សម្តេចប្រធានព្រឹទ្ធសភាជំរុញឱ្យទូតអាម៉េរិកជួយពង្រឹងផ្នែកទំនាក់ទំនងទ្វេភាគី


      សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា បាន​ស្នើ​ដល់​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក ប្រចាំ​កម្ពុជា ជួយ​ជម្រុញ​បន្ថែម​ទៀត នូវ​ទំនាក់​ទំនង​ទ្វេភាគី រវាង​កម្ពុជា​ និង​សហ​រដ្ឋ​អាម៉េរិក  ក៏ដូច​ជា​ជំនួយ​កម្ពុជា​លើ​វិស័យ​កសិកម្ម សុខា​ភិបាល អប់រំ បរិស្ថាន និង​ផ្នែក​យោធា ។

     ការ​ស្នើ​នេះ ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ដែល សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ អនុញ្ញាត​ឱ្យ ឯកឧត្តម វីលៀម អេហេត ឯកអគ្គ​រដ្ឋទូត​វិសា​មញ្ញ និង​ពេញ​សមត្ថ​ភាព​របស់​សហ​រដ្ឋ​អាម៉េរិក ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ធ្វើ​សវនា​ការ កាល​ពី​ព្រឹក​ថ្ងៃ​ទី០៣ ខែ​កុម្ភៈ នៅ​វិមាន​ព្រឹទ្ធ​សភា ។

     ឯកឧត្តម ម៉ម ប៊ុននាង មន្ត្រី​នាំ​ពាក្យ​ព្រឹទ្ធសភា បាន​ឱ្យ​ថា សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ បាន​សម្តែង​នូវ​ការ​ស្វាគមន៍​យ៉ាង​កក់​ក្តៅ​បំផុត​ចំពោះ ឯកឧត្តម វីលៀម អេហេត ដែល​បាន​ឆ្លៀត​ឱកាស​មក​សម្តែង​ការ​គួរសម និង​សវនា​ការ​នា​ពេល​នេះ ។ តាម​រយៈ​ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត សម្តេច​ប្រធាន​ព្រឹទ្ធ​សភាក៏​បាន​អរគុណ​ផង​ដែរ ចំពោះ​វត្ត​មាន​របស់ ឯកឧត្តម​រដ្ឋ​មន្ត្រី​ក្រសួង​ការបរ​ទេស​អាម៉េរិក ដែល​បាន​មក​ធ្វើ​ទស្សន​កិច្ច​នៅ​កម្ពុជា ក្នុង​ពេល​កន្លង​មក​នេះ ។ សម្តេច​ប្រធាន​ព្រឹទ្ធសភា ក៏បាន​បាន​ស្នើ​ដល់ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​អាម៉េរិក ជួយ​ជម្រុញ​បន្ថែម​ទៀត នូវ​ទំនាក់​ទំនង​ទ្វេភាគី រវាង​កម្ពុជា និង​សហ​រដ្ឋ​អាម៉េរិក  ក៏ដូច​ជា​ជំនួយ​ថែម​ទៀត​មក​កម្ពុជា សម្រាប់​វិស័យ​កសិកម្ម សុខា​ភិបាល អប់រំ បរិស្ថាន ហើយ​និង​ផ្នែក​យោធា ។

     ជា​ការ​ឆ្លើយ​តប ឯកឧត្តម វីលៀម អេ​ហេត បាន​ជម្រាប​ជូន​សម្តេច​ប្រធាន​ព្រឹទ្ធ​សភា អំពី​លទ្ធផល​ជាវិជ្ជមាន រវាង​ជំនួប​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋអាម៉េរិក ជា​មួយ​រដ្ឋ​មន្ត្រី​ក្រសួង​ការ​បរទេស​កម្ពុជា ក៏ដូច​ជា​ជំនួប​រវាង​សម្តេច​នាយក​រដ្ឋ​មន្ត្រី ប្រមុខ​រាជ​រដ្ឋា​ភិបាល​កម្ពុជា ក្នុង​ឱកាស​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​មក​នេះ បាន​បង្ហាញ​នូវ​ទំនាក់​ទំនង​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ជា​ទីបំផុត ។

     ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត បាន​ជម្រាប​ជូន​បន្ថែម​ថា ក្នុង​ដំណើរ​ទស្សន​កិច្ច​របស់​រដ្ឋ​មន្ត្រី​ការ​បរទេស​សហ​រដ្ឋ​អាម៉េរិក​នៅ​កម្ពុជា​នេះ​ដែរ លោក​បាន​ចុះ​ទៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន របស់​កម្ពុជា ជា​មួយ​នឹង​ការ​កោត​សរសើរ និង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​លទ្ធផល នៃ​ការ​អភិវឌ្ឍ​ប្រទេស​ជាតិ​របស់​កម្ពុជា ពិត​ជា​មាន​ការ​រីក​ចម្រើន មិន​ត្រឹម​តែ​នៅ​ទី​ក្រុង​ទេ នៅ​តាម​ជន​បទ​ ខេត្ត​ក៏​មាន​ការ​រីក​ចម្រើន​គួរ​ឱ្យ​កត់​សម្គាល់ ។ លោក​សូម​អបអរ​សាទរ និង​សប្បាយ​រីក​រាយ​ណាស់ ចំពោះ​ការ​ប្រឹង​ប្រែង​របស់​រាជ​រដ្ឋា​ភិបាល និង​ប្រជា​ជន​កម្ពុជា ។

     ឯកឧត្តម វីលៀម អេ​ហេត ក៏បាន​ជម្រាប​ជូន​សម្តេច​វិបុល​សេនា​ភក្តី​ដែរ​ថា  ក្នុង​ជំនួប​ទ្វេភាគី​ជា​មួយ​សម្តេច​នាយក​រដ្ឋ​មន្ត្រី​កម្ពុជា   សម្តេច​តេជោ ហ៊ុន សែន បាន​សន្យា​ថា នឹង​អញ្ជើញ​ទៅ​ចូល​រួម​កិច្ច​ប្រជុំ​អាស៊ាន អាម៉េរិក នៅ​ទីក្រុង​កាលី​ហ្វ័រ​ញ៉ា សហ​រដ្ឋ​អាម៉េរិក ដែល​ក្នុង​ដំណើរ​ទស្សន​កិច្ច​នេះ ​នឹង​ជួប​ធ្វើ​ការ​រវាង​ក្រសួង​ហិរញ្ញ​វត្ថុ​កម្ពុជា និង​ក្រសួង​ហិរញ្ញ​វត្ថុ​សហ​រដ្ឋ​អាម៉េរិក ពេល​នោះ​ហើយ កម្ពុជា​នឹង​បាន​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​អំពី​ការ​វិនិយោគ​អំពី​សក្តា​នុពល​របស់​កម្ពុជា ដែល​មាន​ជូន​ដល់​ធុរកិច្ច​អាម៉េរិក​ផង​ដែរ ។ ឯកឧត្តម​ឯកអគ្គ​រដ្ឋទូត​សង្ឃឹម​ថា កម្ពុជា​នឹង​ទទួល​លទ្ធផល​ជា​ទីពេញ​ចិត្ត​ជាក់​ជា​មិន​ខាន ។

     ជា​ការ​ឆ្លើយ​តប​ចំពោះ​សំណូម​ពរ​របស់ សម្តេច​ប្រធាន​ព្រឹទ្ធ​សភា ឯកឧត្តម វីលៀម អេហេត បាន​ស្វាគមន៍​ និង​បាន​សន្យា​ថា នឹង​ជួយ​អំពី​បញ្ហា​នេះ ដោយ​ឡែក​ផ្នែក​យោធា​នៅ​ខែ​ក្រោយ​ នេះនឹង​មាន​ការ​ធ្វើ​សម​យុទ្ធ​យោធា​កម្ពុជា-សហ​រដ្ឋ​អាម៉េរិក​មួយ​នៅ​ខេត្ត​កំពង់​ស្ពឺ ដែល​ពេល​នោះ​នឹង​មាន​ជំនួយ​ផ្នែក​យោធា របស់​សហ​រដ្ឋ​អាម៉េរិក​សម្រាប់​កម្ពុជា​ផង​ដែរ ៕

Say Chhum 3-2-2016 (5)                   Say Chhum 3-2-2016 (4)
Say Chhum 3-2-2016 (2)                    Say Chhum 3-2-2016 (6)