ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម៖ សម្តេចតេជោ ហ៊ុន សែន ជាមគ្គទេសក៍ឯកក្នុងសមរភូមិកូវីដ១៩ និងការដោះស្រាយវិបត្តិរបស់ជាតិ


(ឧត្តរមានជ័យ)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានលើកឡើងថា ឆ្នាំ២០២០ ជាពេលវេលាមួយដ៏លំបាកសម្រាប់ជាតិ និងប្រជាជនកម្ពុជា ព្រោះតែការយាយីនៃជំងឺកូវីដ១៩។ តែទោះការលំបាកនេះត្រូវបានជម្នះក្រោមការដឹកនាំ និងការដាក់ចេញផែនការនានាប្រកបដោយប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយរបាយការណ៍បូកសរុបលទ្ធផលការងារប្រចាំឆ្នាំរបស់គណៈកម្មាធិការកណ្តាល នៃគណបក្សប្រជាជនកម្ពុជានៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២១ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តឧត្តរមានជ័យ បានលើកឡើងថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខគណបក្សប្រជាជនកម្ពុជា រួមនិងថ្នាក់ដឹកនាំ ក៏ដូចជាសមាជិក សមាជិកា បានពុះពារជម្នះការលំបាកជាច្រើន ដើម្បីរក្សាបាននូវដំណើរការជាតិ និងស្ថេរភាពម៉ាក្រូសេដ្ឋកិច្ច។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បានបញ្ជាក់ដូច្នេះ ការផ្ទុះឡើងនៃជំងឺកូវីដ១៩ បានធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរមកលើសេដ្ឋកិច្ច សង្គម នៃបណ្តាប្រទេសលើពិភពលោក រួមទាំងកម្ពុជា។ តែយើងធ្វើបានល្អលើការប្រយុទ្ធប្រឆាំងកូវីដ១៩ រហូតមកដល់ពេលនេះកម្ពុជាមិនមានអ្នកស្លាប់ដោយកូវីត១៩ និងត្រូវបានទទួលស្គាល់ជាប្រទេសដែលមានការគ្រប់គ្រងជំងឺកូវីដ១៩ បានល្អជាងគេ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម បន្ថែមថា ក្នុងឆ្នាំ២០២០កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានដាក់ចេញនូវគោលនយោបាយជាច្រើនទៀត ជួយសង្គ្រោះប្រជាពលរដ្ឋរងផលប៉ះពាល់ធ្ងន់ធ្ងរដោយសារជំងឺកូវីដ១៩ និងបានបញ្ចេញកញ្ចប់ថវិកា ជួយទ្រទ្រង់ដល់ដំណើរការរបស់រោងចក្រ សហគ្រាស ក៏ដូចជាលើកកម្ពស់វិស័យកសិកម្ម។

លើសមរភូមិកូវីដ១៩ និងការដោះស្រាយវិ បត្តិបង្កដោយជំងឺកូវីដ១៩នេះ សម្តេចតេជោ គឺជាមគ្គទេសក៍ឯក ដោយលោកបានប្រឹងប្រែងគ្រប់យុទ្ធវិធីទាំងអស់ ដើម្បីធានាឱ្យបាននូវដំណើរការសេដ្ឋកិច្ចជាតិរបស់យើង។ នេះជាការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម។

ក្នុងកិច្ចប្រជុំនៅព្រឹកមិញនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំដល់មន្ត្រីបក្សក្នុងខេត្តឧត្តរមានជ័យ បន្តរក្សាឱ្យបាននូវសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ជំរុញការអនុវត្តគោលនយោបាយ ភូមិ ឃុំមានសុវត្ថិភាព ទប់ស្កាត់ បង្ក្រាបការជួញដូរ ប្រើបា្រស់គ្រឿងញៀន និងបទល្មើសនានា។

ឯកឧត្តមទេសរដ្ឋមន្ត្រីក៏បានជំរុញការពង្រឹង និងអនុវត្តច្បាប់ ចាត់វិធានការបង្ក្រាបរាល់សកម្មភាពណាដែលប់ះពាល់ដល់សន្តិសុខសណ្តាប់ធ្នាប់សង្គម។ បន្តផ្សព្វផ្សាយជំរុញការអនុវត្តវិធានការ ការពារជំងឺកូវីដ១៩ របស់ក្រសួងសុខាភិបាល គ្រប់គ្រងត្រួតពិនិត្យពលករឆ្លងដែន និងដាក់ឱ្យធ្វើចត្តាឡីស័ក្កឱ្យបានត្រឹមត្រូវ។

ឯកឧត្តមទេសរដ្ឋមន្ត្រី គន់ គីម ក៏បានណែនាំមន្ត្រីបក្សក្នុងខេត្តគ្រប់ថ្នាក់ និងក្រុមការងារ ត្រូវរក្សាការសាមគ្គីឯកភាពផ្ទៃក្នុងបក្សចាត់តាំងធ្វើបច្ចុប្បន្នភាពសមាជិកបក្ស ដើម្បីពង្រឹងការងារគ្រប់គ្រងសមាជិកបក្ស និងរបៀបរបបធ្វើការរបស់គណៈបក្សគ្រប់ថ្នាក់ ជម្រុញការកសាងសមាជិកបក្សថ្មី។ បន្ថែមពីលើនោះក្រុមការងារ និងមន្ត្រីបក្សខេត្តគ្រប់ថ្នាក់ត្រូវបន្តចុះទៅមូលដ្ឋាន និងតាមខ្នងផ្ទះប្រជាពលរដ្ឋ ដើម្បីដោះស្រាយបញ្ហាប្រឈម របស់ពួកគាត់បានទាន់ពេលវេលា៕