ពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនដល់មន្ទីរបរិស្ថាន និងឧទ្យានុរក្សសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ


នៅទីស្តីការក្រសួងបរិស្ថាន រសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៧ អគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថានបានរៀបចំពិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិជូនដល់មន្ទីរបរិស្ថាន និងឧទ្យានុរក្សសម្រាប់ប្រើប្រាស់ក្នុងការងារគ្រប់គ្រងតំបន់ការពារធម្មជាតិ។ ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាព ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងមានការអញ្ជើញចូលរួមពីតំណាងអង្គការ Winrock International ប្រចាំនៅកម្ពុជា តំណាងមន្ទីរបរិស្ថានខេត្ត និងឧទ្យានុរក្សមកពីខេត្តចំនួន១៧ ដែលមានតំបន់ការពារធម្មជាតិធំៗ, និងមន្ត្រីពាក់ព័ន្ធ សរុបចំនួន៥២នាក់។
កម្មវិធីប្រគល់ផែនទីតំបន់ការពារធម្មជាតិនេះ ធ្វើឡើងដើម្បីផ្តល់នូវផែនទីជាក់លាក់ ផ្តល់ភាពងាយស្រួលដល់អ្នកពាក់ព័ន្ធ ជាពិសេសបណ្តាមន្ទីរបរិស្ថានខេត្ត និងមន្រ្តីឧទ្យានុរក្ស ដែលជាអ្នកធ្វើការផ្ទាល់ជាមួយសហគមន៍ ក្នុងការអនុវត្តការងារថែរក្សា និងអភិរក្សតំបន់ការពារធម្មជាតិនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្តម សាបូ អូស្សាណូ បានមានប្រសាសន៍ផងដែរថា តាមរយៈការបោះពុម្ពផែនទីនេះ គឺជាការធ្វើបច្ចុប្បន្នភាពផែនទី ជាពិសេសទាក់ទងនឹងតំបន់ការពារធម្មជាតិ ដើម្បីផ្តល់នូវភាពងាយស្រួលដល់មន្រ្តីឧទ្យានុរក្ស ដែលមានភារកិច្ចសំខាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ ក៏ប៉ុន្តែការប្រើប្រាស់ ក៏ត្រូវប្រើប្រាស់អោយចំគោលដៅផងដែរ ក្នុងការចូលរួមការពារ ដែលជាធាតុចំរុះធានាអឱ្យបាននូវការថែរក្សាធនធានសត្វព្រៃទាំងនោះ។
គួរបញ្ជា្កក់ដែរថា ផែនទីដែលត្រូវប្រគល់ជូនដល់មន្ទីរបរិស្ថាន និងមន្រ្តីឧទ្យានុរក្សនេះ មានចំនួន៣២៤ផ្ទាំង ដែលមានការរៀបចំដោយនាយកដ្ឋានសេវាកម្មព័ត៌មានភូមិសាស្រ្ត សហការណ៍ជាមួយអង្គការ Winrock International ដែលគាំទ្រថវិកាដោយ ភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិUSAID ។