រាជរដ្ឋាភិបាលបន្តគិតគូរដាក់ឱ្យអនុវត្តកម្មវិធីជំនួយសង្គមផ្សេងទៀត គាំពារគ្រួសារក្រីក្រ និងងាយរងគ្រោះ ពេលកម្មវិធីឧបត្ថម្ភសាច់ប្រាក់បញ្ចប់


(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងតែបន្តគិតគូរនូវការដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ប្រយោជន៍ដើម្បីគាំពារគ្រួសារក្រីក្រ និង ប្រជាជនងាយរងគ្រោះ នៅពេលដែលរាជរដ្ឋាភិបាល សម្រេចបញ្ចប់កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នាពេលណាមួយនោះ។

ការគិតគូរនេះត្រូវបានបង្ហាញចេញក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលរៀបចំឡើងនៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីភាព ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាជាតិគាំពារសង្គម។

នៅព្រឹកថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ បានបញ្ជាក់យ៉ាងដូច្នេះថា «អង្គប្រជុំបានផ្ដល់ការណែនាំអំពីជម្រើសជាយុទ្ធសាស្ត្រ ដែលអាចនឹងអនុវត្តក្រោយពីរាជរដ្ឋាភិបាល សម្រេចបញ្ចប់ កម្មវិធីជំនួយសង្គមពិសេសនេះនាពេលណាមួយ ក្នុងគោលដៅបន្តផ្ដល់ការគាំពារគ្រួសារក្រីក្រ ប្រជាជនងាយរងគ្រោះ ចៀសវាង ការបាត់បង់ អត្ថប្រយោជន៍គាំពារសង្គមទាំងស្រុង ក៏ដូចជាការបន្តគិតគូរដាក់ឱ្យអនុវត្តកម្មវិធីជាតិដទៃទៀត ស្របតាមក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ២០១៦-២០២៥»

អង្គប្រជុំក៏បានពិភាក្សា និងផ្ដល់ទិសដៅសម្រាប់ការគិតគូរ ពង្រឹងការផ្ដល់សេវាថែទាំសុខភាព ក៏ដូចជាការរៀបចំរបបសោធន សម្រាប់វិស័យសាធារណៈ ដែលអាចឆ្លើយតបបាននឹងគោលការណ៍ ដែលអាចអនុវត្ត បានប្រសើរ មានប្រសិទ្ធភាពថវិកា និងធានាបាននូវចីរភាព។

កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការ កាលពីថ្ងៃទី ២៤ ខែ មិថុនា ឆ្នាំ ២០២០ កន្លងទៅ។

ក្រសួងសេដ្ឋកិច្ចបានបញ្ជាក់ថា គិតត្រឹមខែមករា ឆ្នាំ ២០២១ នេះ មានគ្រួសារក្រីក្រសរុបចំនួន ៧១០ ៩២៩ បានទទួលប្រាក់ឧបត្ថម្ភ ក្នុងនោះ ទីប្រជុំជនក្នុងរាជធានីភ្នំពេញមានចំនួន ៦ ៤២១ គ្រួសារ ទីប្រជុំជនក្រៅពីរាជធានីភ្នំពេញមានចំនួន ៣២ ៦៩៣ គ្រួសារ និងជនបទមានចំនួន ៦៧១ ៨១៥ គ្រួសារ ដែលគិតត្រឹមថ្ងៃទី ២៤ ខែ មករា ឆ្នាំ ២០២១ មានប្រជាជនចំនួនប្រមាណ ២,៨ លាននាក់ នៅទូទាំងប្រទេស បានទទួលផលពីកម្មវិធីឧបត្ថម្ភសាច់បា្រក់នេះ ។

កាលពីពេលថ្មីៗកន្លងទៅនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រកាសបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ពិសេសេនេះ រហូតដល់ខែ មីនា ឆ្នាំ ២០២១ ដោយបន្តតាមដាន និងសិក្សាអំពីការវិវឌ្ឍនៃស្ថានភាពការរីករាលដាល និងផលប៉ះពាល់ នៃជំងឺកូវីដ-១៩ ដើម្បីមានមូលដ្ឋានក្នុងការសម្រេចគោលនយោយបាយពាក់ព័ន្ធនឹងការបន្តការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់នេះ និងធានាបានថាគ្រួសារក្រីក្រ និងងាយរងគ្រោះ បន្តទទួលបាននូវកិច្ចគាំពារសង្គមរបស់រាជរដ្ឋាភិបាល ជាពិសេស ក្នុងបរិការណ៍នៃការរីករាលដាលនៃជំងឺកូវីដ-១៩ ។

ជាមួយគ្នានេះ អង្គប្រជុំបានផ្ដល់យោបល់ និងណែនាំបន្ថែម ដើម្បីធ្វើឱ្យសេចក្ដីព្រាងអនុក្រឹត្យ ស្តីពីរបបសន្តិសុខសង្គម ផ្នែកប្រាក់សោធនសម្រាប់បុគ្គលទាំងឡាយ ដែលស្ថិតនៅក្រោមបទប្បញ្ញត្តិ នៃច្បាប់ស្តីពីការងារនេះ ប្រសើរឡើង ឆ្លើយតបទៅនឹងគោលដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងការផ្ដល់ការគាំពារប្រកបដោយប្រសិទ្ធភាព និងចីរភាព ដល់កម្មករនិយោជិត មុននឹងគោរពស្នើសុំការសម្រេចពីសម្ដេចតេជោ ហ៊ុន សែន៕