សម្តេចតេជោ ហ៊ុន សែន អញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន


នៅព្រឹកថ្ងៃចន្ទ ៤រោច ខែមាឃ ឆ្នាំជូត ទោស័ក ពុទ្ធសករាជ ២៥៦៤ ត្រូវនឹងទី០១ ខែកុម្ភៈ ឆ្នាំ២០២១ នេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញបើកការដ្ឋានសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង និងសម្ពោធរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចំការមន។

គម្រោងនេះពង្រីកសមត្ថភាពរោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន គឺជាគម្រោងទី១ របស់ផែនការមេដំណាក់កាលទី៣ ដែលបានបញ្ចប់ការងារសាងសង់ទាំងស្រុងនាខែតុលា ឆ្នាំ២០១៩។​ រោងចក្រប្រព្រឹត្តកម្មទឹកស្អាតចម្ការមន មានសមត្ថភាពផលិតទឹកស្អាត ៥២,០០០ម៉ែត្រគូប ក្នុងមួយថ្ងៃ ដែលពីមុនអាចផលិតទឹកស្អាតបានត្រឹមតែ ១២,០០០ម៉ែត្រគូបក្នុងមួយថ្ងៃប៉ុណ្ណោះ។ នៅក្នុងគម្រោងពង្រីកសមត្ថភាពរោងចក្រនេះ រួមមានការពង្រីកបណ្ដាញបំពង់ទឹកស្អាតប្រវែង ៥៨០គីឡូម៉ែត្រ ក្នុងនោះប្រជាពលរដ្ឋប្រមាណជា ២៨០,០០០នាក់ បានទទួលទឹកស្អាតប្រើប្រាស់ផ្ទាល់ពីបណ្ដាញទឹករបស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។ ជាពិសេសប្រជាពលរដ្ឋចំណូលទាប រស់នៅតាមសហគមន៍ ស្ថិតនៅតំបន់ជាយ រាជធានីភ្នំពេញបែកខាងត្បូង។

ដោយឡែកគម្រោងផ្គត់ផ្គង់ទឹកស្អាតបាក់ខែង គឺជាគម្រោងទី២ របស់ផែនការមេដំណាក់កាលទី៣ នៅពេលសិក្សារបាយការណ៍សមិទ្ធិលទ្ធភាពនៅឆ្នាំ២០១៧ បានកំណត់ទីតាំងរបស់គម្រោងស្ថិតនៅសង្កាត់បាក់ខែង មានចម្ងាយ ១០គីឡូម៉ែត្រ ខាងជើងស្ពានមិត្តភាពកម្ពុជា-ជប៉ុន (ស្ពានជ្រោយចង្វារ)។ ទីតាំងគម្រោងសាងសង់ស្ថិតនៅសង្កាត់បាក់ខែង លើផ្ទៃដីទំហំធំ និងផ្លូវទាំងសងខាងមានទំហំធំទូលាយងាយស្រួលក្នុងការដំឡើងបំពង់មេដែលមានអង្កត់ ផ្ចិតធំ ដើម្បីដាក់ឆ្លងកាត់តាមបាតទន្លេសាប រួចតភ្ជាប់មកតំបន់មួយចំនួននៅរាជធានីភ្នំពេញ។ ពិសេសជាងនេះទៀតនោះ គុណភាពទឹកទន្លេមេគង្គលើមានគុណភាពល្អប្រសើរ ជាងគុណភាពទឹកទន្លេមេគង្គក្រោម។

គម្រោងសាងសង់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតបាក់ខែង គឺជាគម្រោងសាងសង់ដ៏ធំមួយដែលមិនធ្លាប់មានពីមុនមកនៅកម្ពុជា មានសមត្ថភាពផលិតទឹកស្អាត ៤០០,០០០ម៉ែត្រគូបក្នុងថ្ងៃ (សម្រាប់ជំហានទី១ និងជំហានទី២)។ ដំណើរការសាងសង់រោងចក្រនេះ នឹងអនុវត្តជាពីរជំហានស្របគ្នាតែម្ដង និងគ្រោងដាក់ដំណើរការសាកល្បងក្នុងសមត្ថភាពផលិតទឹកស្អាតពាក់កណ្ដាល (ជិត២០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅត្រីមាសទី១ ឆ្នាំ២០២៣ ហើយនឹងដាក់ដំណើរការពេញសមត្ថភាពទាំងពីរជំហាន (ជិត ៤០ម៉ឺនម៉ែត្រគូបក្នុងមួយថ្ងៃ) នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៤។

គេហទំព័រ Facebook សម្តេចតេជោនាយករដ្ឋមន្ត្រី នឹងផ្សាយផ្ទាល់(Live) ពិធីនេះនៅម៉ោង៨:០០នាទីព្រឹក ៕