ផ្លូវជាតិលេខ៧៨-៥ ប្រវែងជាង ១គីឡូម៉ែត្រ ក្នុងក្រុងបានលុង ត្រូវបានបើកការដ្ឋានជួសជុលឡើងវិញ


(រតនគិរី)៖ កំណាត់ផ្លូវជាតិលេខ៧៨-៥ ប្រវែង ១,៦៥០ម៉ែត្រ ទទឹង១៤ម៉ែត្រ ចាប់ពីចំណុចមុខផ្សារទំនើបស៊ីត្រា ដល់ចំណុចមុខសណ្ឋាគារ SN បឹងកំសាន្ត ស្ថិតនៅសង្កាត់ បឹងកន្សែង ក្នុងក្រុងបានលុង បានបើកការដ្ឋានជួសជុលឡើងវិញនៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមអធិបតីភាពឯកឧត្តម ថង សាវុន អភិបាលខេត្តរតនគិរី។

លោក សាយ សាមាន ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី បានលើកឡើងថា ការជួសជុលផ្លូវនេះជាប្រភេទគ្រឹះថ្មម៉ិច និងក្រាលកៅស៊ូពីរជាន់ (DBST) ដោយប្រើប្រាស់កញ្ចប់ថវិកាជាតិ តាមរយៈក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុអនុវត្តគម្រោងជួសជុលឡើងវិញដោយមន្ទីរ សាធារណការ និងដឹកជញ្ជូនខេត្តរតនគិរី។ ផ្លូវនេះជាផ្លូវមួយយ៉ាងសំខាន់សំរាប់ការ អភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងក្រុងបានលុង ហើយបានតភ្ជាប់ឆ្ពោះទៅបណ្ដាស្រុកអូរជុំ វើនសៃ និងស្រុកតាវែង ដែលមានចរាចរណ៍យ៉ាងមមារញឹក។

លោក សាយ សាមាន បានស្នើឲ្យប្រជាពលរដ្ឋក្នុងក្រុងបានលុង ជាពិសេសអ្នកដែលរស់នៅសងខាងតាមបណ្តោយផ្លូវជាតិ៧៨-៥ ទាំងអស់ចូលរួមបង្ករលក្ខណៈងាយស្រួល និងផ្តល់កិច្ចសហការជាមួយមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តដើម្បីជំរុញឲ្យគម្រោងជួសជុលនេះ អាចដំណើរការបានដោយរលូន និងសំរេចជោគជ័យតាមការគ្រោងទុក។

ក្នុងឱកាសនោះឯកឧត្តម ថង សាវុន បានចាត់ទុកហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ស្ពាន ដែលជាសសៃឈាមក្នុងការជម្រុញកំណើនសេដ្ឋកិច្ចជាតិ និងការកាត់បន្ថយ ភាពក្រីក្ររបស់ប្រជាពលរដ្ឋ តាមរយៈការដឹកជញ្ជូនកសិផលផ្សេងៗ ដែលប្រមូលផលបានទៅកាន់ទីផ្សារ ក៏ដូចជា ការងាយស្រួលក្នុងការដឹកសំភារៈឧបភោគបរិភោគ និងសំភារៈសំណង់ ដែលផ្គត់ផ្គង់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ពលរដ្ឋ។

ឯកឧត្តម ថង សាវុន បន្តថា ដើម្បីដំណើរការជួសជុលផ្លូវនេះឱ្យទទួលបានជោគជ័យ សូមសំណូមពរដល់ប្រជាពលរដ្ឋមេត្តាជួយសហការ កុំដឹកជញ្ជូនសំពីងសំពោង និងដឹកគ្រួស ថ្ម ខ្សាច់ដោយគ្មានការវេចខ្ចប់ឱ្យបានត្រឹមត្រូវ ពិសេសអាជ្ញាធរដែនដី មេត្តាផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋរបស់ខ្លួនដែលរស់នៅ តាមបណ្តោយផ្លូវសូមចូលរួមសហការសម្របសម្រួលរាល់បញ្ហាដែលប៉ះពាល់ដល់ផលប្រយោជន៍របស់បងប្អូនប្រជាពលរដ្ឋ។

ទាក់ទងនឹងស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ លោកអភិបាលខេត្ត ក៏បានសំណូមពរដ៏ប្រជាពលរដ្ឋទាំងអស់ដែលធ្វើដំណើរលើដងផ្លូវ សូមនាំគ្នាគោរពច្បាប់ចរាចរណ៍ ឲ្យបានគ្រប់ៗគ្នា ដើម្បីធានា ការពារ អាយុជីវិតក្នុងពេលធ្វើដំណើរបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់ បើកម៉ូតូត្រូវពាក់មួកសុវត្ថិភាព និងបើកបរ មិនលើសល្បឿនកំណត់ បើពុំនោះទេនិងត្រូវទទួលការផាកពិន័យ។

ឯកឧត្តម ថង សាវុន បានអំពាវនាវដល់ប្រជាពលរដ្ឋក្នុងខេត្តរតនគិរី បន្តការថែរក្សាការពារខ្លួន បើមិនមានការចាំបាច់ទេសូមកុំធ្វើដំណើរទៅភ្នំពេញ ពីព្រោះថា ទីក្រុងភ្នំពេញកំពុងមានការផ្ទុះជំងឺកូវីដ-១៩ ក្នុងសហគមន៍ និងត្រូវគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាលនូវវិធានការ ៣កុំ ៣ការពារ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងជំងឺដ៏កាចសាហាវនេះ៕