អ្នកនាំពាក្យក្រសួងយុត្តិធម៌៖ សំណុំរឿង លោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ


ឯកឧត្តម ជិន ម៉ាលីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១នេះ បានលើកឡើងថា សំណុំរឿង លោក កឹម សុខា អតីតប្រធាន នៃអតីតគណបក្សសង្រ្គោះជាតិ ពេលនេះកំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណា គឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។

ការលើកឡើងរបស់ ឯកឧត្តម ជិន ម៉ាលីន បានធ្វើឡើងបន្ទាប់ពីក្រុមមេធាវីរបស់ លោក កឹម សុខា កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ បានដាក់លិខិតមួយស្នើទៅកាន់ប្រធានក្រុមប្រឹក្សាជំនុំជម្រះ នៃសាលាដំបូងរាជធានីភ្នំពេញ ឱ្យធ្វើការបន្តការជំនុំជម្រះក្តី នៃសំណុំរឿងរបស់ លោក កឹម សុខា កាលពីឆ្នាំ២០១៧។

ពាក់ព័ន្ធនឹងទិដ្ឋភាពច្បាប់ និងបច្ចុប្បន្នភាពសំណុំរឿងរបស់ លោក កឹម សុខា នេះ អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់៥ចំណុចដូចតទៅ៖

ទី១៖ សំណុំរឿងលោក កឹម សុខា កំពុងស្ថិតក្នុងចំណាត់ការរបស់តុលាការ ហើយការសម្រេចបែបណាគឺជាឆន្ទានុសិទ្ធិរបស់តុលាការ ដែលជាស្ថាប័នឯករាជ្យ។

ទី២៖ លោក កឹម សុខា បាននិងកំពុងប្រើប្រាស់សិទ្ធិក្នុងការការពារខ្លួនយ៉ាងពេញលេញតាមផ្លូវច្បាប់ ដោយមានមេធាវីការពារដល់ទៅ ៥រូប។

ទី៣៖ សវនាការលើករណីលោក កឹម សុខា នាពេលកន្លងមក ត្រូវបានធ្វើឡើងជាសាធារណៈ និងប្រកបដោយតម្លាភាព ដោយអនុញ្ញាតឱ្យសង្គមស៊ីវិល តំណាងអង្គទូត ក៏ដូចជាសាធារណជនផ្សេងទៀត បានចូលរួមស្តាប់។ ឧទាហរណ៍ ករណីការពិនិត្យផ្ទៀងផ្ទាត់ភស្តុតាងជា Video Clip ដែលមេធាវីរបស់ កឹម សុខា អះអាងថាជា Video មិនពិត។ ប៉ុន្តែ ក្រោយពេលផ្ទៀតផ្ទាត់បង្ហាញថា Video Clip ដែលផ្តល់ដោយមេធាវីរបស់ លោក កឹម សុខា គឺដូចគ្នានឹង Video Clip ដែលជាភស្តុតាងនៅក្នុងសំណុំរឿង។ ខ្លឹមសារជារួមនៃ Video Clip នេះលោក កឹម សុខា បាននិយាយថា «គាត់ត្រូវបានរៀបចំបណ្តុះបណ្តាល និងឧបត្ថម្ភគាំទ្រដោយបរទេស ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា»

ទី៤៖ ប្រសិនបើករណីបែបនេះកើតឡើងនៅប្រទេសផ្សេង ក៏ប្រទេសនោះនឹងអនុវត្តវិធានការច្បាប់ដូចករណីកម្ពុជាផងដែរ។ ឧទាហរណ៍ ករណីមានការចោទប្រកាន់ថា Donald Trump បានចូលដៃជាមួយ Russia ក្នុងការបោះឆ្នោតនៅសហរដ្ឋអាមេរិកនាពេលកន្លងមក ក៏សហរដ្ឋអាមេរិក បាននឹងកំពុងចាត់ការស៊ើបអង្កេតផងដែរ។

និងទី៥៖ ដោយករណីលោក កឹម សុខា គឺមិនមានការឃុំខ្លួននោះទេ ហេតុដូចនេះ ការបើកសវនាការលើសំណុំរឿងនេះ គឺមិនមែនជាអាទិភាពនោះទេ។ អាទិភាពពិតប្រាកដ គឺការបើកសវនាការចំពោះសំណុំរឿងដែលមានអ្នកជាប់ឃុំ ដើម្បីជៀងវាងកុំឱ្យមានការឃុំខ្លួនហួសកាលកំណត់របស់ច្បាប់ ជាពិសេសស្របពេលដែលតុលាការកំពុងអនុវត្តយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿងព្រហ្មទណ្ឌ ក្នុងគោលដៅឈានទៅរកការដោះស្រាយបញ្ហាចង្អៀតណែនក្នុងពន្ធនាគារ។ ហេតុដូចនេះ ប្រសិនបើលោក កឹម សុខា ស្ថិតក្នុងការឃុំ នោះសវនាការសំណុំរឿងនេះក៏នឹងត្រូវយកមកចាត់ការជាអាទិភាពផងដែរ។

លោក កឹម សុខា ធ្លាប់ត្រូវបានសមត្ថកិច្ចចាប់ខ្លួន កាលពីថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបានឃុំខ្លួនក្នុងពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ រយៈពេលជាង១ឆ្នាំ ក្រោមការប្រកាន់ពីបទ «សន្ទិដ្ឋិភាពជាមួយបរទេស» ក្រោយបែកធ្លាយវីដេអូមួយ ដែលលោកសារភាពថា លោកអនុវត្តតាមការណែនាំពីបរទេសដើម្បីធ្វើការផ្លាស់ប្តូរប្រទេសកម្ពុជា ដោយយកលំនាំតាមប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។ ក្រោយមកលោកត្រូវបានតុលាការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ ដោយភ្ជាប់ជាមួយនឹងលក្ខខណ្ឌមួយចំនួន៕