សម្តេច សាយ ឈុំ អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក


ក្នុងពិធីសម្ពោធព្រះវិហារ និងសមិទ្ធផលនានា ក្នុងវត្តអង្គបឹងចក សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៧ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងជម្រាបអង្គពិធីថា “វត្តអង្គបឹងចក ក៏ដូចជាវត្តនានា ក្នុងព្រះរាជាណាចក្រកម្ពុជាយើងផងដែរ គឺត្រូវបានកំទេចដល់ឬសគល់ ដោយសារសង្គ្រាម និងរបបប្រល័យពូជសាសន៍ប៉ុលពត តាមរយៈមហាជ័យជម្នះ នាថ្ងៃទី៧ មករា ១៩៧៩ និងក្រោមការដឹកនាំដ៏ត្រឹមត្រូវ ឈ្លាសវៃ និងប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី វិស័យ ជំនឿ និងសាសនា វត្តអារ៉ាម ទីសក្ការៈបូជានានា ត្រូវបានរស់ឡើងវិញ។ កម្ពុជាយើងទទួលបានសុខសន្តិភាពពេញលេញ ទើបតែជាង១៩ឆ្នាំប៉ុណ្ណោះតែយើងមានការអភិវឌ្ឍរីកចម្រើន ទាំងផ្នែកអាណាចក្រ និងផ្នែកពុទ្ធចក្រ គួរជាទីមោទនៈ វិស័យព្រះពុទ្ធសាសនា បានរួមចំណែកយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គម ព្រះពុទ្ធសាសនា ក៏ជាមាគ៌ាដ៏ប្រពៃ ក្នុងការបំបាត់អំពើហឹង្សា ការប្រទូស្តរ៉ាយ ការប្រព្រឹត្តអំពើទុច្ចរិត និងអំពើអានាចារ្យផ្សេងៗ… ព្រះពុទ្ធសាសនា នៅកម្ពុជាធានាបាននូវសុខដុមនីកម្ម រវាងជំនឿ និងសាសនា ទាំងអស់ដោយគ្មានការរើសអើង និងគ្មានជម្លោះសាសនាឡើយ”។
សម្តេចប្រធានព្រឹទ្ធសភា បានអំពាវនាវ សូមអាជ្ញាធរគ្រប់ថ្នាក់ ពុទ្ធបរិស័ទ និងប្រជាជនយើងទាំងអស់ចូលរួមថែរក្សាការពារអភិរក្ស និងបន្តអភិវឌ្ឍវត្តអង្គបឹងចករបស់យើង អោយមានការរីកចម្រើនប្រកបដោយចីរភាព ដើម្បីជាគុណប្រយោជន៍សម្រាប់បម្រើអោយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ និងជាទីពឹងអាស្រ័យរបស់ពុទ្ធសាសនិកយើងទាំងខាងផ្លូវលោក ទាំងផ្លូវធម៌ ទាំងក្នុងពេលបច្ចុប្បន្ន និងទៅអនាគត។ ព្រមជាមួយគ្នានេះដែរ សម្តេចក៏បានអំពាវនាអោយបងប្អូនប្រជាពលរដ្ឋ មេត្តាអញ្ជើញទៅបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណត្តិទី៤ នៅថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០១៧ខាងមុខនេះ អោយបានគ្រប់ៗគ្នា។ សម្តេចបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ សិទ្ធិផ្ទាល់ខ្លួន បោះឆ្នោតជូនគណបក្សណាដែលបងប្អូនស្រលាញ់ជឿទុកចិត្ត និងដែលស្គាល់ទុក្ខលំបាករបស់ប្រជាពលរដ្ឋ ហើយដែលតែងតែនៅជាមួយបងប្អូនក្នុងគ្រប់កាលៈទេសៈ។ ការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាការបោះឆ្នោតជ្រើសរើសតំណាងរបស់បងប្អូននៅថ្នាក់មូលដ្ឋាន និងនាំមកនូវការអភិវឌ្ឍន៍នៅក្នុងមូលដ្ឋាន ដែលបងប្អូនកំពុងរស់នៅ អោយមានការរីកចម្រើនកាន់តែប្រសើរឡើងសម្រាប់អនាគត។