នាយឧត្តមសេនីយ៍ ប៉ុល សារឿន អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីចាត់ការ និងអគារសិក្សាសាលាបើកបរនិងយន្តការី


ប្រសាសន៍ ឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទនៅសាលាបើកបរក្តាន់រយ ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០១៧ ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីចាត់ការ អគារសិក្សាសាលាបើកបរនិងយន្តការី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ក្រសួងការពារប្រទេសនៃសាធារណរដ្ឋសង្គមនិយមវៀតណាម និងអង្គភាពយោធាខេត្តដុងណាយ កងទ័ពប្រជាជនវៀតណាម។ ក្នុងនាម រាជរដ្ឋាភិបាលកម្ពុជា ក្រសួងការពារជាតិ និងអគ្គបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ ខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ បក្ស រដ្ឋាភិបាល កងទ័ព និងប្រជាជនវៀតណាម ដែលជានិច្ចកាលបានជួយឧបត្ថម្ភគាំទ្រយ៉ាងច្រើន ដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងកិច្ចខិតខំប្រឹងប្រែងការពារ កសាង និងអភិវឌ្ឍប្រទេសជាតិ ឱ្យមានការរីកចម្រើនជាលំដាប់។
ក្នុងវិស័យកងទ័ព ភាគីវៀតណាម បានផ្តល់អាហារូបករណ៍ជួយបណ្តុះបណ្តាលដល់កងទ័ពកម្ពុជា និងជួយឧបត្ថម្ភសំណង់អគារ មធ្យោបាយដឹកជញ្ជូន ផ្តល់សម្ភារៈ និងថវិកាជាច្រើន ដល់បណ្តាកងឯកភាពនៃកងយោធពលខេមរភូមិន្ទ សំដៅជំរុញនិងបង្កើនសមត្ថភាពដល់កងយោធពលខេមរភូមិន្ទ។ ហើយជំនួយទាំងនោះ វានឹងនាំមកនូវលទ្ធផលជាផ្លែផ្កាយ៉ាងច្រើនថែមទៀតដល់ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសនិងកងទ័ពទាំងពីរ កម្ពុជា-វៀតណាម ឱ្យកាន់តែរីកចម្រើនរឹងមាំ។
ខ្ញុំសូមថ្លែងការកោតសរសើរ និងអបអរសាទរកម្រិតខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ និងពោរពេញទៅដោយកម្លាំងដ៏រស់រវើក រវាងកងយោធពលខេមរភូមិន្ទ ជាមួយកងទ័ពប្រជាជនវៀតណាម។
ខ្ញុំសូមផ្តាំផ្ញើដល់នាយក នាយករង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ត្រូវខិតខំយកចិត្តទុកដាក់ខ្ពស់ក្នុងការថែរក្សារាល់សមិទ្ធផលទាំងអស់នេះ ឱ្យបានល្អជាប់ជាប្រចាំ និងមានប្រសិទ្ធភាពខ្ពស់ក្នុងការប្រើប្រាស់ឱ្យចំគោលដៅ នៃការបង្កើនគុណភាពបណ្តុះបណ្តាលជំនាញបើកបរ ឱ្យបានច្បាស់លាស់ និងគោរពឱ្យបានត្រឹមត្រូវតាមច្បាប់ដែលបានកំណត់។ ត្រូវសហការជាមួយបណ្តាស្ថាប័នពាក់ព័ន្ធ ដើម្បីចងក្រងឯកសារបង្រៀន ឱ្យមានការរីកចម្រើន ស្របតាមចរន្ត សាកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើប៕