ឆ្នាំនេះបុណ្យមាឃបូជាប្រព្រឹត្តិទៅតាមធម្មតា ប៉ុន្តែកាត់បន្ថយអ្នកចូលរួម


លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតីពីធីបុណ្យមាឃបូជានៅភ្នំព្រះរាជទ្រព្យ(ឧត្ដុង្គ)  ដែលមាន​ទីតាំងស្ថិតនៅ ក្នុងស្រុកពញាឮ ខេត្តកណ្ដាល ដោយមានការយាង និងអញ្ជើញចូលរួមពីសម្ដេច​ព្រះសង្ឃរាជ សម្ដេច ព្រះសង្ឃនាយក សម្ដេចព្រះសង្ឃនាយករង មន្ត្រីសង្ឃ សមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល មន្ត្រីរាជការ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋ និងសិស្សានុសិស្សដែល​មកពីខេត្តកណ្ដាល កំពង់ស្ពឺ កំពង់ឆ្នាំង និងរាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២១។

ឆ្នាំនេះគណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានរៀបចំបុណ្យមាឃបូជា នៅភ្នំព្រះរាជទ្រព្យប្រព្រឹត្តិទៅធម្មតា ប៉ុន្តែកាត់បន្ថយ ដោយកំណត់និមន្ត ព្រះសង្ឃចូលរួមត្រឹមតែ៨០អង្គ និងពុទ្ធបរិសទ័ចូលរួម ប្រមាណជាង ៥០០នាក់ប៉ុណ្ណោះ។

ការកំណត់អ្នកចូលរួមនេះ ដើម្បីឆ្លើយតបគោលការណ៍ របស់រាជរដ្ឋាភិបាល និងវិធានសុវត្តិភាពរបស់ក្រសួងសុខាភិបាលសំដៅការពារទប់ស្កាត់ ការឆ្លងរាតត្បាតជម្ងឺកូវីដ-១៩ចូលក្នុងសហគមន៍។

ការប្រារព្ធពិធីបុណ្យមាឃបូជា គណៈកម្មាធិការរៀបចំបុណ្យជាតិ និងអន្តរជាតិបានប្រារព្ធធ្វើឡើង នៅក្នុងបរិវេណ ព្រះមហាសក្យមុនីចេតីយ ភ្នំព្រះរាជទ្រព្យស្តិតនៅ ស្រុកពញាឮ ខេត្តកណ្តាលគឺនៅ ថ្ងៃព្រហស្បត៍ ១៥ កើត ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែមករា ឆ្នាំ ២០២០១នេះ។

ពិធីដ៍ឧត្តុង្គឧត្តម បែបព្រះពុទ្ធសាសនានេះបានប្រព្រឹត្តិធ្វើឡើង ក្រោមព្រះរាជវត្តមាន និងវត្តមានចូលរួមដ៍ខ្ពង់ខ្ពស់ ពីសំណាក់សម្តេចព្រះអភិសិរី សុគន្ធា មហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរគ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា,សម្តេចព្រះវនរត្ន័ ណយច្រឹកព្រះសង្ឃនាយករងទី២ ,លោកជំទាវកិត្តិសង្ហហបណ្ឌិត ម៉ែនសំអន ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រី ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា និងអធិការកិច្ច រួមទាំងវត្តមាន ឯកអគ្គរដ្ឋទូត នានា មានសាធារណរដ្ឋឥណ្ឌា,វៀតណាម,មីយ៉ាន់ម៉ា, ថៃឡង់ និងតំណាងស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា។

ក្នុងនោះដែរសង្កេតឃើញវត្តមាន ឯកឧត្តម បណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល ឯកឧត្តម គង់ សោភណ្ឌ័ អភិបាល ខេត្តកណ្តាល ឯកឧត្តមអភិបាលរងខេត្ត និងមន្ត្រីអ្នកមុខអ្នកការជាច្រើនរូបទៀត។

ពិធីបុណ្យមាឃបូជា បានប្រព្រឹត្តិទៅតាមកម្មវិធី ដែលបានគ្រោងទុក ជាបន្តបន្ទាប់តាមបែបព្រះពុទ្ធសាសនាដោយរៀបចំដង្ហែរមាឃបូជា និមន្តព្រះសង្ឃចំរើន ព្រះបរិត្ត នមសក្ការ ព្រះរតនត្រយ័ សម្តែងធម្មទេសនា ពិធីប្រកាសមាឃបូជា ប្រគេនទេយ្យទាននិងរាប់បាត្រព្រះសង្ឃ ជាកិច្ចបង្ហើយបុណ្យ។

គួរបញ្ជាក់ថា៖ «បុណ្យមាឃបូជាប្រារព្ធឡើង ដើម្បីរំលឹកដល់ថៃ្ង ដែលព្រះសម្មា សម្ពុទ្ធ ទ្រង់ប្រកាសបង្កើតព្រះពុទ្ធសាសនាឡើង ក្នុងលោក នា ប្រទេសឥណ្ឌា កាលពី៥៨៨ឆ្នាំមុនគ្រិស្ត សក រាជ នាថៃ្ងទី១៥កើត ខែមាឃ ក្រោយពីការត្រាស់ដឹងរបស់ព្រះអង្គចំនួន៩ខែគត់។ព្រះពុទ្ធសាសនា មិនត្រឹម តែ បាន ធ្វើឲ្យបងប្អូនប្រជាពលរដ្ឋយើងបានរួមរស់ជាមួយគ្នាដោយសុខសាន្តខាង ផ្លូវស្មារតីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង បានរួមចំណែក យ៉ាង សំខាន់នៅក្នុងការពង្រឹងសណ្ដាប់ធ្នាប់ សុខសន្តិភាព ស្ថិរភាពសង្គម ការអភិវឌ្ឍលើគ្រប់វិស័យ និងថែរក្សាការពារ អត្តសញ្ញាណ ជាតិទៀតផង»៕