គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារ ខេត្តព្រះសីហនុ បើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០


ព្រះសីហនុ លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារ(គ.ក.ស.ក.)និង ឯកឧត្ដម ឆេង សុភ័្រក អនុប្រធាន គ.ក.ស.ក. និងជាសមាជិកក្រុមប្រឹក្សាខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំខែវិច្ឆិកា ឆ្នាំ២០២០ ដោយមានការចូលរួមពីប្រធាន អនុប្រធានមន្ទីរ អង្គភាពក្នុងខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ ព្រឹកថ្ងៃ៨កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០នេះ  ។

កិច្ចប្រជុំសាមញ្ញលើកទី១៤ ប្រចាំ ខែវិច្ឆិកា ឆ្នាំ២០២០ របស់គណ: កម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្តព្រះសីហនុ មានរបៀបវារៈចំនួន៧ លើកយកមកពិភាក្សា រួមមាន៖១.មតិបើកកិច្ចប្រជុំ ពិនិត្យកូរ៉ុម និង អនុម័តសេចក្តីព្រាងរបៀបវារៈនៃកិច្ចប្រជុំ។ ២.ពិនិត្យ និងអនុម័ត លើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំ និងលទ្ធផលការងារខែតុលា។៣.រាយការណ៍ និងពិភាក្សាស្ថានភាពអប់រំ និងមត្តេយ្យសហគមន៍។៤.របាយការណ៍ និងពិភាក្សាស្ថានភាពសុខភាពស្ត្រី និងកុមារ។ ៥.រាយការណ៍ និងពិភាក្សាស្ថានភាពកុមារ។ ៦.រាយការ ណ៍ និងពិភាក្សាស្ថានភាពស្ត្រី និងយេនឌ័រ។ ៧.បញ្ហាផ្សេងៗ ។

លោកជំទាវ ប្រាក់ ច័ន្ទសុខា ប្រធានគណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្រ្តី និងកុមារខេត្តព្រះសីហនុ មានប្រសាសន៍បើកកិច្ចប្រជុំ ជម្រាបជូនពីសកម្មភាពថ្មីរបស់រាជរដ្ឋាភិបាលក្នុងការអនុវត្តវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងព្រិត្តិការណ៍ ៣វិច្ឆិកា ទទួលបានលទ្ធផលល្អ ព្រមទាំងផ្តល់អនុសាសន៍ដល់មន្ទីរ អង្គភាពទាំងអស់ត្រូវសហការជា មួយមណ្ឌលបុរីកុមារកំព្រាខេត្ត និងអង្គការម្លប់តាប៉ាង ប្រឹក្សាជាមួយស្រ្តីជាម្តាយកុមារីពីរនាក់ បានស្នើសុំកូនទាំងពីរនាក់ ឱ្យស្នាក់នៅមណ្ឌលបុរីកុមារកំព្រាខេត្តព្រះសីហនុ ។ តាមដានធ្វើបែបបទស្នើសុំតាមនីតិវិធី លើករណីស្រ្តីដែលមានសតិមិនល្អក្នុងខេត្ត ។ ចុះអង្កេតតាមដានអ្នកស្នាក់នៅអគារប្រៃសណីយ៍ចាស់ ជិតសណ្ឋាគារហ្គោដិនស៊ី ក្រុងព្រះសីហនុ សង្ស័យករណីពាក់ព័ន្ធគ្រឿងញៀន ។

លោកជំទាវ បានបន្តថា ទិសដៅបន្តយើងត្រូវកែលម្អបន្ថែមលើការអនុវត្តការងារកិច្ចការស្ត្រី និងកុមារ ឱ្យកាន់តែមានប្រសិទ្ធភាពថែមទៀត ដោយចុះសួរសុខទុក្ខកុមារដែលទទួលសេវានៅអង្គការ អេល ឃីដស៍ ស្នាក់ការនៅឃុំរាម ស្រុកព្រៃនប់ និងពិនិត្យតាមដានស្ថាន ភាពគ្រួសារប្រជាពលរដ្ឋ មានសមាជិក៨នាក់ ដោយសមាជិកគ្រួសារមានពិការភាពចំនួន ៦នាក់ នៅឃុំតានៃ ស្រុកព្រៃនប់ ។ អនុវត្តន៍យុទ្ធនាការ ១៦ថ្ងៃ ឆ្នាំ២០២០ ក្រោមប្រធានបទ “បង្កើនការវិនិយោគ ដើម្បីទប់ស្កាត់ និងឆ្លើយតបអំពើហិង្សាលើស្ត្រី ក្នុងបរិបទកូវីដ-១៩” និងការរៀបចំផែនការសកម្មភាព និងផែនការថវិកាសម្រាប់ឆ្នាំ២០២១ខាងមុខ ៕