ខេត្តកំពង់ឆ្នាំង បើកយុទ្ធនាការចាក់វ៉ាក់ សាំងកូវីដ-១៩ ចំនួន៧២៥០ដូស ជូនមន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជួរមុខ


មន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១ ខែមិនា ឆ្នាំ២០២១នេះ បាននាំគ្នាចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីខេត្តកំពង់ឆ្នាំង បានទទួលវ៉ាក់សាំងការពារជំងឺវីដ-១៩ ពីក្រសួងសុខាភិបាលចំនួន៧២៥០ដូស កន្លងមកថ្មីៗនេះ។

លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្នុងពេលដឹកនាំមន្ត្រីនគរបាល មកចាក់ថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី១ ខែមិនា នេះ បានឲ្យដឹងថា តាមផែនការរបស់ខេត្ត លោកបាននាំស្នងការរង នាយការិយាល័យចំណុះស្នងការ និងអធិការគ្រប់ស្រុកជាមន្ត្រីនគរបាលជួរមុខសរុបចំនួន ៥០នាក់ មកចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ តាមការណែនាំរបស់ថ្នាក់លើ។ រីឯមន្ត្រីនគរបាលផ្សេងៗទៀត នឹងត្រូវមកចាក់វ៉ាក់សាំងនេះជាបន្តបន្ទាប់ ទៅតាមគោលការណ៍របស់ថ្នាក់លើផងដែរ។

លោកវេជ្ជបណ្ឌិត ប្រាក់ វ៉ុន ប្រធានមន្ទីរសុខាភិបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា កន្លងមកថ្មីៗនេះតាមការប្រជុំរបស់មន្ទីរសុខាភិបាលខេត្តកំពង់ឆ្នាំង បានទទួលវ៉ាក់សាំងការពារជំងឺ-១៩ ចំនួន២៧៥០ដូស ដើម្បីចាក់ឲ្យមន្ត្រីរាជការនៅក្នុងខេត្ត។

ដោយឡែកនៅព្រឹកថ្ងៃទី១ ខែមិនានេះ គឺជាយុទ្ធនាការជំហានទី១ ដែលនឹងចាក់ជូនមន្ត្រីនគរបាល និងមន្ត្រីសុខាភិបាលជួរមុខជាអាទិភាព។ លោកបន្តថា នៅក្នុងខេត្តកំពង់ឆ្នាំង មានមន្ទីរពេទ្យចំនួន៣ ដែលនឹងដំណើរការចាក់ វ៉ាក់សាំងកូវីដ-១៩ ក្នុងនោះមានមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកស្រុកបរិបូរណ៌ និងមន្ទីរពេទ្យបង្អែកស្រុកកំពង់ត្រឡាច។

សម្រាប់ខេត្តកំពង់ឆ្នាំង លោកប្រធានមន្ទីរបានឲ្យដឹងថា ដំណើរការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ ចាប់ពីថ្ងៃទី០១ ខែមិនា ឆ្នាំ២០២១ នេះតទៅ។ លោកបន្ថែមថា ឯការចាក់វ៉ាក់សាំងជាលើកទី២ ជូនមន្ត្រីដែលបានចាក់លើកទី១ គឺត្រូវធ្វើបន្តក្រោយពីចាក់លើកទី១ បានរយៈ១៤ថ្ងៃយ៉ាងតិច និងមិនឲ្យលើសពីរយៈពេល ២៨ថ្ងៃផងដែរ។

តាមការសង្កេតរបស់ក្រុមអ្នកយកព័ត៌មាន ក្នុងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩នេះ ក្នុងមន្ត្រីម្នាក់ ត្រូវចំណាយពេលវេលាប្រមាណ១០ ទៅ១៥នាទី ក្នុងការពិនិត្យឈាម វាស់កំដៅ ពិគ្រោះជំងឺ និងធ្វើឯកសារផ្សេងៗសិន ទើបធ្វើការចាក់វ៉ាក់សាំងជូន។ ដូច្នេះក្នុងមួយថ្ងៃៗការចាក់វ៉ាក់សាំងជូនមន្ត្រីរាជការ មិនអាចលើសពីចំនួន ៥០នាក់នោះឡើយ។

ជាមួយគ្នានេះដែរ អ្នកដែលមានសម្ពាធឈាមខ្ពស់ ជាតិស្ករឡើងខ្ពស់ និងជំងឺផ្សេងៗប្រចាំកាយត្រូវធ្វើការពិគ្រោះជាមួយគ្រូពេទ្យជាមុនសិន មុនធ្វើការស្ម័គ្រចិត្តចាក់វ៉ាក់សាំងកូវីដ១៩នេះ៕