ឯកឧត្តម សុខ ឥសាន៖ បោះឆ្នោតដោយសេរី ត្រឹមត្រូវ យុត្តិធម៌លុះត្រា គ្រប់ភាគីអនុវត្តតាមច្បាប់


ភ្នំពេញ៖អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ឯកឧត្តម សុខ ឥសាន បានថ្លែងថា ការបោះឆ្នោតមួយដោយសេរី ត្រឹមត្រូវ និងយុវត្តិធម៌ លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធទំាងអស់ គោរព និងអនុវត្តច្បាប់ឲ្យបានត្រឹមត្រូវ។

ឯកឧត្តម សុខ ឥសាន បានឲ្យដឹង នៅថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៧ថា យុវជនចង់បានការបោះឆ្នោតមួយសេរី ត្រឹមត្រូវ និង យុត្តិធ៌មគឺជាការត្រឹមត្រូវ ដែលប្រជាពលរដ្ឋគ្រប់រូប ក៏ចង់បានយ៉ាងនេះដែរ ក៏ប៉ុន្តែការចង់បានបែបនេះ លុះត្រាតែគ្រប់ភាគីពាក់ព័ន្ធ អនុវត្តឲ្យបានត្រឹមត្រូវតាមច្បាប់ រួមមាន៖ច្បាប់ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) , ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ , ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ , ច្បាប់ស្តីពីគណបក្សនយោបាយ ព្រមទាំងបណ្តាគោលការណ៍ បទបញ្ជានីតិវិធីក្រមសីលធម៌របស់ គ.ជ.ប។

ឯកឧត្តមបញ្ជាក់ថា បើមានភាគីណាមួយ អនុវត្តមិនបានត្រឹមត្រូវទេនោះ ការបោះឆ្នោតមិនអាច ផ្តល់លទ្ធផលជាវិជ្ជមានដែរ ។ ម៉្យាងទៀត ភាគីគណបក្សប្រជាជនកម្ពុជា និងរាជរដ្ឋាភិបាល គឺពិតជាមិនចង់ឃើញភាគីណាមួយរំលោភច្បាប់  ជាពិសេសខ្លួនឯងផ្ទាល់តែម្តង ខ្លួនឯងល្មើសច្បាប់នោះ ពិតជាជះឥទ្ធពលដល់ការ ដឹកនាំរបស់ខ្លួនជាមិនខាន ។ ដូច្នេះ គណបក្សប្រជាជនកម្ពុជា ជៀសវាងការធ្វើខុសច្បាប់ ឬរំលោភច្បាប់ ។ តាមការជាក់ស្តែង ភាគច្រើន អំពើល្មើសច្បាប់ ច្រើនតែកើតឡើងពីគណបក្សប្រឆាំង។

ឯកឧត្តមថា ពេលកើតបញ្ហា អាងចោទគណបក្ស កាន់អំណាចថា ប្រើតុលាការ ឬប្រើច្បាប់ដើម្បី គាបសង្កត់បក្សប្រឆាំង ។ បញ្ហានេះ មិនត្រូវយល់ច្រឡំទេ បើមិនបានធ្វើខុសច្បាប់ ក៏គេមិនអនុវត្តតាមច្បាប់ដែរ ។តែបើប្រព្រឹត្តខុសច្បាប់ ហើយសមត្ថកិច្ចមាន វិធានការណ៍ និងតុលាការមាននីតិវិធី តាមគោលការណ៍ច្បាប់នោះ មិនមានន័យថា គាបសង្កត់ទេ  សូមកុំយល់ច្រឡំ ឬកុំនិយាយមួលបង្កាច់ ។

ឯកឧត្តមគូសបញ្ជាក់ថា បើអនុវត្តច្បាប់ បានព្រមៗគ្នានោះ សង្ឃឹមថា ការបោះឆ្នោតនឹងដំណើរការប្រកបដោយ ប្រជាធិបតេយ្យ សេរី ត្រឹមត្រូវ និងយុត្តិធ៌ម សមស្របតាមតាមបំណងប្រាថ្នា ចង់បានទាំងអស់គ្នា ៕