នៅព្រឹកថ្ងៃអង្គារ ទី១២ ខែមករា ឆ្នាំ២០២១ ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំបិទផ្សាយជាសាធារណ:នូវឯកសារនៃការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ជាប្រព័ន្ធស្ថិតនៅភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដោយមានការចូលរួមពីលោកអភិបាលរងខេត្ត អភិបាលស្រុកកំពង់សីលា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ អង្គភាពពាក់ព័ន្ធផងដែរ។
លោក ចេង ស្រុង ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តព្រះសីហនុ បានសំណូមពរដល់ម្ចាស់ក្បាលដីមួយចំនួនដែលនៅជាប់ផ្លូវ រឺត្រូវបើកផ្លូវ ឱ្យចូលរួមសហការជាមួយមន្ត្រីជំនាញសុរិយោដី ដោយធ្វើសប្បទាន រឺបរិច្ចាគដីផ្នែកខ្លះ សម្រាប់ទុកធ្វើផ្លូវលូ បណ្ដាញផ្លូវរំដោះទឹក ដើម្បីបម្រើជាប្រយោជន៍រួមរបស់សាធារណៈ ហើយជាលទ្ធផលក្នុងថ្ងៃនេះ និងប្រជាពលរដ្ឋជាម្ចាស់ដី និងអ្នកកាន់កាប់ដី ទទួលបាននូវសារៈប្រយោជន៍ដូចជា ៖
រដ្ឋគ្រប់គ្រងដីធ្លីទាំងដីរដ្ឋ និងដីឯកជន ដែលធ្វើឲ្យរដ្ឋមានការងាយស្រួលក្នុងការងាររៀបចំដែនដីការបែងចែកដី ការលើកស្ទួយកម្រិតជីវភាព រស់នៅរបស់ប្រជាពលរដ្ឋ និងការកាត់បន្ថយទំនាស់ ព្រមទាំងធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីរបស់ប្រជាពលរដ្ឋ ហើយអាចប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីដើម្បីផលប្រយោជន៍ផ្សេងៗ ក្នុងការប្រកបមុខរបរ ឬអាជីវកម្មរបស់ខ្លួនទទួលបាននូវសិទ្ធិស្របច្បាប់ ក្លាយជាម្ចាស់ដីពិតប្រាកដ ដែលត្រូវបានការពារដោយច្បាប់ និងធានាដោយរដ្ឋ ដែលអាចធ្វើការបង្កបង្កើនផល ឬប្រកបមុខរបរផ្សេងៗទៀត លើដីធ្លីរបស់ខ្លួនដោយគ្មានការព្រួយបារម្ភ។ ហើយបន្ទាប់ពីបញ្ចប់ការបិទផ្សាយគឺចាប់ពីថ្ងៃទី ១២ ដល់ថ្ងៃទី ២៦ ខែមករា ឆ្នាំ២០២១ រយ:ពេល១៥ ថ្ងៃ នេះទៅយើងនឹងទទួលបាននូវទិន្នន័យមួយមានភាពសុក្រឹត្យត្រឹមត្រូវសម្រាប់ការចេញវិញ្ញាបនប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិ)ជូនបងប្អូនប្រជាពលរដ្ឋដែលជាអ្នកកាន់កាប់ដីក្នុង ភូមិចាំស្រី ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ផ្ដាំផ្ញើដល់សាធារណជនដែលជាអ្នកកាន់កាប់ដី លំនៅឋានស្ថិតនៅក្នុងតំបន់ធ្វើការ វវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ
ដើម្បីអនុវត្តតាមខ្លឹមសារខាងលើ គណៈកម្មការរដ្ឋបាល នឹងធ្វើការបិទផ្សាយជាសាធារណៈ នូវឯកសារនៃការវិនិច្ឆ័យ ប្លង់សុរិយោដី និងបញ្ជីឈ្មោះម្ចាស់ដី ដែលក្រុមចុះបញ្ជីដីធ្លី នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានធ្វើការវាស់វែង និងប្រមូលទិន្នន័យកន្លងមក។
ឯកឧត្តម អភិបាលបានបន្តទៀតថាការចុះបញ្ជីដីធ្លី គឺជាសកម្មភាពពិត នៃការផ្ដល់សុវត្ថិភាពដីធ្លី និង ការបង្កេីនមូលធន ជូនកម្មសិទ្ធិករ។
ក្នុងនោះដែរឯកឧត្តម អភិបាលខេត្ត ក៏បានអំពាវនាវដល់សាធារណជន និងអង្គភាពនានា ដែលពាក់ព័ន្ធដីធ្លី ក្នុងតំបន់វិនិច្ឆ័យខាងលើឱ្យចូលរួមពិនិត្យ លើទិន្នន័យដែលមាននៅក្នុងឯកសារនៃការវិនិច្ឆ័យ ដើម្បីបញ្ជាក់នៃភាពត្រឹមត្រូវ ឬខុសឆ្គងដែលត្រូវកែតម្រូវ ឬជំទាស់លើទិន្នន័យទាំងនោះ ក្នុងរយៈពេល ១៥ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជាកំហិត នៅក្នុងបរិវេណវត្តឧត្តមមុនីវង្ស ហើយដល់ថ្ងៃផុតកំណត់ គណៈកម្មការរដ្ឋបាលសន្មតថា ទិន្នន័យដែលបានបិទផ្សាយជូនពិនិត្យជាសាធារណៈនេះមាន ភាពត្រឹមត្រូវហើយមិនអាចជំទាស់ ឬតវ៉ានៅពេលក្រោយទៀតបានទៀតទេ៕