ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ណែនាំមន្ត្រីក្រោមឱវាទ ត្រូវពិនិត្យលំហូរការងារឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ


(សៀមរាប)៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានណែនាំឱ្យមន្ត្រីក្រោមឱវាទក្រសួង ក៏ដូចជាមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានី-ខេត្ត ត្រូវពិនិត្យឡើងវិញ នូវនីតិវិធីលំហូរការងាររបស់ខ្លួនឱ្យបានគ្រប់ជ្រុងជ្រោយ ដើម្បីតាមដានការងារដែលត្រូវធ្វើការងារគួរធ្វើ ការងារមិនត្រូវធ្វើ កាត់បន្ថយលំហូរ ការងារស្មុគស្មាញ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការបំពេញការងាររបស់ខ្លួន។

ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានណែនាំដូចនេះនៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ នៅសាលាខេត្តសៀមរាប ក្នុងពិធីសំណេះសំណាលជាមួយមន្ត្រីរាជការ បុគ្គលិក និងកម្មករ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប ដោយមានការចូលរួមពីប្រធានក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែន ថ្នាក់ដឹកនាំមន្ត្រីរាជការជុំវិញខេត្ត បុគ្គលិក និងកម្មកនៃមន្ទីរសាធារណការ និងដឹកជញ្ជូនសរុបប្រមាណ១៥០នាក់។

ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានស្នើឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប សហការជាមួយក្រសួងលើកគម្រោងបណ្ដុះបណ្ដាលធនធានមនុស្ស លើវិស័យ សាធារណការ និងដឹកជញ្ជូន នៅវិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូន ដែលត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២១កន្លងទៅ។

ឯកឧត្តមទេសរដ្ឋមន្ត្រី  ស៊ុន ចាន់ថុល ក៏បានជម្រាបជូនផងដែរថា ក្រសួងកំពុងរៀបចំកម្មវិធីសិក្សាវគ្គបណ្ដុះបណ្ដាលខ្លីៗ ដើម្បីពង្រឹងសមត្ថភាពធនធានមនុស្សរបស់ក្រសួង ក៏ដូចជាមន្ទីរសាធារណការរាជធានី-ខេត្ត ឱ្យកាន់តែមានជំនាញបច្ចេកទេសខ្ពស់ថែមទៀត ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធរូបវន្តរបស់កម្ពុជាឱ្យកាន់តែមានការ រីកចម្រើនថែមទៀត។

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី ក៏បានរំលឹកឡើងវិញអំពីប្រធានបទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២១ ដែលផ្ដោត ជាសំខាន់ទៅលើការអនុវត្តការងារ ប្រកបដោយគុណភាពទាំងផ្នែករឹង និងផ្នែកទន់ និងបានណែនាំឱ្យមន្ត្រីក្រោមឱវាទកុំធ្វើអ្វីមួយឲ្យរួចពីដៃ ត្រូវតាមដានត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តការងារឱ្យបានត្រឹមត្រូវ ធ្វើឱ្យឆាប់ ធ្វើឱ្យបានលឿន ប្រកបដោយគុណភាពទាំងការផ្តល់សេវា សាធារណៈ ទាំងការកសាង ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត ដើម្បីឱ្យប្រជាពលរដ្ឋសប្បាយចិត្ត៕