អស្ចារ្យ! ប័ណ្ណ​ចូល​ទស្សនា​អង្គរ​នឹង​ដាក់លក់​តាម​ប្រព័ន្ធ​ ​Online​ ដោយអាចទូទាត់​បានតាមរយៈ​ Credit Card


ថ្មីៗ​នេះ​​ក្រសួង​សេដ្ឋកិច្ច​ និង​ ហិរញ្ញវត្ថុ​ រួម​ជាមួយ​​ ក្រសួងទេសចរណ៍បាន​សម្រេច​​ដាក់​ឲ្យ​មាន​ការ​លក់​​ប័ណ្ណ​ចូល​ទស្សនា​តំបន់​ អង្គរ​​តាម​ប្រព័ន្ធ​ ​Online ដោយ​អាច​ទូទាត់បាន​​តាមរយៈ​ Credit Card​។​

ការ​សម្រេច​ជា​គោលការណ៍​នេះ​ ត្រូវ​បាន​បង្ហាញ​ឡើង​ ​ក្នុង​កិច្ច​ប្រជុំ​ក្រុមប្រឹក្សាភិបាល​ ​អាណត្តិទី១​ លើក​ទី​៥ នាព្រឹកថ្ងៃទី៥ ខែ​មេសា​នេះ​ ក្រោម​អធិបតីភាព​ ឯកឧត្ដម​ទេសរដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តី​ក្រសួងសេដ្ឋកិច្ច និង ​ហរិញ្ញវត្ថុ រួម​ជាមួយ​ ​ឯកឧត្តម​ ថោង ខុន រដ្ឋមន្រ្តី​ក្រសួងទេសចរណ៍ នៅ​ឯ​ទីស្ដីការ​ក្រសួង​សេដ្ឋកិច្ច​ និង ​ហិរញ្ញវត្ថុ។​

យោង​តាម​សេចក្ដីប្រកាស​ព័ត៌មាន​ នៃ​កិច្ច​ប្រជុំ​បាន​បញ្ជាក់​ថា​ «ក្នុង​​ការ​បង្កើន​ប្រសិទ្ធភាព​ នៃ​ការ​ផ្ដល់​សេវា​លក់​ប័ណ្ណ​ឲ្យ​កាន់​តែ​ប្រសើរ​ឡើង​ថែម​ទៀត​ អង្គ​ប្រជុំ​ក៏​បាន​សម្រេច​ឲ្យ​គ្រឹះ​ស្ថាន​អង្គរ​ រៀប​ចំ​អភិវឌ្ឍ​ការ​លក់​ប័ណ្ណ​តាម​ប្រព័ន្ធ​ Online និង ​ទូទាត់​តាមរយៈ​ Credit Card»។

លើស​ពីនេះ​ទៀត អង្គ​ប្រជុំ​ក៏​បាន​វាយ​តម្លៃ​ខ្ពស់​ ​ដល់​គ្រឹះស្ថាន​អង្គរ​ក្នុង​ការ​ដាក់​ឲ្យ​ដំណើរការ​ប្រព័ន្ធ​ព័ត៌មានវិទ្យា ​ថ្មី​ ដើម្បី​សម្រួល​ដល់​ការ​គ្រប់គ្រង​ ប្រតិបត្តិ​ការ​លក់​ប័ណ្ណ ជា​ពិសេស​ការ​គ្រប់គ្រង​ចំណូល​ ការ​គ្រប់គ្រង​ការ​បោះពុម្ព​ប័ណ្ណ។​ មិន​តែ​ប៉ុណ្ណោះ​​ ​ប្រព័ន្ធ​ព័ត៌មានវិទ្យា​ថ្មី​នេះ​នឹង​មាន​ភាព​ងាយស្រួល​ ដល់​ការ​ធ្វើ​សវនកម្ម​ ​ដើម្បី​ធានា​បាន​នូវ​គណនេយ្យ​ភាព​ និង តម្លា​ភាព​នៃ​ការ​គ្រប់គ្រង​ការ​លក់​ប័ណ្ណ​៕