សម្តេចតេជោ ហ៊ុន សែន សម្រេចឱ្យជនបរទេស ជាមន្រ្តីការទូត ដៃគូអភិវឌ្ឍ និងអង្គការសង្គមស៊ីវិល ចាក់វ៉ាក់សាំងដោយឥតគិតថ្លៃ


សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១នេះ បានសម្រេចអនុញ្ញាតឲ្យជនបទេសនៅកម្ពុជា ដែលជាមន្ត្រីការទូត មន្ត្រីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ អាចចាក់វ៉ាក់សាំងនៅកម្ពុជាបានដោយឥតគិតថ្លៃ។

សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ទៀតថា មន្ត្រីការទូត មន្ត្រីរបស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងមន្ត្រីអង្គការដៃគូអភិវឌ្ឍន៍ទាំងអស់ មានសិទ្ធិក្នុងការជ្រើសរើសយកវ៉ាក់សាំង ដែលខ្លួនពេញចិត្តបានដែលមាន Astra Zeneca និង Sinopharm។

ការថ្លែងរបស់សម្តេចតេជោ ហ៊ុន សែន ធ្វើឡើងក្នុងសន្នីសីទសារព័ត៌មាន នៃការអញ្ជើញចាក់វ៉ាក់សាំង Astra Zeneca ជាមួយសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាលជាច្រើនរូប នៅមន្ទីរពេទ្យកាល់ម៉ែត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា «ជនបរទេសដែលជាអ្នកការទូត ជាតំណាងអង្គការក្រៅរដ្ឋាភិបាលបរទេស តំណាងស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ និងដៃគូអភិវឌ្ឍន៍ដទៃទៀត គឺទទួលយកវ៉ាក់សាំងតាមជម្រើស ដែលអនុញ្ញាតឲ្យមានការជ្រើសរើស ដែលចំនួនជបរទេសទាំងនោះក៏មិនច្រើនប៉ុន្មានដែរ ហើយសូមបញ្ជាក់ថា យើងចាក់មិនយកលុយនោះទេ»

ខុសពីជនបរទេស សម្រាប់ប្រជាជនខ្មែរ គឺត្រូវកំណត់អាយុ សម្រាប់ការចាក់វ៉ាក់សាំងទាំង២ប្រភេទ ដែលបានមកដល់កម្ពុជា។ ប្រជាជនខ្មែអាយុចាប់ពីដល់១៨ឆ្នាំ ដល់៥៩ឆ្នាំ ត្រូវកំណត់ឲ្យចាច់វ៉ាក់សាំង Sinopharm។ ចំណែកអាយុចាប់ពី៦០ឆ្នាំ ត្រូវចាក់វ៉ាក់សាំង Astra Zeneca ។

គួរជម្រាបថា ក្រសួងសុខាភិបាលបញ្ជាក់ថា គិតចាប់ពីថ្ងៃទី១០ ខែកុម្ភៈ រហូតដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ការចាក់វ៉ាក់សាំងកូវីដ១៩ ស៊ីណូហ្វាមរបស់ចិន បានអ្នកចាក់លើកទី១ សរុបចំនួន៖ ៤០,៩១០នាក់ និងអ្នកចាក់លើកទី២ សរុបចំនួន៖ ១៥៣៣នាក់៕