អភិបាលខេត្តតាកែវ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករនៅផ្សារអង្គតាសោម ស្រុកត្រាំកក់


តាកែវ៖ បន្ទាប់ពីបញ្ចប់អមដំណើរ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ចុះពិនិត្យមើលការស្ថាបនាផ្លូវជាតិលេខ៣ នៅភូមិសាស្រ្តខេត្តតាកែវ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត រួមជាមួយ លោក ខាន់ សុខា អភិបាលរងខេត្ត និងលោក កៅ វគ្គសែល អភិបាលស្រុកត្រាំកក់ បន្តចុះជួបសំណេះសំណាលជាមួយបងប្អូនអាជីវករ លក់ដូរនៅក្នុងផ្សារអង្គតាសោម ស្ថិតនៅឃុំអង្គតាសោម ស្រុកត្រាំកក់ និងផ្សព្វផ្សាយអំពីវិធានការទប់ស្កាត់ និងបង្ការជំងឺកូវីដ-១៩។

មានមតិសំណេះសំណាលនាឱកាសនោះដែរ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត បានអប់រំផ្សព្វផ្សាយអំពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមបណ្ដាប្រទេសមួយចំនួនលើសកលលោក ជាពិសេស ស្ថានភាពបច្ចុប្បន្នរបស់ប្រទេសកម្ពុជា និងបានស្នើដល់អាជ្ញាធរស្រុក និងមន្ដ្រីពាក់ព័ន្ធទាំងអស់ ត្រូវតែបន្ដយកចិត្តទុកដាក់ពិនិត្យ និងតាមដានជាប្រចាំ ចំពោះបងប្អូនប្រជាពលរដ្ឋ ដែល ទើបវិលត្រលប់មកពីក្រៅប្រទេស ដើម្បីឲ្យរួមគ្នាបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ឱ្យកាន់មានប្រសិទ្ធភាពខ្ពស់។

ចុងក្រោយ ឯកឧត្តម អ៊ូច ភា អភិបាលខេត្ត ក៏បានសំណូមពរបងប្អូនប្រជាពលរដ្ឋទាំងអស់ រួមទាំងអាជ្ញាធរមូលដ្ឋាន ចូលរួមការប្រយុទ្ធប្រឆាំងនៃការរីករាលដាលជំងឺកូវីដ-១៩ ដោយអនុវត្តការណែនាំរបស់ក្រសួងសុខាភិបាល ដូចជា ពាក់ម៉ាស់, លាងដៃ, គម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដោយចាប់ពី ១ម៉ែត្រកន្លះឡើងទៅ ឱ្យបានគ្រប់គ្នា នៅគ្រប់ទីកន្លែង កុំចូលទៅកន្លែងបិទជិតគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក រកកន្លែងមានខ្យល់ចេញចូល, កុំទៅកន្លែងមនុស្សច្រើនកុះករ, កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា កុំកៀកស្មាគ្នាជាដើម ៕