ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងរៀបចំព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ » ដើម្បីអបអរឆ្នាំថ្មី និងបង្កើនភាពសប្បាយរីករាយ ជូនពលរដ្ឋនៅភ្នំពេញ ដែលមិនចាកចេញទៅតាមខេត្តផ្សេងៗ។ ព្រឹត្តិការណ៍នេះ មានការលេងល្បែងប្រជាប្រិយ ការតាំងពិព័រណ៌ និងការប្រគំតន្ត្រីផ្សេងៗ។ «សង្ក្រាន្តវត្តភ្នំ»នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៦ មេសា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ បានបង្កើតព្រឹត្តិការណ៍ «សង្ក្រាន្តវត្តភ្នំ » ក្នុងគោលបំណងបង្កើនការភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរ នាឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។ «សង្ក្រាន្តវត្តភ្នំ»នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ១៤-១៦ មេសា នៅរមណីយដ្ឋានវប្បធម៌ប្រវត្តិសាស្ត្រវត្តភ្នំ។
អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានអោយដឹងថា រដ្ឋបាលរាជធានីភ្នំពេញ រៀបចំកម្មវិធីនេះ ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មី និងផ្ដល់ឱកាសជូនពលរដ្ឋនៅភ្នំពេញ ដែលមិនបានចាកចេញពីក្រុង ទៅកម្សាន្តនៅតាមខេត្ត ឬតាមរមណីយដ្ឋានផ្សេងៗ ឲ្យទទួលបានភាពសប្បាយរីករាយ។ ជាពិសេស លោក បញ្ជាក់ថា នៅឆ្នាំនេះ មានកម្មវិធីប្លែកៗជាច្រើន ដែលខុសពីឆ្នាំមុនៗ ដូចជា ពិធីសាសនា ពិធីពូនភ្នំខ្សាច់ ពិធីគោរពទួលអ្នកតាភូមិ និងពិធីស្រង់ព្រះ។ ម្យ៉ាងទៀត ព្រឹត្តិការណ៍នេះ ក៏មានការសម្ដែងរបាំត្រុដិ ការលេងល្បែងប្រជាប្រិយ ១៦ប្រភេទ ការតាំងបង្ហាញផ្ទះបុរាណ ការតាំងបង្ហាញនំបង្អែមខ្មែរ ការប្រគំតន្ត្រីប្រពៃណីខ្មែរ និងការប្រគំតន្ត្រីខ្នាតធំជាដើម។
អ្នកនាំពាក្យរូបនេះ អះអាងថា រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំសន្តិសុខ ជូនប្រជាពលរដ្ឋដែលមកកម្សាន្តនៅក្នុងរមណីយដ្ឋានវត្តភ្នំ ទាំងសុវត្ថិភាព និងចរាចរណ៍ ដោយសាលារាជធានី បានរៀបចំចំណតយានជំនិះ នៅទីលានប្រជាធិបតេយ្យ ដើម្បីផ្ដល់ភាពងាយស្រួល និងកុំឲ្យមានការកកស្ទះចរាចរណ៍។ លោក ម៉េត មាសភក្ដី សង្ឃឹមថាឆ្នាំនេះ មានប្រជាពលរដ្ឋមកកម្សាន្តច្រើនជាងឆ្នាំមុនៗ ព្រោះឆ្នាំនេះ មានការរៀបចំ និងផ្សព្វផ្សាយបានទូលំទូលាយ។