍ដោយអនុវត្តបានជោគជ័យនៅទីក្រុងញ៉ូដាលី។ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីបានថ្លែងនូវអំណរគុណចំពោះប្រទេសឥណ្ឌា ដែលកន្លងមកបានចូលរួមបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា ការជួសជុលប្រាង្គប្រាសាទនានានៅកម្ពុជា និងវិស័យជាច្រើនទៀត៕