ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងពិធីផ្សព្វផ្សាយសៀវភៅ អភិបាលកិច្ចប្រទេសចិន


នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០១៧នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា អញ្ជើញជាអធិបតីក្នុង ពិធីផ្សព្វផ្សាយសៀវភៅប្រធានាធិបតីចិន លោក ស៊ី ជិនពីង ដែលមានចំណងជើងថា «ស៊ី ជិនពីង៖ អភិបាលកិច្ចប្រទេសចិន» ដែលត្រូវបានបកប្រែជាភាសាខ្មែរ។

ពិធីផ្សព្វផ្សាយសៀវភៅ របស់លោកប្រធានាធិបតីចិន ត្រូវបានធ្វើឡើងដោយមានកិច្ចសហការ វាងរាជបណ្ឌិត្យសភាកម្ពុជា ជាមួយវិទ្យាស្ថានខុងជឺ។  ពិធីនេះធ្វើឡើងនៅវិមានសន្តិភាព ដោយមានការអញ្ជើញចូលរួមជា អធិបតីផងដែរពីលោក JIANG Jianguo រដ្ឋមន្រ្តី ក្រុមប្រឹក្សាព័ត៌មានរបស់ចិន។

សៀវភៅ​នេះ​​បាន​ចង​ក្រងនូវ​អត្ថបទចំនួន៧៩ ​អត្ថបទ​របស់​លោក​ស៊ី ជិនពីង​ ក្នុង​ចន្លោះ​​​ពី​ខែ​វិច្ឆិកា ​ឆ្នាំ​២០១២ ​ដល់​ខែ​មិថុនា ​ឆ្នាំ​២០១៤ ដែលក្នុងនោះរួមមាន​សុន្ទរកថា សេចក្តី​បង្គាប់​បង្ហាញ​ និង​សារ​លិខិត​ជូនពរជាដើម។ បច្ចុប្បន្ន​សៀវភៅនេះ​ បាន​​បកប្រែ​ជា១៦ភាសា ព្រមទាំងបោះពុម្ព​ផ្សាយបាន​ចំនួន​៦លាន​ ២សែន​ក្បាលនៅលើ​សាកល​លោក​ទាំងមូល​។ ក្នុង​សៀវភៅ​នេះរួម​មានទាំង​គោលការណ៍​ណែនាំ​សំខាន់ៗ អំពី​គោល​នយោបាយ​​​​អភិបាលកិច្ច​រដ្ឋ​និង​​ការគ្រប់គ្រង​នយោបាយ ​សុបិន​និងក្តី​សង្ឃឹម​របស់​ប្រជាពល​រដ្ឋ​​​សាមញ្ញ ​មធ្យោបាយល្អ​សម្រាប់​​ដោះស្រាយ​បញ្ហា​លំបាកៗ ផែនទី​បង្ហាញ​ផ្លូវ​​សម្រាប់​ការ​​អភិវឌ្ឍ​​វែង​ឆ្ងាយ មាគ៌ា​​អភិវឌ្ឍន៍​របស់ប្រទេស​​ចិន ព្រមទាំង​ការគិត​ពិចារណា​អំពី​​ការអភិវឌ្ឍ​របស់​ពិភព​លោក ​និង​ជោគ​វាសនា​របស់មនុស្ស​ជាតិ​ផងដែរ ។

ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន៖

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សៀវភៅនេះ បានចូលរួមចំណែកផ្តល់នូវចំណេះដឹងលើអភិបាលកិច្ចបន្ថែមទៀតនៅកម្ពុជា។

* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចិននៅតែដើរតួយ៉ាងសំខាន់លើវិស័យពាណិជ្ជកម្មនៅកម្ពុជា និងនៅលើពិភពលោក។

* សម្តេចតេជោ ហ៊ុន សែន បន្តថា ចិន គឺជាជន្ទល់ដ៏សំខាន់សម្រាប់ការងើបឡើងវិញនូវពាណិជ្ជ សេដ្ឋកិច្ចទាំងក្នុងតំបន់ និងលើពិភពលោក។ ជាពិសេសការរក្សាបាននូវស្ថេរភាពនយោបាយនៅក្នុងតំបន់ និងពិភពលោកផងដែរ។

* សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា ទំនាក់ទំនងកម្ពុជា-ចិន មានអាយុកាលមិនតិចជាង ២០០០ឆ្នាំនោះទេ ពោលគឺចាប់តាំងសម័យហ្វណនមកម្ល៉េះ។

* សម្តេចតេជោ បន្តថា ឈរលើមូលដ្ឋាននេះ បានធ្វើឲ្យទំនាក់ទំនងកម្ពុជា កាន់តែល្អប្រសើរ និងរីកចម្រើនជាបន្តបន្ទាប់។

* សម្តេចនាយករដ្ឋមន្រ្តី បានថ្លែងបន្តថា តាមរយៈកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដែលបានផ្តើមឡើងចាប់តាំងពីឆ្នាំ២០១០ បានធ្វើឲ្យប្រទេសទាំងពីរទទួលបាន ផលប្រយោជន៍កាន់តែច្រើន។

* សម្តេចតេជោ បានថ្លែងថា ចិន នៅតែជាប្រទេស ដែលបានវិនិយោគធំជាងនៅកម្ពុជា ដោយឆ្នាំ២០១៦ ការវិនិយោគរបស់ចិន បានកើនឡើងដល់ ៥១០០លានដុល្លារអាមេរិក។

* សម្តេចនាយករដ្ឋមន្រ្តីថា សៀវភៅរបស់លោក ស៊ី ជិនពីង បានឆ្លុះបញ្ចាំង និងប្រមូលគំនិតសំខាន់ៗជាច្រើនក្នុងការដឹកនាំ និងអភិវឌ្ឍន៍ប្រទេស។

* សម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យយកសៀវភៅរបស់ ស៊ី ជិនពីង ទៅអាន ដើម្បីដកស្រង់នូវខ្លឹមសារ និងយុទ្ធសាស្រ្តល្អៗ ធ្វើជាពិសោធន៍ក្នុងការដឹកនាំរបស់ខ្លួន។