អភិបាលខេត្តកំពត ចុះពិនិត្យគម្រោងការដ្ឋានសាងសង់ផ្លូវបេតុង ក្នុងសង្កាត់កំពង់បាយ ក្រុងកំពត


(កំពត)៖ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធ ចុះពិនិត្យដល់ការដ្ឋានគម្រោងកសាងផ្លូវបេតុងសរសៃដែកមួយខ្សែ ស្ថិតក្នុងសង្កាត់កំពង់បាយ ក្រុងកំពត។

ក្នុងឱកាសនោះ ឯកឧត្តម ជាវ តាយ បានណែនាំដល់ជំនាញ អាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ និងក្រុមហ៊ុនសាងសង់ធ្វើយ៉ាងណាសហការគ្នាឱ្យបានល្អ ក្នុងដំណើរការសាងសង់ឱ្យបានល្អ ប្រកបដោយលក្ខណៈបទដ្ឋានបច្ចេកទេសត្រឹមត្រូវ ហើយបង្កើនការជំរុញអនុវត្តឱ្យបានឆាប់ចប់ មុនឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរជិតចូលមកដល់ខាងមុខនេះ។

ឯកឧត្តមអភិបាលខេត្ត ក៏បានក្រើនរំឮកដល់ចៅសង្កាត់ និងអភិបាលក្រុងកំពត ក្រៅពីការស្ថាបនាផ្លូវមួយខ្សែនេះ ហើយត្រូវសិក្សាលើគម្រោងផ្លូវនានាថែមទៀត ពិសេសក៏ត្រូវយកចិត្តទុកដាក់ រៀបចំសណ្ដាប់ធ្នាប់អនាម័យ លើដងផ្លូវក្នុងក្រុង រួមនឹងការយកចិត្តទុកដាក់ធ្វើការឈូសឆាយ ពង្រាបផ្លូវ សម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋតាមដងផ្លូវឱ្យមានលក្ខណៈល្អប្រសើរឡើងថែមទៀត។

ផ្លូវមួយខ្សែនេះ គឺជាផ្លូវលេខ៧០១ បំបែកចេញពីផ្លូវជាតិលេខ៣ ភ្ជាប់ទៅផ្លូវបេតុង ជាយខាងជើងក្រុងកំពត ស្របនឹងផ្លូវរថភ្លើង មានប្រវែងប្រមាណជាង ៩០០ម៉ែត្រ ទទឹងមានទំហំ១២ម៉ែត្រ មានកំរាស់២តឹក មានលូអមសងខាងទំហំមាត់កាត់៨តឹក ជាគម្រោងថវិការបស់រដ្ឋបាលខេត្ត អនុវត្តគម្រោងដោយកងវិស្វកម្ម។

ផ្លូវនេះ អាចចាត់ទុកជាផ្លូវមួយមានសារសំខាន់ ក្នុងការសម្រួលបញ្ចៀសការកកស្ទះចរាចរណ៍ ក៏ដូចជាការសម្រួលធ្វើឱ្យប្រសើរឡើង ទាំងសណ្ដាប់ធ្នាប់ អនាម័យបរិស្ថានក្រុង សម្រាប់ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវនេះ៕