ឯកឧត្តម វង្សី វិស្សុត ដឹកនាំកិច្ចប្រជុំពិនិត្យសេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចនិងសង្គមឌីជីថលកម្ពុជា


នៅទីស្ដីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី, រដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, អនុប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងជាប្រធានក្រុមការងាររៀបចំ សេចក្ដីព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា បានដឹកនាំកិច្ចប្រជុំកម្រិតបច្ចេកទេសក្រុមការងារអន្តរក្រសួង ដើម្បីពិភាក្សា និងពិនិត្យជារួមទៅលើសេចក្ដី ព្រាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។
យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី ៤ បានចង្អុលបង្ហាញអំពីភាពចាំបាច់ក្នុងការត្រៀមខ្លួនសម្រាប់សេដ្ឋកិច្ចឌីជីថល និងឆ្លើយតបនឹងបដិវត្តន៍ឧស្សាហកម្មទី៤ សំដៅទាញយកអត្ថប្រយោជន៍ជាអតិបរមាពីការរីកចម្រើនយ៉ាងឆាប់រហ័សផ្នែកបច្ចេកវិទ្យា និងឌីជីថលូបនីយកម្ម ទាំងក្នុងប្រទេស តំបន់ និងសកល ។ ស្របតាមការកំណត់របស់ យុទ្ធសាស្ត្រចតុកោណដំណាក់កាលទី ៤, សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្រេច និងណែនាំឱ្យឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដឹកនាំរៀបចំក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា ។ ដោយគិតគូរអំពីការធ្វើបរិវត្តកម្មឌីជីថល (Digital Transformation) ទាំងផ្នែកសេដ្ឋកិច្ច និងផ្នែកសង្គម សម្រាប់កម្ពុជា, ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ចឌីជីថលកម្ពុជា បានពង្រីកវិសាលភាពគ្របដណ្ដប់ទាំងលើផ្នែកសង្គមឌីជីថលផងដែរ ដោយប្រែក្លាយជា ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ។
ក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា គឺជាឯកសារយុទ្ធសាស្ត្រ ដែលបានឆ្លុះបញ្ចាំងពីការគិតគូរវែងឆ្ងាយរបស់រាជរដ្ឋាភិបាល ក្នុងគោលដៅកសាងសង្គម និងសេដ្ឋកិច្ចឌីជីថល ឱ្យក្លាយជាចន្ទល់កំណើនសេដ្ឋកិច្ចថ្មី ព្រមទាំងចូលរួមចំណែកលើកកម្ពស់ភាពប្រកួតប្រជែង និងជំរុញការធ្វើពិពិធកម្មសេដ្ឋកិច្ច និងលើកកម្ពស់សុខុមាលភាពរបស់ប្រជាជន នៃសង្គមឌីជីថលកម្ពុជា។ ក្របខណ្ឌគោលនយោបាយនេះ ក៏នឹងចាប់យកនូវកាលានុវត្តន៍ភាព និងសក្តានុពលទាំងឡាយពីវិស័យបច្ចេកវិទ្យាឌីជីថល សំដៅធ្វើយ៉ាងណាប្រើប្រាស់វិស័យបច្ចេកវិទ្យាឌីជីថល សម្រាប់ធ្វើការពង្រួញផ្លូវនិងពន្លឿនការអភិវឌ្ឍប្រទេស, និងការដោះស្រាយបញ្ហាប្រឈមនានា ដែលកំពុងមានស្រាប់ ក៏ដូចជាបញ្ហាប្រឈម និងផលប៉ះពាល់អវិជ្ជមាននានា ដែលអាចកើតមានឡើងជាយថាហេតុ ដោយសារឥទ្ធិពល នៃការប្រើប្រាស់បច្ចេកវិទ្យាឌីថីថល។ បន្ថែមលើនេះ ស្ថិតក្នុងបរិការណ៍នៃវិបត្តិជំងឺកូវីដ-១៩ ឯកសារគោលនយោបាយនេះ ក៏នឹងក្លាយជាឧបករណ៍មួយដ៏យ៉ាងសំខាន់ នៃផែនការស្តារសេដ្ឋកិច្ចក្រោយវិបត្តិកូវីដ-១៩ របស់កម្ពុជា ពោលគឺផ្តល់ការគាំទ្រ ទាំងដោយផ្ទាល់ និងប្រយោល ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការកសាងហេដ្ឋារចនាសម្ព័ន្ធឌីជីថលសម្បូរបែប, ឡូជីស្ទីក, ការទាក់ទាញវិនិយោគ, ការបង្កើតផលិតភាព និងការលើកកម្ពស់ភាពប្រកួតប្រជែងជាដើម។
នៅក្នុងកិច្ចប្រជុំនេះដែរ ឯកឧត្ដម វង្សី វិស្សុត រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានផ្តល់ណែនាំដល់ក្រុមការងារបន្តធ្វើការកែសម្រួល តាមស្មារតីនៃការពិភាក្សារបស់អង្គប្រជុំ ដើម្បីសម្រិតសម្រាំង និងសម្រួចឯកសារក្របខណ្ឌគោលនយោបាយនេះ ឱ្យកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ដោយផ្តោតបន្ថែមលើចំណុចគន្លឹះៗមួយចំនួនទៀត ដូចជា ការកសាងរដ្ឋាភិបាលឌីជីថល ដែលជាកាតាលី ក្នុងការជំរុញការប្រើប្រាស់ឌីជីថលនៅក្នុងសង្គម-សេដ្ឋកិច្ចកម្ពុជា, ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធទិន្នន័យ (Data) ព្រមទាំងការកសាងប្រព័ន្ធអេកូឡូស៊ី និងក្របខណ្ឌគតិយុត្តិជាដើម និងម្យ៉ាងទៀត ក៏ត្រូវធានាឱ្យមានសង្គតិភាព និងភាពឆ្លើយឆ្លងគ្នាផងដែរ រវាងក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ជាមួយនឹងក្របខណ្ឌឌីជីថលរបស់អាស៊ាន។ សេចក្តីព្រាងក្របខណ្ឌគោលនយោបាយនេះគ្រោងនឹងដាក់ជូនកិច្ចប្រជុំ ដែលនឹងដឹកនាំដោយឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានឧត្ដមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ពិនិត្យ និងសម្រេចនាពេលខាងមុខ ដើម្បីបន្តនីតិវិធីស្នើសុំការអនុម័តឯកសារគោលនយោបាយនេះពីរាជរដ្ឋាភិបាល។