ក្រសួងការងារ នឹងចាក់ផ្សាយពីកម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ជំនាញលើកទី១ នៅកម្ពុជាដើមខែកុម្ភៈឆ្នាំ២០២១


ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងចាក់ផ្សាយកម្មវិធីប្រកួតប្រជែងគម្រោង នវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ជំនាញលើកទី១នៅកម្ពុជា នៅដើមខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ។

នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថតសុន្ទរកថាដើម្បីចូលរួមក្នុងឱកាសប្រកាស ជ័យលាភីនៃ “កម្មវិធីប្រកួតប្រជែងគម្រោងនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍន៍ជំនាញ លើកទី១នៅកម្ពុជា” ដែលនឹងត្រូវធ្វើការចាក់ផ្សាយនៅលើហ្វេកប៊ុករបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងហ្វេកប៊ុករបស់អង្គការសហប្រជាជាតិប្រចាំប្រទេសកម្ពុជា នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខ ចាប់ពីម៉ោង ៣:៣០នាទី ដល់៤:៣០នាទីល្ងាច។

ក្នុងនាមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវ សេចក្តីសោមនស្សរីករាយជាអនេកក្នុងឱកាសប្រកាសជ័យលាភីនៃ “កម្មវិធីប្រកួតប្រជែង គម្រោងនវានុវត្តន៍ដើម្បីដោះស្រាយបញ្ហាអភិវឌ្ឍជំនាញលើកទី១ នៅកម្ពុជា” ដែលសហការ រៀបចំឡើងដោយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងអង្គការសហប្រជាជាតិប្រចាំ ប្រទេសកម្ពុជា ដែលកម្មវិធីប្រកួតប្រជែងនេះចាប់ផ្តើមដំណើរការតាំងពីខែតុលា ឆ្នាំ២០២០ កន្លងមកនេះ ក្នុងគោលបំណង៖ ១. លើកកម្ពស់ប្រសិទ្ធភាពនៃកម្មវិធី អប់រំបណ្តុះ បណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ តាមប្រព័ន្ធអនឡាញ និង២.បង្កើតភាពជាដៃគូថ្មីៗ ជាមួយគ្រប់ភាគីពាក់ព័ន្ធប្រកបដោយនវានុវត្តន៍ ដើម្បីដោះស្រាយបញ្ហាប្រឈមរបស់កម្មវិធី អប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ក្នុងសម័យឌីជីថលនៅថ្នាក់ជាតិ៕

ដោយ អ៊ាង ប៊ុនរិទ្ធ