សម្តេចវិបុលសេនាភក្តី សាយ ឈុំ ជួបសំណេះសំណាលជាមួយណៈចលនាសាសនិកឥស្លាមកម្ពុជា


ព្រឹកថ្ងៃទី៦ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ខស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសំណេះសំណាលជាមួយណៈចលនាសាសនិកឥស្លាមកម្ពុជា សម្តេច បានថ្លែងអំណរគុណ ចំពោះឯកឧត្តម អូស្មាន ហាសាន់ ប្រធាន គណៈចលនាសាសនិកឥស្លាមកម្ពុជា ដែលបានរៀបចំអោយមានពិធីជួបជុំនេះឡើង។

សម្តេចបានថ្លែងសរសើរដោយស្មោះ ចំពោះឯកឧត្តម អូស្មាន ហាសាន់ ដែលបានដឹកនាំគណៈចលនាសាសនិកឥស្លាមកម្ពុជា ដំណើរការទៅយ៉ាងរលូន មានប្រសិទ្ធភាព និងទទួលខុសត្រូវ។

សម្តេច បានថ្លែងអំណរសរសើរ ចំពោះសាសនិកឥស្លាមកម្ពុជាទាំងអស់ ដែលបានគោរព ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន នូវធម៌វិន័យរបស់ព្រះអាឡាហ៍ រួមចំណែកដល់ការកសាងសុខដុមនីយកម្មជាមួយព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជំនឿ សាសនាផ្សេងៗទៀត ដែលមានវត្តមាននៅកម្ពុជា ដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនា។

សម្តេចថ្លែងអំណរសរសើរចំពោះសាសនិកឥស្លាមទាំងអស់ ដែលបានចូលរួមអនុវត្តនូវកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលដែលមានយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៣ជាឧបករណ៍ទ្រទ្រង់ នូវការអនុវត្តន៍កម្មវិធីនយោបាយនោះ សម្រេចបានលទ្ធផលល្អគួរជាទីមោទនៈ ធ្វើអោយកម្ពុជាយើង បានប្រែមុខប្រែមាត់ថ្មី ពី១ឆ្នាំ ទៅ១ឆ្នាំ។

សម្តេច អំពាវនាវ អោយសាសនិកឥស្លាមទាំងអស់ ចូលរួមជាមួយអាជ្ញាធរ ភូមិ សង្កាត់ ដើម្បីថែរក្សា សុខសន្តិភាព សន្តិសុខសណ្តាប់ធ្នាប់សាធារណៈ សំដៅបង្កលក្ខណៈសម្បត្តិអោយគ.ជ.ប រៀបចំការបោះឆ្នោត នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ប្រព្រឹត្តទៅក្នុងបរិយាកាសសន្តិភាព គ្មានអំពើហឹង្សា មានលក្ខណៈ សេរី និងយុត្តិធម៌ ដែលទាំងអស់គ្នាអាចទទួលយកបាន។ សម្តេចក៏សូមអំពាវនាវអោយសាសនិកឥស្លាមទាំងអស់ ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតហើយ អញ្ជើញទៅបោះឆ្នោតអោយបានគ្រប់ៗគ្នា ដើម្បីជ្រើសរើសអ្នកដឹកនាំសង្កាត់អាណត្តិថ្មី ដែលមានសមត្ថភាព គុណភាព បទពិសោធន៍ការងារ ត្រូវបានប្រជាជនស្រលាញ់រាប់អាន ជឿទុកចិត្ត និងគាំទ្រ។