ក្រុមប្រឹក្សាខេត្តសៀមរាប បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់នៅស្រុកអង្គរជុំ


សៀមរាប នៅថ្ងៃ១១កើត ខែផល្គុនឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបរិវេណសាលាស្រុកអង្គរជុំ ខេត្តសៀមរាប ក្រុមប្រឹក្សាខេត្តបានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ ក្រោមការដឹកនាំរបស់ឯកឧត្ត ម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ពិន ប្រាកដ អភិបាលរងនៃគណៈអភិបាលខេត្ត រួមជាមួយមន្រ្តីជំនាញថ្នាក់ខេត្ត ផ្នែកឯកជនដែលពាក់ព័ន្ធ មន្រ្តីថ្នាក់មូលដ្ឋាន ប្រជាពល រដ្ឋ គ្រូបង្រៀន និងសិស្សានុសិស្សមកពីស្រុកចំនួនពីរ គឺស្រុកអង្គរជុំ និងស្រុកវ៉ារិន ដែលមានអ្នកចូលរួមប្រមាណ ៣៩៦នាក់។ ស្ថិតក្រោមការប្រតិបត្តិទៅតាមការណែនាំ និងវិធានការរបស់ក្រសួងសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។

នៅក្នុងវេទិកានោះដែរ បានលើកឡើងពីទុក្ខកង្វល់របស់បងប្អូនដែលកើតមានឡើងនៅក្នុងមូលដ្ឋានស្រុកទាំងពីរ ដោយបានផ្តោតទៅលើបញ្ហា វិវាទដីធ្លី ករណីតម្លៃប្រេង តម្លៃអគ្គិសនី ប្រព័ន្ធធារាសាស្ត្រ បញ្ហាផ្លូវជនបទវិស័យអប់រំ (កង្វះអគារសិក្សា និងគ្រូបង្រៀន) និងមណ្ឌលសុខភាព។

ឆ្លងតាមការបកស្រាយបំភ្លឺនូវរាល់ទុក្ខកង្វល់របស់សមាជិកអង្គវេទិកាដែលបានលើកឡើងរបស់បណ្តាមន្ទីរ អង្គភាព ដែលមានការពាក់ព័ន្ធរួចមក ឯកឧត្តម ពិន ប្រាកដ បានលើកឡើង អំពីគំនិតផ្តួចផ្តើមរបស់អភិបាលខេត្តសៀមរាប (ឯកឧត្តម ទៀ សីហា) ដែលបានបង្ហាញនៅក្នុងកិច្ចប្រជុំសាមញ្ញលើកទី២១ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ដែលថា ចាប់ពីពេលនេះតទៅ គប្បីបញ្ឈប់ការលើកគម្រោងស្ថាបនាផ្លូវក្រាលក្រួសក្រហមនៅមូលដ្ឋាន ដោយការធ្វើកំណែទម្រង់ថ្មី ដោយការប្រើប្រាស់គម្រោងសាងសង់ផ្លូវបេតុងវិញ តាមលទ្ធភាពដែលអាចធ្វើបាន។ដើម្បីអភិវឌ្ឍន៍បណ្តាញផ្លូវជនបទ ដែលជាបទដ្ឋានថ្មីសម្រាប់អនាគត។ ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើ ណែនាំដល់អាជ្ញាធរមូលដ្ឋាន កងកម្លាំង និងប្រជាពលរដ្ឋ ត្រូវគោរពឱ្យបាននូវវិធានការ ៣កុំ និង ៣ការពារ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលបានកើតឡើងនៅក្នុងព្រឹត្តិការណ៍២០កុម្ភៈនេះ។

នៅក្នុងអង្គវេទិកានោះដែរ ឯកឧត្តម អ៊ាន ឃុន បានមានប្រសាសន៍ថា ក្នុងបរិបទនៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់គឺជាកាលានុវត្តភាព ដើម្បីផ្តល់ឱកាសឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់បានឈ្វេងយល់អំពីស្ថានភាពទូទៅ នៃការអភិវឌ្ឍខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ ព្រមទាំងបញ្ហាប្រឈមនានា ដែលបានកើតមានរយៈពេលកន្លងមក និងបានផ្តល់ឱកាសផងដែរ ជូនបងប្អូនប្រជាពលរដ្ឋ អ្នកពាក់ព័ន្ធ បានបញ្ចេញមតិរបស់ខ្លួនអំពីក្តីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្តែងក្នុងមូលដ្ឋាន។ ព្រឹត្តិការណ៍នាថ្ងៃនេះ វាក៏ជាយន្តការមួយក្នុងការពង្រឹងនីតិរដ្ឋ និង អភិបាលកិច្ចល្អនៅមូលដ្ឋាន។

ឯកឧត្តម អ៊ាន ឃុន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះវាគ្មិនតំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត ដែលបានធ្វើការបកស្រាយ បំភ្លឺ ឆ្លើយតបទៅនឹងសំណួរ កង្វល់របស់បងប្អូនប្រជាពលរដ្ឋ ផ្ទាល់មាត់មានចំនួន៩សំណួរ និងសំណូមពរ និងលាយលក្ខណ៍អក្សរចំនួន៨សំណួរនិងសំណូមពរ ដែលពាក់ព័ន្ធទៅនឹងការងារធារាសាស្ត្រ សាលារៀន អគ្គិសនី និងហេដ្ឋារចនាសម្ព័ន្ធ។ អង្គវេទិកាសូមរក្សាសិទ្ធិរក្សាទុកសំណួរ និងកង្វល់ដែលអង្គវេទិកានាពេលនេះ ពុំទាន់អាចបកស្រាយបំភ្លឺបាន ក្រុមប្រឹក្សាខេត្តនឹងយកសំណួរ និងកង្វល់ទាំងនេះទៅពិនិត្យពិភាក្សា ក្នុងក្របខ័ណ្ឌក្រុមប្រឹក្សាខេត្ត ហើយនឹងធ្វើការឆ្លើយតប និងជម្រាបជូនដំណឹងជាលាយល័ក្ខអក្សរ ដល់ម្ចាស់សំណួរ បងប្អូនប្រជាពលរដ្ឋ តាមកាលវេលាសមគួរ តាមរយៈមេឃុំ ក្រុមប្រឹក្សាឃុំ តាមមូលដ្ឋានដែលបងប្អូនរស់នៅ៕